ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

1201
ចែករម្លែក

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១ ឆ្នាំ នៃ​ទិវា​អតីតយុទ្ធជន​កម្ពុជា ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ ទិវា​អតីតយុទ្ធជន​កម្ពុជា ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា បង្កើតឡើង​នៅ​ឆ្នាំ​២០០៧ ដើម្បី​រំលឹក​នូវ​គុណូបការៈ​របស់​បងប្អូន​អតីតយុទ្ធជន ដែល​បាន​ប្រឹងប្រែង​តស៊ូ និង​ធ្វើ​ពលី​កម្ម​ដ៏​អង់អាច​ក្លាហាន ដើម្បី​ជាតិ​មាតុភូមិ​កម្ពុជា​។ ក្នុង​ពិធី​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ឈ្នះឆ្នោត នៅ​ខែកក្កដា​ខាងមុខ នោះ​ថវិការដ្ឋ​សរុប ៧៦ ម៉ឺន​រៀល នឹងត្រូវ​ផ្តល់ជូន​ស្ត្រី​ក្រីក្រ រាប់​តាំងពី​ពពោះ រហូតដល់​កូន​អាយុ ២​ឆ្នាំ​។​

​ចំណែក​កាលពី​ថ្ងៃ​ចន្ទ ទី​០៤ ខែមិថុនា ឆ្នាំ​២០១៨ គ​.​ជ​.​ប បានរៀបចំ​កិច្ចប្រជុំ ដើម្បី​ប្រកាស​ពី​យុទ្ធនា​ការចែក​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត ចាប់ពី​ថ្ងៃទី​០៦ ខែមិថុនា រហូតដល់​ថ្ងៃទី​០៥ ខែកក្កដា​។ គ​.​ជ​.​ប ក៏បាន​ប្រាប់​ពី​មូលហេតុ ដែល​ខ្លួន ប្រគល់​តួនាទី​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត ជូន​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដោយសារតែ​អាជ្ញាធរ​មូលដ្ឋាន អាច​ដឹង​ច្បាស់​ពី​ទីលំនៅ និង​សាច់ញាតិ​របស់​ពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​។ ចំនួន​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​នេះ ត្រូវ​បានគ​.​ជ​.​ប បោះពុម្ព​ចំនួន ៨.៣៨០.២១៧ ប័ណ្ណ ដែល​ស្មើនឹង​ចំនួន​អ្នកបោះឆ្នោត ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​របស់​គ​.​ជ​.​ប​។

​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​មន្ត្រីជាន់ខ្ពស់​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​។ សម្តេច​តេ​ជោ បានប្រកាស​ជា​សារ​ធារ​ណៈ​ថា រាជរដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន បាន និង​កំពុង​អនុវត្តន៍​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។ ផ្តើមចេញពី​ការងារ​នេះ មន្ត្រី​ខ្មោច ដែល​មានតែ​ឈ្មោះ​មិន​មក​ធ្វើការ មន្ត្រី​ជើង​១០ ដែល​ខ្លួន​តែមួយ​ធ្វើការ​ច្រើន​កន្លែង រួមជាមួយ​រូបភាព​ពុករលួយ​សាធារណៈ​ជាច្រើន ត្រូវបាន​លប់បំបាត់ចោល​ជា​បន្តបន្ទាប់ ដែល​ធ្វើអោយ​ចំណូល​ជាតិ​កើនឡើង គួរអោយកត់សំគាល់ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

​នៅក្នុង​សប្តាហ៍​នេះ ព័ត៌មាន​ល្បីល្បាញ​ជាងគេ ធ្វើ​ឲ្យ​កក្រើក​ហ្វេ​ស​ប៊ុ​ក និង​កក្រើក​សង្គម​កម្ពុ​ជា គឺ​ព្រះសង្ឃ​បរាជិក ឆាន់​ពោត នៅ​ខេត្តបន្ទាយមានជ័យ​។ ក្នុង​សំណុំ​រឿងនេះ ព្រះសង្ឃ ១​អង្គ ជា​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ នៅ​ខេត្តបន្ទាយមានជ័យ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ក្មេងស្រី សាច់​សខ្ចី​ម្នាក់ ហើយ​បាន​ឆាន់​ពោត កាន់​បែប​អាសអាភាស ត្រូវបាន​ក្មេងស្រី ជា​ស្រី​ស្នេហ៍​នោះ ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​០៤ ខែមិថុនា​។ រហូតដល់​ថ្ងៃទី​០៥ ខែមិថុនា ថ្នាក់ដឹកនាំ​ព្រះសង្ឃ នៅ​ខេត្តបន្ទាយមានជ័យ បាន​ហៅ​ព្រះសង្ឃ​បរាជិក និង​ក្មេងស្រី មក​ដោះស្រាយ​គ្នា ក្នុង​ព្រះវិហារ ហើយ​ចាប់​ផ្សឹក​ព្រះសង្ឃ​នោះ​។ ក្មេងស្រី ឈ្មោះ លី​តា អះអាងថា ព្រះសង្ឃ​បរាជិក ឈ្មោះ ស្រិល វណ្ណា បាន​រំលោភ​សេពសន្ថវៈ​លើ​នាង បានសម្រេច តាំងពី​ថ្ងៃទី​១៨​ខែឧសភា នៅក្នុង​បន្ទប់​គេង​របស់​នាង​។ នាង បានទាមទារ​ឲ្យ​ច្បាប់​ចាត់វិធានការ​លើ​អតីត​ព្រះសង្ឃ​នោះ ហើយ​ប្តឹងទៅ​សមត្ថកិច្ច ទាមទារ​សំណង ៥​ម៉ឺន​ដុល្លារ​។ តែ​ខាង​ព្រះសង្ឃ​បរាជិក ស្រិល វណ្ណា បាន​បដិសេធ ហើយ​ថា ការ​កាន់​ពោត បៀម លិ​ត​នោះ ធ្វើតាម​នាង លី​តា ដោយសារ​ខ្លួន​ត្រូវ​ថ្នាំ​សណ្តំ​របស់​នាង​។ រីឯ​ការរួម​មេត្រី​ជាមួយ​ក្មេងស្រី​នោះ ជាការ​ព្រមព្រៀងគ្នា​ប៉ុណ្ណោះ មិនមែនជា​រឿង​រំលោភ​ទេ​។ បន្ទាប់ពី​ចាប់​ផ្សឹក អតីត​ព្រះសង្ឃ ស្រិល វណ្ណា មិន​ត្រូវបាន​ចាប់ឃុំខ្លួន​នោះទេ​។​

​នៅក្នុង​សប្តាហ៍​នេះ ដំណឹង​ល្បីល្បាញ​មួយទៀត គឺ​ប៉ូលិស​គេង​លក់ នៅក្នុង​សាលប្រជុំ​កោះ​ពេជ្រ ជា​កន្លែង​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​អតីតយុទ្ធជន​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៨​។ ក្នុង​ពិធី​នោះ ចូលរួម​ជា​គណៈអធិបតី​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​បំភ្លឺ​ករណី​ប៉ូលិស ៣​នាក់ ជា​មេ​ប៉ុស្តិ៍នគរបាល​ឃុំ នៅ​ស្រុក​ស្រី​សន្ធរ ដេក​នោះ គឺ​ដេក​នៅ​មុនពេល​អង្គប្រជុំ​ចាប់ផ្តើម ហើយ​ដោយសារតែ​មេ​ប៉ុស្តិ៍​ទាំង ៣​នាក់ ធ្វើការ​ហត់ ដោយ​ដើរល្បាត​ពេលយប់​នៅ​មូលដ្ឋាន​។ ទីបំផុត​ទៅ ប៉ូលិស​ស័ក្តិ​៥ ពីរ​នាក់ ដែលជា​អ្នក​ថត និង​បង្ហោះ​ចែកចាយ​រូបថត​ប៉ូលិស ៣​នាក់ ដេក ក្នុង​សាលប្រជុំ​នោះ ត្រូវបាន​ដក​បញ្ឈរជើង​។ ប៉ូលិស​ស័ក្តិ ៥ ទាំងពីរ​នាក់ ដែល​ស្នងការ ដក​បញ្ឈរជើង គឺជា​អធិការនគរបាល​ស្រុក​ចំការលើ និង​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្តកំពង់ចាម​។​

​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​សំណេះសំណាល ជាមួយ​កម្មករ​កម្មការិនី​កាត់ដេរ​ជាង ២២.០០០​ពាន់​នាក់ នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។ ជំនួប​រវាង​សម្តេច​តេ​ជោ និង​កម្មករ​កម្មការិនី នៅ​ស្រុក​ជើងព្រៃ ក្នុង​សប្តាហ៍​នេះ ជា​ជំនួប​លើក​ទី​៤៤​ហើយ បន្ទាប់ពី​សម្តេច​បាន​ជួប​សំណេះសំណាល និង​ដោះស្រាយ​ប​ញ្ហ​ជូន​កម្មក​កម្មការិនី​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ប្រមាណ ៥៦ ម៉ឺន​នាក់​រួចមកហើយ គិត​ចាប់ពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧​។ ក្នុង​ពិធី​នេះ សម្តេច​ហ៊ុនសែន បានប្រកាសថា អ្នក​ដែល​ប្រកាស​អំពាវនាវ កុំ​ឲ្យ​ប្រជាជន​កម្ពុជា ទៅ​បោះឆ្នោត គឺជា​អ្នក​ដែល​ប្រឆាំងនឹង​ព្រះមហាក្សត្រ ព្រោះ​ព្រះមហាក្សត្រ ទើបតែ​បានចេញ​ព្រះរាជសារ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា​។​

​ដោយឡែក កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ត្បាញ​ក្រមា​ក្រឡា​ចុងក្រោយ ១០០០ ម៉ែត្រ ដែលជា​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​។ កម្មវិធី​ត្បាញ​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​នេះ ត្រូវបាន​ប្រារព្វ​ធ្វើ​ឡើងជា​ផ្លូវការ តាំងតែ​ពីថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ មក​ម្លេះ នៅ​សួនច្បារ​ព្រះមេរុ មុខ​សារៈមន្ទីរ​ជាតិ ជាប់​ព្រះបរមរាជវាំង ដោយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ចូលរួម​ត្បាញ​ក្រមា​នេះ ដោយ​សេរី​។ ព្រឹត្តិការណ៍​នេះ រៀបចំ​ដោយ​ក្រោម​ចលនា «GOGO CAMBODIA» ដឹកនាំ​ដោយ លោក ហ៊ុន ម៉ា​នី ក្រោម​ប្រធានបទ​ថា «​ជឿថា​ខ្ញុំ​ធ្វើបាន ជឿថា​យើង​ធ្វើបាន ជឿថា​ខ្មែរ​ធ្វើបាន​»​។

​កាលពី​ថ្ងៃទី​៧ ខែមិថុនា ក្រសួងការបរទេស​ក​ម្ពុ​ជា បានចេញ​ផ្សាយ​សេចក្ដីជូនដំណឹង​សំខាន់​មួយ នោះ​គឺ​កម្ពុជា ត្រូវបាន​អង្គការសហប្រជាជាតិ​បោះឆ្នោត​គាំទ្រ​ឲ្យ​ធ្វើជា​អនុប្រធាន​មហាសន្និបាត លើក​ទី​៧៣​។ នៅ​ថ្ងៃទី​៨​ខែមិថុនា រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុ​ជា លោក អ៊ុច បូរិទ្ធ បាន​បន្តធ្វើ​សន្និសីទកាសែត ដើម្បី​លម្អិត​ដំណឹង​គួរ​ជាទី​មោទន​នេះ និង​បាន​អះអាងថា កម្ពុជា​មានបទពិសោធន៍​ពិសេស​២ ដែល​នាំ​អង្គការសហប្រជាជាតិ​ផ្ដល់​សេចក្ដីទុកចិត្ត​ឲ្យ​កាន់​តួនាទី​ធំ​លើ​ឆាក​អន្តរជាតិ​មួយ​នេះ​។ បទពិសោធន៍ ២​នោះ គឺ​កម្ពុជា មិន​ប្រើ​អាវុធ​បញ្ចប់សង្គ្រាម និង​កម្ពុ​ជាមាន​កំណើន​សេដ្ឋកិច្ច​ល្អប្រសើរ​។ លោក អ៊ុច បូរ​រិ​ទ្ធ ក៏បាន​ចាត់ទុក​ការជ្រើសតាំង​កម្ពុជា ជា​អនុប្រធាន​មហាសន្និបាត​នេះ គឺ​ផ្ទុយ​ពី​អតីត​ថ្នាក់ដឹកនាំ​ប្រឆាំង ដែល​បាន​ប្រឹងប្រែង​ស្នើ​ឲ្យ​អង្គការសហប្រជាជាតិ ទាក់​ទណ្ឌកម្ម និង​ព្យួរ​អាសនៈ​របស់​កម្ពុជា​។​

​កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ ក្រសួងព្រះបរមរាជវាំង បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់ថា ព្រះរាជសារ​របស់​ព្រះករុណា ព្រះមហាក្សត្រ ដែល​ព្រះអង្គ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ អញ្ជើញ​ទៅ​បោះឆ្នោត នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គឺជា​ព្រះរាជសារ​ពិតប្រាកដ និង​ធ្វើឡើង​ដោយ​មិនមាន​ការគំរាមកំហែង​ឡើយ​។ សេចក្តីបញ្ជាក់​ពី​ព្រះបរមរាជវាំង​ដូច្នេះ បន្ទាប់ពី​អតីត​មេដឹកនាំ​គណបក្សប្រឆាំង បាន​លើកឡើងថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដែល​គេ​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​០៥​ខែមិថុនា ជា​ព្រះរាជសារ​ក្លែងក្លាយ​។​

​ចំណែក​កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៨ គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានធ្វើ​សមាជ ដោយ​ប្រគល់​តួនាទី​ជា​ប្រធាន​គណបក្ស ជូន​លោក ញឹក ប៊ុនឆៃ ឡើងវិញ​។ លោក ញឹក ប៊ុនឆៃ កាលពី​ខែសីហា ឆ្នាំ​២០១៧ ត្រូវបាន​ចាប់ឃុំខ្លួន ពាក់ព័ន្ធ​នឹង​សំណុំរឿង​ផលិត​គ្រឿងញៀន​ដ៏​ធំ នៅ​ខេត្តកំពង់ស្ពឺ កាលពី​ឆ្នាំ​២០០៧​។ ប៉ុន្តែ​ស្ងាត់ៗ លោក ញឹក ប៊ុនឆៃ ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ PJ កាលពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៨​។ លោក ញឹក ប៊ុនឆៃ ក៏បាន​ឈរឈ្មោះ ជា​បេក្ខជន​តំណាងរាស្ត្រ នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ ផងដែរ​៕ ល​