ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍

821
ចែករម្លែក

ដោយ​: ម៉េង​ឆៃ​
​ភ្នំពេញ​:
កាលពី​ថ្ងៃអាទិត្យ ទី​៩ ខែមិថុនា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ស្ទើរតែ​ទូរ​ទាំង​ប្រទេស បាន​ចូលរួម​ចលនា​ញ៉ាំ​នំ​បញ្ចុក សាមគ្គីភាព និង​ឯកភាព​ជាតិខ្មែរ​។ ការជួបជុំ​ទទួលទាន​នំ​បញ្ចុក ត្រូវបាន​ធ្វើឡើង នៅតាម​វត្ត​អារាម នៅតាម​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា តាម​គ្រឹះស្ថាន​ឯកជន ស្ថាប័នរដ្ឋ និង​នៅតាម​សាលារៀន ជាដើម​។​

​កាលពី​ថ្ងៃទី​១១ ខែមិថុនា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ពន្យល់​ពី​ទិដ្ឋភាព​ច្បាប់ ពាក់ព័ន្ធ​នឹង​ចលនា​នៃ​ការជួបជុំ​ហូប​នំ​បញ្ចុក ដែល​ក្លាយជា​ប្រធានបទ​នយោបាយ​នារ​បត់​ចុង​ក្រោយនេះ​។ បើតាម​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី ស ខេង ការជួបជុំ​ហូប​នំ​បញ្ចុក និយាយ​ពី​រឿង​នយោបាយ គឺ​មិន​ខុសច្បាប់​ទេ ប្រសិនបើ​រឿង​នយោបាយ​នោះ ពាក់ព័ន្ធ​ទៅនឹង​ការត្រៀមខ្លួន​បោះឆ្នោត​។ ក៏ប៉ុន្តែ​បើសិន​ពលរដ្ឋ​យក​ទីតាំង​ហូប​នំ​បញ្ចុក​នោះ ទៅធ្វើជា​កន្លែង​ប្រជុំគ្នា ប្រមូល​កម្លាំង ធ្វើ​បដិវត្ត​ពណ៌ ប្រឆាំង​រាជរដ្ឋាភិបាល​វិញ គឺជា​រឿង​ខុសច្បាប់ ហើយ​អាជ្ញាធរ ត្រូវ​ចាត់វិធានការ​។ សម្ដេច​ក្រឡាហោម ស ខេង បានលើកឡើង​ដូច្នេះ នៅក្នុង​ពិធី​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍ លើក​ទី​១២ ដែល​បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា រៀបចំ​នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុង​ពិធី​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍ លើក​ទី​១២ ដែល​បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ជាថ្មីទៀត​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកបើកបរ​បង្កើន​ការប្រុងប្រយ័ត្ន​ព្រោះ​សម្ដេច កំពុងមាន​ការព្រួយបារម្ភ​ខ្លាំង ចំពោះ​កំណើន​គ្រោះថ្នាក់​ចរាចរ​នៅ​ឆ្នាំ​២០១៩ ដែល​សម្ដេច​ថា វា​ឈានដល់​កម្រិត «​ប្រកាសអាសន្ន​»​។ សូមបញ្ជាក់ថា គិត​ត្រឹម​រយៈពេល​៣​ខែ ដើមឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរ បាន​កើនឡើង​ជាង ៣០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨​។​

​ដើម្បី​ជា​ផ្នែក​មួយ ក្នុង​ការធានា​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​ឲ្យ​មាន​ស្ថិរភាព និង​ដោះស្រាយ​បញ្ហា​កង្វះ​ថាមពល​អគ្គិសនី នៅ​ឆ្នាំ​២០២០ ខាងមុខ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ឲ្យ​អគ្គិសនី​កម្ពុជា វិនិយោគ​សាងសង់​ជាបន្ទាន់​នូវ​រោងចក្រ​អគ្គិសនី ដែលមាន​អានុភាព ៤០០ មេ​ហ្គា​វ៉ា​ត់ ដំណើរការ​ដោយ​ម៉ាស៊ីន ប្រើ​ប្រេង​ខ្មៅ​។ រោងចក្រ​ផលិត​អគ្គិសនី​ថ្មី​នេះ ស្ថិតនៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល ទល់មុខ​នឹង​ទន្លេចតុមុខ ក្នុង​រាជធានី​ភ្នំពេញ ដែល​ចំណាយ​ប្រមាណ ៣៨០ លាន​ដុល្លារ ដើម្បី​ទិញ​ម៉ាស៊ីនភ្លើង​ពី​ហ្វាំ​ង​ឡង់ និង​ពី​ប្រទេស​អាល្លឺម៉ង់​។​

​បញ្ហា​ប្រឈម​នឹង​ការរីកចម្រើន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ការប្រយុទ្ធប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងក្លាយ​និង​ព័ត៌មាន​មិន​ពិត​គឺជា​របៀប​វារ​:​សំខាន់​ជាងគេ​ដែល​អ្នកសារព័ត៌មាន និង​អ្នកធ្វើការងារ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង ៥០០ នាក់ មកពី ៤០ ប្រទេស នៅក្នុង​តំបន់ និង​ពិភពលោក បាន​រួមគ្នា​ពិភាក្សា​លើកឡើង​នូវ​ទស្សនៈ​យោបល់​ថ្មីៗ យ៉ាង​ផុសផុល នៅក្នុង​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​ឆ្នាំ ២០១៩ លើក​ទី​១៦ ដែល​កម្ពុជា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ទីក្រុង​សៀមរាប កាលពី​ថ្ងៃទី​១២ ខែមិថុនា​។ សម្ដេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានផ្តល់​កិត្តិយស អញ្ជើញ​ជា​អធិបតី​បើក​សន្និសីទ​នេះ​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​១២​មិថុនា ក៏បាន​ផ្ដល់នូវ​ទស្សន​ទាន​ថ្មីៗ​មួយចំនួន ដើម្បី​បើកផ្លូវ​អោយ​កម្ពុជា​សហការ​ជាមួយនឹង​តំបន់ និង​ពិភពលោក ក្នុងការ​ឈានទៅ​ចាប់យក​នូវ​កាលានុវត្តភាព​នៃ​ការរីកចម្រើន​របស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល និង​រួមគ្នា រិះរក​វិធីសាស្ត្រ ក្នុងការ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​មិន​ពិត​ផងដែរ​។​

​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្ដែង​ការហួសចិត្ត នៅពេល​រកឃើញថា មាន​កងកម្លាំង​របស់​រដ្ឋ បាន​ទៅធ្វើជា​អ្នក​យាមកាម ឲ្យ​ក្លិប​កម្សាន្ត ឬ​ខារ៉ាអូខេ និង​សហការ​ជាមួយ​ក្រុមហ៊ុន រៀបចំ​រថយន្ត​ក្បួន​ឆ្គ​ក​បើកផ្លូវ ឲ្យ​ក្រុម​អ្នកមាន​លុយ ប្រៀបបាន​ប្រមុខរដ្ឋ និង​ប្រមុខ​រាជរដ្ឋាភិបាល​។ សម្ដេច ស ខេង បាន​បញ្ជា​ឲ្យ​បញ្ឈប់​បញ្ហា​នេះ ជាបន្ទាន់​។​

​ចំណែក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​សិង្ហ​បុរី​។ កាលពី​ថ្ងៃទី​១២ ខែមិថុនា​មេទ័ព​ជើងគោក​កម្ពុជា និង​មេបញ្ជាការ​កងទ័ពជើងគោក​សិង្ហ​បុរី បាន​ជួបគ្នា នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​នៃ​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​សិង្ហ​បុរី លោក ហ៊ុន ម៉ា​ណែ​ត បាន​ជួប​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ សិង្ហ​បុរី ព្រមទាំង​រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី ជាដើម​។​

​កាលពី​ថ្ងៃទី​១៣ ខែមិថុនា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានធ្វើ​ដំណើរ ចាក​ចេញពី​ប្រទេស​កម្ពុជា តាម​ជើងយន្តហោះ​ពិសេស ដើម្បី​អញ្ជើញ ធ្វើ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ហុង​គ្រី និង​អញ្ជើញ​ទៅ​ចូលរួម​សន្និសីទ​កំពូល ស្តីពី អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត នៅ​អាស៊ី (CICA) លើក​ទី​៥ នៅ​ប្រទេស​តា​គី​ជី​ស្ថាន​។ សម្តេចនាយក​រដ្ឋមន្ត្រី ចំណាយ​ពេក​បួន​ថ្ងៃ រាប់​ចាប់តាំងពី​ថ្ងៃទី​១៣ រហូតដល់​ថ្ងៃទី​១៦ ខែមិថុនា ខាងមុខ ក្នុងការ​ស្នាក់នៅ និង​បំពេញការងារ នៅ​ប្រទេស​ហុង​គ្រី និង​ប្រទេស​តា​គី​ជី​ស្ថាន​។​

​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំពេញអង្គ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែមិថុនា ខាងមុខនេះ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​សំខាន់ៗ​មួយចំនួន ក្នុងនោះ ក៏មាន​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​។ នេះ​បើតាម​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៣ ខែមិថុនា បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស ប្រទេស​ហុង​គ្រី​។ នៅពេល​អញ្ជើញ​ដល់​ប្រទេស​ហុង​គ្រី ដែលជា​សមាជិក​សហភាព​អឺរ៉ុប​ភ្លាម សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​បានទទួល​ការស្វាគមន៍​ពី​ប្រជាពលរដ្ឋ​ខ្មែរ និង​កូនក្មួយ​និស្សិត​ខ្មែរ ដែល​កំពុង​រស់នៅ និង​ស្នាក់នៅ​បន្ត​ការសិក្សា​នៅ​ទឹកដី​អឺរ៉ុប​។ បន្ទាប់មក សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួបពិភាក្សា​ចង្អៀត និង​បើក​កិច្ចប្រជុំ​កំពូល​ពេញអង្គ​ទ្វេភាគី ជាមួយ​នាយករដ្ឋមន្ត្រី ហុង​គ្រី​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ចុះហត្ថលេខា​រួមគ្នា ជាមួយ​នាយករដ្ឋមន្ត្រី ហុង គ្រី លើ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​សំខាន់ៗ​ចំនួន​៣ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​ហុង​គ្រី ផងដែរ​។​

​កាលពី​រសៀល​ថ្ងៃទី​១៤ ខែមិថុនា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាក​ចេញពី​ហុង​គ្រី បន្តដំណើរ​ទៅកាន់​ប្រទេស​តា​គី​ជី​ស្ថាន ដើម្បី​ចូលរួម​សន្និសីទ​កំពូល ស្តីពី អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត នៅ​អាស៊ី (CICA) លើក​ទី​៥៕

#