ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

186
ចែករម្លែក

ដោយៈ ម៉េង​ឆៃ / ភ្នំពេញ​: ចាប់ពី​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ឆែក ហុង​គ្រី និង​ប្រទេស​ប៊ុលហ្គារី ដែល​ប្រទេស​ទាំងបី ជា​សមាជិក​សហភាព​អឺរ៉ុប​។​នៅពេល​សម្តេច​តេ​ជោ​អញ្ជើញ​ដល់​ប្រទេស​ឆែក កាលពី​រសៀល​ថ្ងៃទី​១៣​ខែតុលា មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និស្សិត​ខ្មែរ និង​មន្ត្រី​ស្ថានទូត​ជាច្រើនរូប បាន​អញ្ជើញ​ទទួល​ស្វាគមន៍ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដោយ​ទឹកមុខ​រីករាយ និង​ដោយ​ក្តី​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត​។ សម្តេច​តេ​ជោ បាន​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ខ្មែរ ដែល​បានមក​រង់ចាំ​ទទួល​សម្តេច មុនពេល​សម្តេច បន្តដំណើរ​ទស្សនកិច្ច នៅ​ប្រទេស​ឆែក​។​

​ចំណែក​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​វេទិកា​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប នៅ​ខេត្តបាត់ដំបង កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី​១៣​តុលា សម្ដ​ច​ក្រឡាហោម បាន​ថ្លែង​អំពាវនាវ​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ មាន​សមត្ថកិច្ច នៅក្នុង​ការទប់ស្កាត់​ផែនការ​បង្ក​សង្គ្រាម​របស់​ក្រុមប្រឆាំង ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី​។ សម្ដេច សខេង បានចាត់ទុក​គម្រោង​វិលត្រឡប់​របស់លោក​សម​រង្ស៊ី​ថា ជាការ​ចូលមក​បំផ្លាញ​សន្តិភាព លទ្ធិប្រជាធិបតេយ្យ និង​របបរាជានិយម​។

​កាលពី​ថ្ងៃទី​១៤ ខែតុលា ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានប្រកាស​ជាថ្មី​ម្តងទៀត​ទៅកាន់​កងទ័ព និង​បណ្តា​អង្គភាព​ចំណុះ ក្រោម​ក្រសួងការពារជាតិ ឲ្យ​ត្រៀម​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ទៅលើ​ទណ្ឌិត សម រង្ស៊ី និង​សកម្មជន ដែលមាន​ចេតនា ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ដែលជា​អំពើ​វិទ្ធង្សនា និង​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។ ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា បានចាត់ទុក​សកម្មភាព​របស់​ទណ្ឌិត សម រង្ស៊ី ថា​បាន​ឆ្លង​ហួស​បន្ទាត់​ក្រហម​រួចជាស្រេច​ទៅហើយ ដូចនេះ​កងទ័ព​ត្រូវធ្វើ​ការទប់ស្កាត់​បញ្ហា​នេះ តាមផ្លូវ​ច្បាប់​។ ការបញ្ជាក់​ជាថ្មី​របស់​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់ បានធ្វើ​ឡើង នៅក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ លើក​ទី​២៥ នៃ​ថ្ងៃ​បង្កើត​កងពលតូច​លេខ​៧០ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩​។

​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប ៧​ឆ្នាំ​នៃ​ការយាង​ចូល​ទិវង្គត​របស់​សម្តេចព្រះ នរោត្តម សីហនុ បាន​ប្រារព្ធ​ឡើង ជា​ផ្លូវការ កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​។ ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេចព្រះ​បរម​រតន​កោដ្ឋ ត្រូវបាន​ធ្វើឡើង នៅ​ព្រះ​បរម​រូប លើ​សួនច្បារ​ជិត​វិមានឯករាជ្យ ដោយមាន​វត្តមាន​មន្ត្រីជាន់ខ្ពស់ និង​ថ្នាក់ដឹកនាំ​សំខាន់ៗ ព្រមទាំង​មន្ត្រី​តាម​បណ្តា​ក្រសួង ស្ថាប័ន​នានា អង្គការ​ផ្សេងៗ ជា​រូប​នាក់​។​

​កាលពី​ថ្ងៃទី​១៥ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ហុង​គ្រី​។ មុន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​របស់​ហុង​គ្រី និង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល ស្តីពី ទឹក លើក​ទី​៣ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ ដល់​និស្សិត​ខ្មែរ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ហុង​គ្រី​។ ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​ហុង​គ្រី​នេះ បានធ្វើ​ឡើង បន្ទាប់ពី​សម្តេច បានបញ្ចប់​ទស្សនកិច្ច​ផ្លូវការ ដោយ​ជោគជ័យ នៅ​សាធារណរដ្ឋ​ឆែក កាលពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៤ ខែតុលា​។​

​កាលពី​ថ្ងៃទី​១៦ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ប៊ុលហ្គារី​។ ទស្សនកិច្ច​របស់​សម្តេច​នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ប្រទេស​ប៊ុលហ្គារី បន្ទាប់ពី​សម្តេច ហ៊ុន សែន បានបញ្ចប់​ដោយ​ជោគជ័យ​នូវ​ដំណើរ​ទស្សន​កិច្ចការងា​រ នៅ​ប្រទេស​ហុង​គ្រី និង​សាធារណរដ្ឋ​ឆែក​។​

​មន្ទីរពិសោធន៍ រ៉ែ នៅ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែល​ចំណាយ​ទឹកប្រាក់​សាងសង់ បី​លាន​ដុល្លារ ចា​ជំនួយ​របស់​ចិន ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ ។ មន្ទីរពិសោធន៍​នេះ នឹង​ជួយ​កម្ពុជា ឲ្យ​មាន​កន្លែង​ពិសោធន៍​អំពី​ធនធាន​រ៉ែ​របស់ខ្លួន ដោយ​មិនចាំបាច់ យក​សំណាក​ទៅ​ពិសោធន៍​នៅក្រៅ​បរទេស ដូច​ពេលកន្លងមក​ឡើយ​។

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ប៊ុល​ហ្ការី កាលពី​ថ្ងៃទី​១៧ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួបពិភាក្សា​លើ​ការងារ​ទ្វេភាគី ជាមួយ​ប្រធានាធិបតី​សាធារណរដ្ឋ​ប៊ុល​ហ្ការី លោក រ៉ូ​មែន រ៉ា​ដេ​វ​។ ជំនួប​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា និង​ប៊ុល​ហ្ការី ដែលជា​សមាជិក​សហភាព​អឺរ៉ុប ផ្តោត​សំខាន់​លើ​ការងារ​ជាច្រើន ពិសេស​ការកសាង​កិច្ចសហការ និង​ជំរុញ​បន្ថែម​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ នាពេល​បច្ចុប្បន្ន និង​អនាគត​។​

​ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា បាន​ដឹកនាំ​ប្រតិភូ​យោធា​ជាន់ខ្ពស់ ចេញដំណើរ ឆ្ពោះទៅកាន់​ប្រទេស​ចិន ដើម្បី​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​សំខាន់​ពីរ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២២ ខែតុលា​។ ព្រឹត្តិការណ៍​សំខាន់​ទាំង ២​នោះ រួមមាន ការប្រកួត​កីឡា​យោធា​ពិភពលោក លើក​ទី​៧ និង​វេទិកា​សៀង​សាន ប៉េកាំង លើក​ទី​៩ ។
​មេបញ្ជាការ​កងទ័ពជើងគោក​សាធារណរដ្ឋ​កូរ៉េ ឬ​កូរ៉េខាងត្បូង បានបង្ហាញ​ជំហរ​បន្ត​ជួយ និង​ពង្រឹងពង្រីក​ទំនាក់ទំនង ជាមួយ​កងទ័ពជើងគោក​កម្ពុជា ដែល​កន្លងមក​កងទ័ព​កូរ៉េ តែងតែ​គាំទ្រ និង​ជួយ​ដល់​កងទ័ព​កម្ពុជា លើ​ការបណ្តុះបណ្តាល ហ្វឹកហ្វឺន និង​មធ្យោបាយ​សម្ភារ​មួយចំនួន​។ ការបង្ហាញ​ជំហរ​របស់​មេបញ្ជាការ​កងទ័ពជើងគោក​កូរ៉េ បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ឧ​ត្ត​ម​សេនីយ៍ ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​។

​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែតុលា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ មកដល់​កម្ពុជា​វិញ​ហើយ ក្រោយ​សម្តេច​បញ្ចប់​បេសកកម្ម​ការងារ នៅ​ប្រទេស​ចំនួន​បី នៅ​តំបន់​អឺរ៉ុប​ខាងកើត​។ រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បណ្ឌិត កៅ គឹមហួន បាន​វាយតម្លៃថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​អឺរ៉ុប នាពេលនេះ កម្ពុជា​ទទួលបាន​ការ​គាំទ្រ​ដល់​កិច្ចដំណើរការ​អភិវឌ្ឍ និង​ដំណើរការ​ប្រជាធិបតេយ្យ ពី​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​។

​កាលពី​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​ចូលរួម​ជា​ភ្ញៀវកិត្តិយស ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ថ្មី​របស់លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) ជា​ប្រធានាធិបតី និង​ឯកឧត្តម ម៉ា​រូ​ហ្វ អា​ម៉ី​ន (Ma’ruf Amin) ជា​អនុ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​។ ពិធី​នេះ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី​។ តាម​គម្រោង សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​វិលត្រឡប់​មកដល់​ភ្នំពេញ​វិញ នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​២០ ខែតុលា​៕ ល​