ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

1206
ចែករម្លែក

​ភ្នំពេញ​៖ នៅក្នុង​សប្តាហ៍​កន្លងមកនេះ មាន​ព្រឹត្តិការណ៍​ជាច្រើន​បានកើត​ឡើង ពិសេស​នៅ​ចុង​សប្តាហ៍ ជា​ព្រឹត្តិការណ៍​ជាតិ​ប្រចាំឆ្នាំ គឺ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន បាន​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ឆ្លង​ឆ្នាំ បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៨​។​

​កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​ប្រាប់​ឲ្យ​បុគ្គល ដែល​ចេញមុខ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មិន​ឲ្យ​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ត្រូវ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​របស់ខ្លួន​ជាបន្ទាន់​។ ក្រៅពីនោះ គ​.​ជ​.​ប បាន​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កំពុង​ប្រព្រឹត្តទៅ​ស្របតាម​ច្បាប់បោះឆ្នោត​។​

​ក្នុងឱកាស​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារលិខិត​ជូនពរ​ដល់​ជនរួមជាតិ​។ សម្តេច​តេ​ជោ បាន​ភ្ជាប់​នូវ​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខ​ផងដែរ​។ សម្តេច ក៏បាន​រំលេច​ឡើង​ថា កម្ពុជា​រក្សាបាន​នូវ​សន្តិភាព ឯករាជ្យ និង​អធិបតេយ្យភាព​របស់ខ្លួន ព្រមទាំង​បញ្ចៀស​បាន​នូវ​គ្រោះមហន្តរាយ​ជាថ្មី សម្រាប់​ពលរដ្ឋ​កម្ពុជា ដែល​កំពុងតែ​ចូលរួម​យ៉ាង​សស្រាក់សស្រាំ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​កិច្ច​អភិវឌ្ឍ​ប្រទេសជាតិ​។​

​កាលពី​រសៀល​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៨ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​និវត្ត​មកដល់​មាតុប្រទេស​វិញ​ហើយ​។ កាលពី​ថ្ងៃទី​០៦ ខែមេសា ព្រះអង្គ បាន​យាង​ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​យាង​ចូលរួម​សម្ពោធ​មហាសាល​ប្រជុំ Nalanda Mahavihara និង​បុណ្យ​រំលឹក​ខួប​លើក​ទី​៤ នៃ​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ​។ ព្រះរាជដំណើរ​របស់​ព្រះអង្គ គឺ​បាន​ពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន កាន់តែ​ជិតស្និទ្ធ​ល្អប្រសើរ​ថែមទៀត​។

​កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែមេសា រដ្ឋសភា​បាន​បើក​សម័យប្រជុំ​ពិភាក្សា និង​អនុម័ត​របៀបវារៈ​ចំនួន​៣ ក្នុងនោះ ក៏មាន​ការបោះឆ្នោត​តែងតាំង​សមាជិក​ព្រឹទ្ធសភា​ចំនួន ០២​រូប គឺ​លោកស្រី ជា ច័ន្ទ​ទេវី និង​លោក សួន លាង​។ សមាជិក​ព្រឹទ្ធសភា​ថ្មី ដែល​ជ្រើសតាំង​ដោយ​រដ្ឋសភា​នេះ មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ព្រឹទ្ធសភា​ថ្មី ដែលមាន​សមាជិក ៦២ រូប នឹងចូលរួម​កិច្ចប្រជុំ​លើកដំបូង នា​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ក្រោម​ព្រះរាជាធិបតីភាព​ព្រះករុណា​ព្រះមហាក្សត្រ ហើយ​នៅពេល​រសៀល​ថ្ងៃ​ដដែល សមាជិក​ព្រឹទ្ធសភា​ថ្មី​ទាំង ៦២ រូប នឹងចូលរួម​ពិធី​សច្ចាប្រណិធាន មុខ​ព្រះ​ភក្តិ​ព្រះមហាក្សត្រ ក្នុង​ព្រះបរមរាជវាំង​។ សមាជិក​ព្រឹទ្ធសភា​ទាំង ៦២ រូប រួមមាន​៖ ៥៨ រូប ចេញពី​ការបោះឆ្នោត​អសកល ដែល​ជាប់​សុទ្ធតែជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ២​រូប​ជ្រើសតាំង​ដោយ​ព្រះមហាក្សត្រ និង ២​រូប ជ្រើសតាំង​ដោយ​រដ្ឋសភា​។
​ ​
​ចាប់ពី​ថ្ងៃទី​១០ ខែមេសា​តទៅ តាម​បណ្តា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​នានា នៅ​ទូទាំងប្រទេស​កម្ពុជា ចាប់ផ្ដើម​អនុវត្ត “​ការផ្តល់​ថង់​ប្លា​ស្ទិ​ក​ដល់​អតិថិជន ត្រូវ​គិត​កម្រៃ​បន្ថែម​” ដោយ​ថង់​ប្លា​ស្ទិ​ក​១ មានតម្លៃ ៤០០​រៀល ស្មើ ១០​សេន​ដុល្លារ​។ ការ​គិតលុយ​បន្ថែម ចំពោះ​ការផ្ដល់​ថង់​បា្ល​ស្ទិ​ក​ដល់​អតិថិ​ជននេះ ធ្វើឡើង ក្រោយ​មានការ​កំណត់ដោយ​អន្ដរក្រសួង​បរិស្ថាន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​។​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី​នៃ​សាកល​វិទ្យា​ល័​ជាតិ​គ្រប់គ្រង​ជាង កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមេសា សម្តេច​តេ​ជោ ហ៊ុនសែន បានប្រកាស​ទម្លាយ​ផែនការ​សម្ងាត់​របស់​ក្រុម​លោក សម សេរី ដែល​សម្តេច ហ៊ុន សែន ចាត់ទុកជា​ក្រុម​ក្បត់ជាតិ ក្នុងការ​រៀបចំ​បង្ក​ការផ្ទុះ រំខាន​ដល់​ការកំសាន្ត​សប្បាយ​របស់​ប្រជាជន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​។ ក្រៅពី​ប្រកាស​បំបែក​ផែនការ​អាក្រក់​នេះហើយ សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ដាស់តឿន​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ជាថ្មី​ម្តងទៀត ត្រូវខិតខំ​អោយអស់​លទ្ធភាព​ការពារ​សន្តិសុខ សុ​វត្តិភាព​ជូន​ប្រជាជន​អោយ​ខាន​តែ​បាន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ​។​

​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមេសា រថភ្លើង​ដឹក​អ្នកដំណើរ ភ្នំពេញ​-​ព្រលានយន្តហោះ បាន​បើក​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន ហើយ​ដឹក​អ្នកដំណើរ​ដោយ​មិន​គិតថ្លៃ រហូតដល់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨​។ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ចាត់ទុក​ការដាក់​ឲ្យ​ដំណើរការ​ផ្លូវដែក​មួយ​ខ្សែ​នេះ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ និង​ជា​មោទនភាព​របស់​ជាតិ ព្រោះ​ការតភ្ជាប់​ផ្លូវ​រថភ្លើង​ភ្នំពេញ​-​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ គឺ​កសាង​ដោយ​កូន​ខ្មែរ​ទាំងអស់​។
​ ​
​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ​ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចូលរួម​ប្រកាស​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នូវ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ រាជរដ្ឋាភិបាល​បានផ្តល់​ថវិកា ១០ លាន​ដុល្លារ និង​ថវិកា​របស់​សប្បុរជន​នានា​រាប់លាន​ដុល្លារ​សហរដ្ឋអាមេរិក​ថែមទៀត ដល់​មូលនិធិ​សប្បុរសធម៌​នេះ​។ ការបង្កើត​មូលនិធិ​គន្ធបុប្ផា ក្នុង​គោលបំណង​ដើម្បី​គៀងគរ​ថវិកា សម្រាប់​រក្សា​និរន្តរភាព​មន្ទីរពេទ្យ​គន្ធបុប្ផា អោយ​បន្ត​បេសកកម្ម​ព្យាបាល​ជំងឺ​មាតា​ទារក ពិសេស​កុមា​កម្ពុជា ដោយ​មិន​គិត​ប្រាក់ ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព​បន្តទៀត​។

​ក្នុង​ពិធី​ជួបជុំ​សំណេះ​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​សមាគម​ខ្មែរ​-​ចិន នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រលប់​ថ្ងៃទី​១០ ខែមេសា សម្តេច​តេ​ជោ​ហ៊ុនសែន បាន​អំពាវនាវ​ដល់​បងប្អូន​សមាគម​ខ្មែរ​-​ចិន ដែល​សុទ្ធតែជា​មហាសេដ្ឋី​នៅ​ប្រទេស​កម្ពុជា អញ្ជើញ​ចូលរួម​ផ្តល់​ថវិកា​ជួយ​ដល់​មូលនិធិ​គន្ធបុប្ផា ដើម្បី​បន្ត​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​ព្យាបាល​កុមារ​ដោយ​ឥតគិតថ្លៃ​។​

​កាលពី​ថ្ងៃទី​១១ ខែមេសា រដ្ឋសភា បានរៀបចំ​សន្និបាត​បូកសរុប​ការងារ​របស់ខ្លួន ចាប់ពី​ឆ្នាំ​២០១៣ មកដល់​ចុង​អាណត្តិ​ទី​៥ នៅ​ឆ្នាំ​២០១៨​នេះ​។ ក្នុងនោះ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បាន​អះអាងថា ស្ថាប័ន​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បាន​បំពេញការងារ​ជូន​គ្រប់​តំណាងរាស្ត្រ​ទាំងអស់ តាម​ការកំណត់​របស់​ច្បាប់ និង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដោយ​គ្មាន​ការបែងចែក​តំណាងរាស្ត្រ​នោះ មកពី​គណបក្សនយោបាយ​ណាមួយ​នោះឡើយ​។ រដ្ឋសភា អាណត្តិ​ទី​៥ គ្រោង​នឹង​បញ្ចប់ នៅ​ប៉ុន្មាន​ខែ​មុខ ក្រោយពី​រដ្ឋសភា​ថ្មី បោះឆ្នោត​នៅ​ខែកក្កដា ឆ្នាំ​២០១៨​។​

​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅ​ឆ្នាំនេះ អ្នកទោស​ចំនួន ៥០ នាក់ ត្រូវបាន​គណៈកម្មការ​ជាតិ ដឹកនាំ​ដោយ​លោក អង្គ​វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ទូលថ្វាយ​ព្រះករុណា ព្រះមហាក្សត្រ ដើម្បី​ទូល​ស្នើសុំ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​។ អ្នកទោស​ទាំង ៥០​នាក់​នេះ ត្រូវបាន​ជ្រើសរើស​ចេញពី​បញ្ជី​អ្នកទោស​ចំនួន ៣២១ នាក់ ដែល​ក្រសួងមហាផ្ទៃ និង​ប្រធាន​ពន្ធនាគារ​តាម​បណ្តា​ខេត្ត​រាជធានី នៅ​ទូទាំងប្រទេស ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ នៅ​ឆ្នាំនេះ​។ ក្នុងនោះ ទណ្ឌិត​ចំនួន ៤២ នាក់ មាន​ស្ត្រី ៥ នាក់ ត្រូវបាន​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ដល់​ទណ្ឌិត​ចំនួន ៨​នាក់ ដោយមាន​ស្ត្រី ១​នាក់ សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នេះ​។​

​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ រថយន្តក្រុង​សាធារណៈ របស់​សាលា​រាជធានី ភ្នំពេញ ទាំង ៦០​គ្រឿង បាន​ដឹក​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ ពី​ភ្នំពេញ ទៅ​ស្រុកកំណើត នៅតាម​បណ្តា​ខេត្ត​នានា ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​។ រថយន្តក្រុង​ដឹក​អ្នកដំណើរ​ដោយ​ឥតគិតថ្លៃ​នេះ ចាប់ពី​ថ្ងៃទី​១២-១៨ ខែមេសា ឆ្នាំ​២០១៨​។​

​ចំណែក​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ លើ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​រាជធានី​ភ្នំពេញ ក៏បាន​បើក​ឲ្យ​សាធារណជន ឆ្លងកាត់​ជា​បណ្តោះអាសន្ន ក្នុងអំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពី​ថ្ងៃទី​១២​មេសា ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៨​។ ចាប់ពី​ថ្ងៃទី​១៨ ខែមេសា ដល់​ថ្ងៃទី​៩ ខែឧសភា ស្ពាន​អាកាស​ផ្សារ​ដី​ហុយ បើក​ឲ្យ​ឆ្លងកាត់​តែ​ឡានតូចៗ និង​ម៉ូតូ​១​ម្ខាង​ប៉ុណ្ណោះ ហើយ​ចាប់ពី​ថ្ងៃទី​១០ ខែឧសភា​តទៅ ទើប​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ បើក​ឲ្យ​ដំណើរការ​ទាំងស្រុង ទាំង ៤​គន្លង​។ ស្ពាន​អាកាស​ផ្សារ​ដី​ហុយ មាន​ប្រវែង​សរុប ៦១០ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ​។ ស្ពាន​អាកាស​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ចំណាយ​ថវិកា​ប្រមាណ​ជិត ១៧​លាន​ដុល្លារ ដែល​ចំណាយ​ច្រើនជាង​ស្ពាន​អាកាស ៤​ទៀត នៅក្នុង​រាជធានី​ភ្នំពេញ​។ ស្ពាន​អាកាស​ទាំង ៤​នោះ រួមមាន​៖ ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស ៥​មករា ឬ​ស្តុ​ប​តិច​ណូ និង​ស្ពាន​អាកាស ៧​មករា ឬ​ស្តុ​ប​ពេទ្យ​លោកសង្ឃ​។​

​ដោយឡែក កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមេសា មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការ​រដ្ឋា​ន​នគរបាលជាតិ បានធ្វើ​សន្និសីទកាសែត បង្ហាញមុខ​ជនសង្ស័យ ជា​ជនជាតិខ្មែរ​ពីរ​នាក់ និង​ចិនតៃវ៉ាន់ ២​នាក់ បន្ទាប់ពី​ពួកគេ​ទាំង​៤ ត្រូវបាន​កម្លាំង​សមត្ថកិច្ច ស្រាវជ្រាវ និង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​។ គ្រឿងញៀន​ជាង ២៦​គីឡូក្រាម ភាគច្រើន​ជា​ភេទ​ម៉ា​ទឹកកក ក៏​ត្រូវបាន​សមត្ថកិច្ច បង្ហាញ​ដល់​ក្រុមអ្នកកាសែត​ផងដែរ​។​

​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត លើក​ទី​៦ ឆ្នាំ​២០១៨ រយៈពេល ៤​ថ្ងៃ បាន​បើក​ដំណើរការ​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមេសា ក្រោម​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ អង្គរ​សង្ក្រាន្ត ជា​ព្រឹ​ត្ត​ការណ៍រ​ប្ប​ធម៌​ដ៏​ធំ ប្រចាំឆ្នាំ ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី ប្រពៃណីជាតិ​។ សម្តេច​តេ​ជោ ហ៊ុនសែន បានលើកឡើង​នូវ​កត្តា ៤ យ៉ាង ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​យ៉ាង​សប្បាយរីករាយ​នៅ​ឆ្នាំនេះ រួមមាន​៖ ទី​១-​សន្តិភាព ដែល​កម្ពុជា​យើង មាន​ឯកភាព​ជាតិ​ពេញលេញ​ជាង ២០​ឆ្នាំ​មកហើយ ទី​២-​ហេដ្ឋារចនាសម្ព័ន្ធ កាន់តែ​ប្រសើរ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​គ្រប់​ទីកន្លែង ទី​៣-​មធ្យោបាយ​ធ្វើដំណើរ ដែល​ប្រជាពលរដ្ឋ​មាន​កាន់តែច្រើន ងាយស្រួល​ជាង​មុន ទាំង​មធ្យោបាយ​ផ្ទាល់ខ្លួន និង​ទាំង​រថយន្តឈ្នួល ឬ​តាក់ស៊ី ជាដើម និង​ទី​៤-​ប្រាក់ចំណូល​ច្រើនជាង​មុន ទាំង​ប្រជាពលរដ្ឋ និង​ទាំង​មន្ត្រីរាជការ កម្មករនិយោជិត​។​

​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ នឹង​ចូល​មកដល់​នា​ម៉ោង ៩ និង ១២ នាទី ព្រឹក​ថ្ងៃ​១៤​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទី​១៤ ខែមេសា ឆ្នាំ​២០១៨​។ នៅ​ឆ្នាំនេះ ក្រៅពី​ព្រឹត្តិការណ៍​ធំ អង្គរ​សង្ក្រាន្ត គឺ​ព្រឹត្តិការណ៍​សង្ក្រាន្ត ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ ក៏​ត្រូវបាន​អាជ្ញាធរខេត្ត​ជាច្រើន​រៀបចំឡើង ដូចជា នៅ​ខេត្តបាត់ដំបង ស្វាយរៀង ព្រៃវែង កោះកុង និង​ខេត្តកំពង់ស្ពឺ ជាដើម​។​

​ដោយឡែក សមិទ្ធផល​លើ​វិស័យ​ដឹកជញ្ជូន​ធំៗ ចំនួន ៤ ត្រូវបាន​រាជរដ្ឋាភិបាល ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​។ សមិទ្ធផល​ទាំង ៤​នោះ រួមមាន​៖ ការដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ដែក ប៉ោយប៉ែត​-​សិរីសោភ័ណ ជាប់​ព្រំដែន​ថៃ ខេត្តបន្ទាយមានជ័យ​។ ផ្លូវ​រថភ្លើង​នេះ មាន​ប្រវែង​សរុប ៤៨​គីឡូម៉ែត្រ ដែល​ត្រូវ​ឆ្លងកាត់ ៦​ស្ថានីយ និង​ឲ្យ​ពលរដ្ឋ​ជិះ​មិន​គិតថ្លៃ​ក្នុង​រយៈពេល ៤​ខែ ចាប់ពី​ថ្ងៃទី ០៤​មេសា ដល់ទី​០១ ខែសីហា ឆ្នាំ​២០១៨​។ ទី​២. ការដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​គម្រោង​កាណូត​ដឹក​អ្នកដំណើរ​ពី​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ ដោយ​ជិះ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​០៦ ខែមេសា រហូតដល់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨​។ ទី​៣. ការដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​មធ្យោបាយ​ដឹកជញ្ជូន​អ្នកដំណើរ​តាម​រថភ្លើង​ពី​ស្ថានីយ​ភ្នំពេញ ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​អនុញ្ញាត​ឲ្យ​ជិះ​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​១០ ខែមេសា រហូតដល់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨​។ ទី​៤. ការដាក់​បើក​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​១២ ខែមេសា ដល់​ថ្ងៃទី​១៧​មេសា ដើម្បី​ជួយ​សម្រួលការ​ធ្វើចរាច​រណ៍ អំឡុងពេល​ចូលឆ្នាំថ្មី​៕ ដោយ​៖ ម៉េង​ឆៃ​