ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ(CTM)លើកទី៣ ត្រៀមធ្វើនៅសណ្ឋាគារសុខាភ្នំពេញ

612
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឬហៅកាត់ថា CTM (Cambodia Travel Mart) គឺជាព្រឹត្តិការណ៍ជួបជុំគ្នាដ៏សំខាន់បំផុតរវាង​អ្នកលក់ (Buyer) និងអ្នកទិញកញ្ចប់ទស្សនកិច្ចទេសចរណ៍ (Saler) ពិសេសគឺការលក់កញ្ចប់ទស្សនកិច្ចនៅកម្ពុជាទៅឱ្យក្រុមហ៊ុន ឬទីភ្នាក់ងារ​ទេសចរណ៍​នៅក្រៅប្រទេស ដែលក្រុមហ៊ុនលក់កញ្ចប់ទស្សនកិច្ចទាំងឡាយនៅ​កម្ពុជាគួរតែក្តាប់នូវឱកាសនេះឱ្យបាន។

នេះជាចំណុចពិសេសដែលមជ្ឈដ្ឋាននានាកំពុងមានការចាប់អារម្មណ៍ ពិសេសគឺ​ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ បន្ទាប់ពីព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះ ត្រូវបានរៀបចំឡើងជោគជ័យចំនួន២លើកមកហើយ ក្រោមការសហការរវាង​វិស័យរដ្ឋ និងឯកជន ពោលគឺវាបានរៀបចំបង្កើតឡើងដោយស្នាដៃប្រជាជាតិខ្មែរ​ខ្លួនឯងផ្ទាល់តែម្ដង។

នៅថ្ងៃទី១១-១៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ក្រសួងទេសចរណ៍ និង​ក្រុមហ៊ុន Slick Booth Events Public & Relations នៅតែសហការគ្នា​ធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ (CTM 2019) ដែលលើកនេះនឹងមានអ្វីពិសេសលើសពីលើកមុនៗទៅទៀត។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឆ្នាំ២០១៩ (CTM 2019) ដែលបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា តាមការគ្រោងទុក ព្រឹត្តិការណ៍ CTM 2019 នេះ នឹងមានការ​ចូលរួមពីពីក្រុមហ៊ុន ឬទីភ្នាក់ងារទេសចរណ៍ ឬហៅថាជាអ្នកទិញ (Buyer) ជាច្រើនមកពីប្រមាណ៦០ប្រទេសជុំវិញពិភពលោក។ រីឯក្រុមអ្នកលក់​កញ្ចប់ទស្សនកិច្ចទេសចរណ៍ ឬហៅថា Saler នោះ គឺភាគច្រើនជាក្រុមហ៊ុននៅ​ក្នុងប្រទេស និងខ្លះទៀតមកពីប្រទេសនានាក្នុងតំបន់អាស៊ាន។

ក្រៅពីអ្នកលក់ និងអ្នកទិញ ព្រឹត្តិការណ៍ CTM 2019 ក៏នឹងមានការចូលរួមពី​សំណាក់អ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ១៥០នាក់ ដែលមកពីអង្គភាព​ព័ត៌មានផ្សេងៗជុំវិញពិភពលោក។ ពួកគេនឹងរំលេចនូវអ្វីដែលមាននៅកម្ពុជា ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក ដូចជា តំបន់ទេសចរណ៍នានា​នៅកម្ពុជាជាដើម។

នេះជាការផ្ដល់ឱកាសមាសដល់ក្រុមហ៊ុន សមាគម ឬទីភ្នាក់ងារទេសចរណ៍​ទាំងឡាយក្នុងប្រទេសកម្ពុជា (Saler) មានលទ្ធភាពច្រើនក្នុងការផ្សព្វផ្សាយ​ពីផលិតផលទេសចរណ៍ ឬលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ដែលខ្លួនមាន ទៅឱ្យក្រុមហ៊ុនទិញកញ្ចប់ទស្សនកិច្ចទេសចរណ៍ (Buyer) ដែលមកពីក្រៅ​ប្រទេសចូលរួមក្នុងព្រឹត្តិការណ៍ CTM នេះ។ ពួកគេនឹងអាចចាប់យកដៃគូថ្មីៗទៀត (Buyer) ដែលប្រតិបត្តិការអាជីវកម្មលើវិស័យទេសចរណ៍ ដែលសុទ្ធសឹងជា​ដៃគូល្អៗមកពីអន្តរជាតិ។

នេះក៏ជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយដែរ ក្នុងការលើកកម្ពស់​កិត្យានុភាពប្រទេសកម្ពុជា បង្ហាញពីសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជំរុញ ឱ្យមានការអភិវឌ្ឍ ជំរុញឱ្យមានការវិនិយោគ ជំរុញឱ្យមាន​ការរីកចម្រើនផ្នែកវិស័យទេសចរណ៍ និងវិស័យដទៃទៀត និងជំរុញឱ្យមាន​ទំនាក់ទំនងពាណិជ្ជកម្មជាដើម។ ក្រៅពីនេះ ក៏ជាឱកាសបង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ ស្នាមញញឹមពីធម្មជាតិរបស់ប្រជាជនខ្មែរ របៀបរបបនៃការរស់នៅ ការទទួលបដិសណ្ឋារកិច្ចរបស់កម្ពុជាចំពោះអន្តរជាតិ ហើយអ្នកសារព័ត៌មាន​ទាំងនោះ នឹងរំលេចព័ត៌មានទាំងអស់នេះ។

លើសពីនេះ ក៏នឹងមានសិក្ខាសាលាដ៏ពិសេសមួយ ដែលមានការចូលរួមពី​វេគ្មិនល្បីៗមកពីជុំវិញពិភពលោក មកធ្វើបទបង្ហាញ ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកអ្វីដែលថ្មីៗពីវិស័យទេសចរណ៍ និងធុរកិច្ចទៅកាន់អ្នកចូលរួម ភាគីពាក់ព័ន្ធ ក៏ដូចជាយុវជនផងដែរ ពិសេសគឺនឹងមានបទបង្ហាញ​អំពីការ​អនុវត្តទីផ្សារតាមបច្ចេកវិទ្យាឌីជីផលទំនើប Digital Markting។

លោក សូ វិសុទ្ធី បានបន្ថែមថា «កាលណាក្រុមហ៊ុនក្នុងស្រុកចូលរួមលក់​ញ្ចប់ទស្សនកិច្ចទេសចរណ៍ និងផលិតផលទេសចរណ៍របស់ខ្លួនកាន់តែច្រើន ពួកគេនឹងលក់បានកាន់តែច្រើន ហើយទទួលបានដៃគូល្អៗគួរជាទីទុកចិត្ត​កាន់តែច្រើន»។

លោក ឱម ផារិន អគ្គនាយកក្រុមហ៊ុន Slick Booth Events Public & Relations បានឱ្យដឹងថា នៅឆ្នាំ២០១៨ មានស្ដង់ចំនួន១៧៣ស្ដង់ បានលក់នូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ និងផលិតផលទេសចរណ៍របស់​ខ្លួនអស់។ ឆ្នាំ២០១៩នេះ នឹងមានស្ដង់ពិព័រណ៍ចាប់ពី ២០០-២៥០ស្ដង់ និងមានពន្លាមួយចំនួនទៀតសម្រាប់សមាគមន៍ទីភ្នាក់ងារទេសចរណ៍ផងដែរ។

លោក ឱម ផារិន បានអំពាវនាវដល់ក្រុមហ៊ុនទេសចរណ៍ សមាគម ឬទីភ្នាក់ងារ​ទេសចរណ៍ សណ្ឋាគារ-ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន-អាហារដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍នានា សូមចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ CTM 2019 ខាងមុខនេះឱ្យបានច្រើនកុះករ ដើម្បីបង្កើនការលក់នូវកញ្ចប់ទស្សនកិច្ចទេស​ចរណ៍ ឬផលិតផលទេសចរណ៍ដែលខ្លួនមានក្នុងដៃ ពីព្រោះមិនងាយមាន​ព្រឹត្តិការណ៍​​ផ្សព្វផ្សាយ និងការជួបជុំរវាងអ្នកលក់-អ្នកទិញនៅ​ក្នុងប្រទេសផ្ទាល់​យ៉ាង​ដូច្នេះ​ឡើយ ហើយប្រសិនបើយើងទៅផ្សព្វផ្សាយនៅក្រៅ​ប្រទេសក៏ត្រូវ​ចំណាយច្រើន ហើយមិនប្រាកដថាទទួលបានដៃគូល្អៗទៀតផង។

ចំណែកឯលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ក៏បានប្ដេជ្ញាថានឹងកៀរគរសមាជិក និងដៃគូរបស់ខ្លួនចូលរួមក្នុង​ព្រឹត្តិការណ៍ CTM 2019 នេះឱ្យបានច្រើន ពីព្រោះមិនងាយនឹងទទួលបានឱកាស​ជួបជុំ និងផ្សព្វផ្សាយពីផលិតផលទេសចរណ៍នៅក្នុងប្រទេសបែបនេះឡើយ។

លោកស្រីបានលើកឡើងថា ក្រុមហ៊ុនទេសចរណ៍ សមាគម ឬទីភ្នាក់ងារ​ទេសចរណ៍ សណ្ឋាគារ-ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន-អាហារដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍នានាក្នុងស្រុក មិនគួរឱ្យឱកាសមាសនេះរសាត់ទៅបាត់​ឡើយ ពោលគឺត្រូវតែចាប់យកឱ្យបាន ដើម្បីបង្កើនការលក់ផលិតផលរបស់ខ្លួន​ផង និងដើម្បីការរីកចម្រើនវិស័យទេសចរណ៍ជាតិផង៕B/Ha