ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

723
ចែករម្លែក

ដោយ​: ម៉េង​ឆៃ​
​ភ្នំពេញ​:
នៅក្នុង​សប្តាហ៍ នា​ចុងខែ​មិថុនា ឆ្នាំ​២០១៩​នេះ មាន​ព្រឹត្តិការណ៍​គួរ​ឲ្យ​រន្ធត់ បានកើត​ឡើង​នៅ​ខេត្ត​ព្រះសីហនុ នោះ​គឺ​ការបាក់​រលំ​អគារ​ប្រាំពីរ​ជាន់ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍ ទី​២២ ខែមិថុនា បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​សរុប ២៨​នាក់ និង​របួស ២៦​នាក់​។

​ចំពោះ​ហេតុការណ៍​បាក់​រលំ​អគារ​សង្កត់​សម្លាប់​មនុស្ស និង​របួស​នេះ បន្ទាប់ពី​វិលត្រឡប់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃអាទិត្យ ទី​២៣​មិថុនា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​ដំណើរ​ទាំងយប់ ដោយ​រថយន្ត ទៅកាន់​ខេត្ត​ព្រះសីហនុ ដើម្បី​ត្រួតពិនិត្យ​ការងារ​ជួយសង្គ្រោះ ក៏ដូចជា​លើកទឹកចិត្ត​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​។ ទន្ទឹមនឹងនោះ ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​ចាត់​ចំណាត់ការ​សំខាន់ៗ​មួយចំនួន ជា​បន្តបន្ទាប់​។

​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា សម្តេច​បាន​យល់ព្រម​ឲ្យ​លោក យន្ត មីន លាលែង​ពី​អភិបាលខេត្ត​ព្រះសីហនុ ទៅតាម​សំណើរ​របស់​សា​ម៉ី​ខ្លួន និង​បានសម្រេច​ផ្ទេរ​លោក គួច ចំរើន ពី​ខេត្តកំពង់ចាម មកជា​អភិបាលខេត្ត​ព្រះសីហនុ​វិញ​។ ពិធី​ប្រកាស​ចូលកាន់​តំណែង លោក គួច ចំរើន ជា​អភិបាលខេត្ត​ព្រះសីហនុ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩​។​

​យ៉ាងណាក៏ដោយ​ក្រោយ​ព្រឹត្តិការណ៍​បាក់​រលំ​អគារ​ប្រាំពីរ​ជាន់​ប៉ុន្មាន​ថ្ងៃ ពោលគឺ​នៅ​ថ្ងៃទី​២៧ ខែមិថុនា លោក យន្ត មីន ក៏ត្រូវ​បានតែងតាំង​ជានា​យ​ឧ​ត្ត​ម​សេនីយ៍ និង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​។ ទន្ទឹមនឹងនោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​សម្រេច​ដក​តួនាទី​លោក ញឹម វណ្ណដា ពី​ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដោយហេតុ​មិន​ទទួលខុសត្រូវ និង​និយាយ​ភូតកុហក​។ លោក​ទេសរដ្ឋមន្ត្រី គន់ គីម ត្រូវបានតែងតាំង ជំនួស​តំណែង​លោក ញឹម វណ្ណដា ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​បន្ទាប់ពី​ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់​ប្រាំពីរ​ជាន់ នៅ​ខេត្ត​ព្រះសីហនុ គឺ​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​ខែមិថុនា​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សេចក្តីសម្រេច​បង្កើត​គណៈ​កម្ម​ការត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​។​គណៈកម្មការ​នេះ មាន​សមាសភាព ១៥​រូប ដឹកនាំ​ដោយ​លោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន ព្រមទាំង​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ុក គឹម​លេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​អនុប្រធាន​។​

​ក្នុង​សន្និសីទកាសែត នៅ​ព្រលប់​ថ្ងៃទី​២៤ ខែមិថុនា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​បញ្ចប់​ប្រតិបត្តិ​ការរុករក​ជន​រងគ្រោះ នៅ​គំនរ​បាក់​រលំ​អាគារ ៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ ដោយ​តួលេខ​ចុងក្រោយ គឺ​ស្លាប់ ២៨​នាក់ និង​របួស ២៦​នាក់​។ ក្នុងនោះ ជនរងគ្រោះ​ប្រាំមួយ​នាក់ ត្រូវបាន​ជួយសង្គ្រោះ ចេញពី​គំនរ​អាគារ​បាក់បែក​។ ដោយសារតែ​មានការ​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់ពី​សប្បុរស​ជន​នាំ​ឲ្យ​អ្នកស្លាប់​ម្នាក់ ទទួលបាន​ថវិកា គិត​ត្រឹម​ចុង​សប្តាហ៍​នេះ បាន​ជាង​ប្រាំបី​ម៉ឺន​ដុល្លារ ហើយ​អ្នករបួស ក៏​ទទួលបាន​ភ្លាមៗ គឺ​ម្នាក់ៗ មិនតិចជាង​មួយ​ម៉ឺន​ដុល្លារ​នោះទេ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​ពេលនេះ យើង​បញ្ចប់​ការរុករក​ជនរងគ្រោះ តែ​យើង​មិនទាន់​បញ្ចប់​ការស្រាវជ្រាវ​ទេ ថា​តើ​សំណង់​នេះ មានច្បាប់ ឬ​មិន​ស្របច្បាប់​? ហើយ​តើ​វា​អាច​បន្ត​ការសាងសង់ បាន​ដោយ​របៀប​ណា​?”​។​

​កាលពី​ថ្ងៃទី​២៥ ខែមិថុនា តុលាការខេត្ត​ព្រះសីហនុ បាន​ចោទប្រកាន់​មនុស្ស​ប្រាំពីរ​នាក់ ជា​ជន​ជាតិចិន និង​ជនជាតិខ្មែរ ដែលជា​អ្នកទទួលខុសត្រូវ ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​ប្រាំពីរ​ជាន់ សង្កត់​មនុស្ស​បណ្ដាល​ឲ្យ​ស្លាប់ និង​របួស សរុប ៥៤​នាក់ នៅ​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​២២ ខែមិថុនា​។ ក្នុងនោះ ជនជាតិ​ចិន​បួន​នាក់ ត្រូវបាន​តុលាការ ចេញ​ដីកាឃុំខ្លួន នៅ​ពន្ធនាគារ តាំងពី​ថ្ងៃទី​២៤​មិថុនា ហើយ​នៅ​ថ្ងៃទី​២៥ ខែមិថុនា តុលាការ​បាន​ចោទប្រកាន់​មនុស្ស ៣​នាក់​ទៀត ជា​ជនជាតិខ្មែរ និង​ជនជាតិ​ចិន​។​

​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ព្រឹទ្ធសភា បានអនុម័ត​គាំទ្រ​ទាំងស្រុង​នូវ​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ដោយ​សំឡេង ៥៣ លើ ៥៣ សំឡេង​។ សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត មាន ៩​ជំពូក និង​៧២​មាត្រា ជា​ច្បាប់​ដែល មាន​ភាពចាំបាច់​បំផុត ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធាន​ប្រេងកាត​នៅ​កម្ពុជា​។

​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា កម្ពុជា​ប្រារព្ធ​ពិធី​ជួបជុំ អបអរ​ទិវា​អន្តរជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន​។ ក្នុង​ពិធី នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ ដល់​គ្រប់​ស្ថាប័ន និង​កម្លាំង​សមត្ថកិច្ច កុំ​មានការ​ពាក់ព័ន្ធ ឬ​អន្តរាគមន៍ លើ​បទល្មើស​គ្រឿងញៀន​។​

​អ្នកជំនាញ បានប្រកាសថា គិត​មកដល់​នេះ ករណី​ជំងឺគ្រុនឈាម នៅ​ទូទាំងប្រទេស កើតមាន​ចំនួន​ជាង ១៣.០០០​ករណី និង​មាន​អ្នកស្លាប់​ចំនួន ២៤​នាក់​។ ទោះបីជា​អត្រា​អ្នក​ឆ្លង​ជំងឺគ្រុនឈាម​ផ្ទុះឡើង​ខ្លាំង ក្នុងឆ្នាំនេះ ប៉ុន្តែ​អ្នកជំនាញ បាន​អះអាងថា កម្ពុជា​ធានាបាន​អត្រា​អ្នកស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​ទាប​បំផុត បើ​ធៀប​ទៅនឹង​ប្រទេស​មួយចំនួនទៀត​។

​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួបជុំ ប្រារព្ធ​ខួប ៦៨ ឆ្នាំ​នៃ​ការបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​២៨​មិថុនា ឆ្នាំ​១៩៥១ -​ថ្ងៃ​២៨​មិថុនា ឆ្នាំ​២០១៩​។ ក្នុង​ពិធី​ជួបជុំ នៅ​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស បាន​លើក​បង្ហាញ​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន ដល់​សារ​ធា​រណៈ​ជន​។ ក្រៅពី​ជោគជ័យ​ក្នុងការ​ផ្តួលរំលំ​របប​ខ្មែរក្រហម ដើម្បី​រំដោះប្រជាជន​កម្ពុជា​ចេញពី​ទុក្ខសោក​នាដកម្ម​ដ៏​ឃោរឃៅ សម្តេច​ហ៊ុនសែន ក៏បាន​ប្រកាសថា គណបក្ស​ប្រជាជន​កម្ពុជា បានរួម​សុខ រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជានិយម កសាង​សន្តិភាព លទ្ធិប្រជាធិបតេយ្យ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ធ្វើអោយ​ជីវភាព​ប្រជាជន​កម្ពុជា ប្រែប្រួល​ល្អប្រសើរ គួរ​ឲ្យ​កត់សម្គាល់​។

​សារព័ត៌មាន​អន​ឡាញ រួមទាំង​ការផ្សាយ​បន្ត​ផ្ទាល់​លើ​ហ្វេ​ស​ប៊ុ​ក បាន និង​កំពុង​បង្ក​ផលប៉ះពាល់​ដល់​អ្នកដទៃ ធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួន ក្លាយជា​ជនរងគ្រោះ ដោយសារតែ​ការផ្សាយ​ព័ត៌មាន​ដោយ​ខ្វះ​ក្រមសីលធម៌​។ ដោយ​មើលឃើញ​ពី​បញ្ហា​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​២៨ ខែមិថុនា ក្លិប​អ្នកកាសែត​កម្ពុជា ដឹកនាំ​ដោយ​លោក ប៉ែន បូ​ណា បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មួយ ក្នុង​គោលបំណង ចូលរួម​ពង្រឹង​វិស័យ​ព័ត៌មាន​អន​ឡាញ អោយមាន​គុណភាព​ខ្ពស់ បម្រើ​ផលប្រយោជន៍​មហាជន និង​កាត់បន្ថយ​ផលប៉ះពាល់​ដល់​អ្នកដទៃ​៕ ល​