ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

427
ចែករម្លែក
  • 11
    Shares

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: នៅក្នុង​សប្តាហ៍​ដំណាច់​ខែធ្នូ ឆ្នាំ​២០១៨ គឺមាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន​បានកើត​ឡើង ក្នុងនោះ រួមមាន ព្រឹទ្ធសភា ប្រជុំ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ដែល​អាច​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ​របស់​គណ​បក្សប្រឆាំង អាចធ្វើ​នយោបាយ​ឡើងវិញ ការសម្ពោធ​វិមាន​ឈ្នះ​ឈ្នះ រួមទាំង​ហេតុការណ៍​ស្ត្រី​អ្នកចម្រៀង ទេព បូព៌​ព្រឹក្ស ត្រូវ​បុរស​ម្នាក់ ជះ​ស្រា​បៀរ ក្នុងពេល​កំពុង​ច្រៀង​លើ​ឆាក ជាដើម​។​

​កាលពី​ថ្ងៃ​ចន្ទ ទី​២៤ ខែធ្នូ ឯកអគ្គរដ្ឋទូត​ថ្មី របស់​ប្រទេស​ចិន ប្រចាំ​ប្រទេស​ចិន លោក វ៉ាង វិ​ន​ធៀន បាន​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយ​នៅក្នុង​សប្តាហ៍​នេះ លោក​បាន​ជួប​រដ្ឋមន្ត្រីការបរទេស និង​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន​។ លោក វ៉ាង វិ​ន​ធៀន ដែល​ទើប​តែងតាំង​ថ្មី បានចាប់ផ្ដើម​បេសកកម្ម​ការងារ​នៅ​កម្ពុជា បន្ទាប់ពី​លោក ហ្ស​ង់ ព័រ ឯកអគ្គរដ្ឋទូត​ចាស់ បាន​ផុត​អាណត្តិ​។

​សេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ដែល​អាច​បើកផ្លូវ​ឱ្យ​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការធ្វើ​នយោបាយ​ឡើងវិញ បាន​ត្រូវ​ព្រឹទ្ធសភា គាំទ្រ​ទាំងស្រុង នៅក្នុង​សម័យប្រជុំ​ពេញអង្គ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨​។ បន្ទាប់ពី​ព្រឹទ្ធសភា ប្រជុំ​អនុម័ត​រួចហើយ សេចក្តីស្នើច្បាប់​នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​កាលពី​ថ្ងៃទី​២៨ ខែធ្នូ​ថា សេចក្តីស្នើច្បាប់​ថ្មី​នេះ ស្រប​នឹង​រដ្ឋធម្មនុញ្ញ​។​

​តាមរយៈ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០១៩ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង កាលពី​ថ្ងៃទី​២៤ ខែធ្នូ បានប្រកាសថា នឹង​ខិតខំ​ជំរុញ​ព​ន្លឿ​ន​ការងារ​ចុះបញ្ជី​កម្មសិទ្ធិ​ដីធ្លី ជូន​ពលរដ្ឋ​អោយអស់ នា​ឆ្នាំ​២០២១ ខាងមុខ​។ បើតាម​របាយការណ៍ មកដល់​បំណាច់​ឆ្នាំ​២០១៨​នេះ ក្រសួង បាន​ចុះបញ្ជី និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី បាន​សរុប​ចំនួន​ជាង ៥​លាន​ក្បាលដី ក្នុងចំណោម​ក្បាលដី​សរុប​ប្រមាណ ៧​លាន​ក្បាលដី​។​

​កាលពី​ថ្ងៃទី​២៦ ខែធ្នូ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី មក​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ ជាង ១ ម៉ឺន ៥​ពាន់​នាក់​។ ក្នុង​ពិធី​ជួបជុំ នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​អោយ​ថៅកែ​រោងចក្រ យកចិត្ត​ទុក្ខ​ដាក់​បន្ថែម ចំពោះ​សុខទុក្ខ​របស់​កម្មករ​កម្មការិនី ដើម្បី​ធានា​ផ្តល់​ផលប្រយោជន៍​ជូន​ពួកគេ ក្នុងន័យ​រួមចំណែក​ឈានទៅ​កសាង​សហគមន៍​រោងចក្រ​មួយ​ដ៏​សុខសាន្ត​។ ក្នុង​ពិធី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញផ្លូវ​ដល់​អតីត​អ្នកនយោបាយ​គណបក្សប្រឆាំង ដើម្បី​អាចមាន​លទ្ធភាព​ធ្វើ​នយោបាយ​ឡើងវិញ​បាន​នៅ​កម្ពុជា ក្រោយ​ព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា លើ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី គណបក្សនយោបាយ រួចរាល់​ហើយ​។​

​ក្នុង​ពិធី​បិទ​សិក្ខាសាលា កាលពី​រសៀល​ថ្ងៃទី​២៧ ខែធ្នូ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្ដែង​ការហួសចិត្ត​ចំពោះ​លោក សម រង្ស៊ី ដែល​បានស្នើ​សហភាព​អឺរ៉ុប ឲ្យ​ប្រញាប់​ដាក់ទណ្ឌកម្ម មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្ដេច​ក្រឡាហោម មានប្រសាសន៍ថា ទោះ​លោក សម រង្ស៊ី មិន​គិត​ប្រយោជន៍​ជាតិ ប៉ុន្តែ​រាជរដ្ឋាភិបាល នៅតែ​បន្ត​ដឹកនាំ​ប្រទេស ឲ្យ​ភាពសម្បូរ​សប្បាយ និង​រីកចំរើន​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ មហាជន​ជាច្រើន​ម៉ឺន​នាក់ បាន​ហាត់​សម នៅលើ​ទីតាំង​ជាក់ស្តែង នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ត្រៀម​ចូលរួម​អបអរសាទរ​មហា​មី​ទ្ទី​ញ រំលឹក​ខួប​លើក​ទី​៤០​ឆ្នាំ នៃ​ជ័យជំនះ ថ្ងៃ​៧​មករា​១៩៧៩ -​ថ្ងៃ​៧​មករា ២០១៩​។ នៅក្នុង​ការពិនិត្យ​ក្រុមការងារ​ហាត់​សមនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំ​២០១៩ នាពេល​ខាងមុខនេះ គឺមាន​លក្ខណៈ​ប្លែក​អស្ចារ្យ ជាង​ឆ្នាំមុនៗ ដោយមាន​មហាជន​ចូលរួម​ជាង ៥​ម៉ឺន​នាក់ និង​មាន​ក្បួន​ព្យ​ហយា​ត្រា ដង្ហែ​តាមរយៈ​រថយន្ត​បុស្បុក តំណាង​មកពី​បណ្តា​ខេត្ត រាជធានី នៅ​ទូទាំងប្រទេស​ថែម​ទៀតផង​។

​កាលពី​ថ្ងៃទី​២៨ ខែធ្នូ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានអនុញ្ញាត​ឲ្យ​ឯកអគ្គរដ្ឋទូត​ថ្មី របស់​ប្រទេស​ចិន ប្រចាំ​កម្ពុជា និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​វៀតណាម ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ដាច់ដោយឡែក​ពីគ្នា​។ ជំនួប​រវាង​ថ្នាក់ដឹកនាំ​កំពូល​កម្ពុជា និង​ថ្នាក់ដឹកនាំ​បរទេស មិនមែនជា​ជំនួប​ថ្មីថ្មោង​នោះទេ តែ​ជា​ជំនួប​ពិភាក្សា​ការងារ​មួយ ដែល​ធ្វើឡើង​ក្នុងន័យ​ជំរុញ​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​, រិះរក​វិធីសាស្ត្រ​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម ក្នុងន័យ​ឈានទៅ​កំណត់​តម្កល់​ផលប្រយោជន៍​រួម ដើម្បី​ប្រជាជន និង​ប្រទេសជាតិ​។

​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បើក​កិច្ចប្រជុំ ពិនិត្យ​លើ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ ជា​លទ្ធផល​នៃ​កិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​ថា សេចក្តីស្នើច្បាប់​នេះ ស្រប​នឹង​រដ្ឋធម្មនុញ្ញ​។ ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បានកំណត់​ពី​ការអនុញ្ញាត​ឲ្យ​អតីត​អ្នកនយោបាយ ដែល​ជាប់​បម្រាម​របស់​តុលាការ​កំពូល អាចធ្វើ​នយោបាយ​ឡើងវិញ តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ដោយ​មានការ​ទូលថ្វាយ​ស្នើ​ពី​នាយករដ្ឋមន្ត្រី តាមរយៈ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​កាលពី​យប់​ថ្ងៃទី​២៥ ខែធ្នូ ស្ត្រី​អ្នកចម្រៀង ទេព បូ​ព្រឹក្ស ត្រូវបាន​បុរស​ម្នាក់ ជះ និង​គប់​ស្រា​បៀ​រលើ​នាង ក្នុងពេល​កំពុង​ច្រៀង លើ​ឆាក នៅ​ភោជនីយដ្ឋាន​មួយ នៅ​ជិត​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។ រហូតដល់​រសៀល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ បុរស​នោះ បាន​ជួបចរចា និង​សុំទោស​នាង​ជា​សាធារណៈ ហើយ ទេព បូ​ព្រឹក្ស បានទទួល​សំណូមពរ ៣ គឺ​ទី​១-​ទទួលបាន​ការសុំ​ទោស​ជា​សាធារណៈ ទី​២-​ទទួល​ប្រាក់​សំណង​មួយ​ម៉ឺន​ដុល្លារ និង​ទី​៣-​ធ្វើ​កិច្ចសន្យា​បញ្ចប់​ជម្លោះ​ដោយ​សន្តិវិធី​។ ទេព បូ​ព្រឹក្ស អះអាងថា ប្រាក់​សំណង ១​ម៉ឺន​ដុល្លារ​នេះ នាង​នឹង​ផ្តល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា និង​សិល្បករ​ចាស់ជរា ។ ដំបូង​ឡើយ នាង​ដាក់​ពាក្យបណ្តឹង ទាមទារ​សំណង ១០​ម៉ឺន​ដុល្លារ​។​

​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ និង​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រារព្ធ​ឡើង រយៈពេល ៣​ថ្ងៃ ៣​យប់ ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែធ្នូ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​។ ក្នុង​រយៈពេល ៣​ថ្ងៃ ៣​យប់​នេះ នៅ​វិមាន​ឈ្នះ​ឈ្នះ ជិត​ស្ពាន​ព្រែក​ព្នៅ ក្នុង​រាជធានី​ភ្នំពេញ មាន​រៀបចំ​កម្មវិធី​ជាច្រើន ដូចជា ពិព័រណ៍​អំពី​សមិទ្ធផល​ជាតិ​-​អន្តរជាតិ​នានា សរុប​ចំនួន​ប្រមាណ ៨០០ ស្តង់ កម្មវិធី​ប្រដាល់​គុណ​ដណ្តើម​ខ្សែក្រវ៉ាត់ ក្បួន​ជិះ​កង់​កំសាន្ត កីឡា​វាយ​កូន​ហ្គោល អុកចត្រង្គ បុរស​កម្លាំង​ខ្លាំង ប្រណាំង​រទេះគោ ក្របី រទេះសេះ កាយ​វប្បកម្ម ក្បាច់គុណ កម្មវិធី​របាំ សិល្បៈ តន្ត្រី ការ​រាំ​កម្សាន្ត និង​ការសម្តែង​ល្ខោន​រឿង “​ដំណើរ​សង្គ្រោះ​ជាតិ​កម្ពុជា​” ព្រមទាំង​ការបាញ់​កាំជ្រួច​បែប​ថ្មី 3D៕ ល​