ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

1014
ចែករម្លែក

ដោយ​:​ ម៉េង​ឆៃ / ភ្នំពេញ​: នៅក្នុង​សប្តាហ៍​ទី​២ នៃ​ខែកក្កដា ចាប់ពី​ថ្ងៃទី​៨-១៤ ខែកក្កដា ឆ្នាំ​២០១៨ បើទោះបីជា​គណបក្សនយោបាយ បន្ត​យុទ្ធនាការ​ឃោសនាបោះឆ្នោត ក៏មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន​បានកើត​ឡើង​។ ក្នុងនោះ រួមមាន ព្រះរាជ​សកម្មភាព​របស់​ព្រះមហាក្សត្រ យាង​ចូលរួម​ពិធីបុណ្យ​រុក្ខទិវា នៅ​ខេត្តកំពត ព្រមទាំង​ការចូលរួម​ផ្ញើ​សារ​រំលែក​ទុក្ខ​ពី​សំណាក់​ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​គ្រោះទឹកជំនន់ ដោយសារ​ទឹកភ្លៀង នៅ​ប្រទេស​ជប៉ុន ជាដើម​។​

​កាលពី​ថ្ងៃទី​៩ ខែកក្កដា ជា​ពិធីបុណ្យ​រុក្ខទិវា​។ ព្រះ​កុ​ណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង ជា​ព្រះរាជាធិបតី ក្នុង​ពិធីបុណ្យ​រុក្ខទិវា ដែលមាន​ការដាំ​កូនឈើ​ជាង​មួយ​ម៉ឺន​ដើម នៅក្នុង​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត​។ ពិធី​អបអរ​ថ្ងៃ​រុក្ខទិវា​នេះ មាន​អ្នកចូលរួម​ប្រមាណ មួយ​ម៉ឺន​នាក់ ហើយ​ព្រះមហាក្សត្រ បាន​ដាំ​ដើមឈើ​ជា​និមិត្តរូប ព្រមទាំង​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ រួមគ្នា​ការពារ​ធម្មជាតិ ពិសេស​ដាំ​កូនឈើ​ឡើងវិញ ឲ្យ​បាន​ច្រើន​។​

​ដោយឡែក យុទ្ធនាការ​ឃោសនាបោះឆ្នោត ត្រូវបាន​គណបក្សនយោបាយ បាន​បន្ត​ធ្វើឡើង​នៅ​ក្របខណ្ឌ​ទូទាំងប្រទេស​។ គណបក្សនយោបាយ បានធ្វើ​សកម្មភាព​ឃោសនា ដោយ​ជួបជុំ ចែក​ខិត្តប័ណ្ណ ចាក់​មេក្រូ បញ្ចាំង​ទូរទស្សន៍ និង​ហែ​ក្បួន​ឃោសនា​តាមផ្លូវ នៅ​មណ្ឌល​រាជធានី​ខេត្ត​ជាច្រើន​។ ជារួម សកម្មភាព​ឃោសនា​របស់​គណបក្សនយោបាយ ជា​រៀងរាល់ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៧ ខែកក្កដា ដល់​ថ្ងៃទី​១៤ ខែកក្កដា ត្រូវបាន គ​.​ជ​.​ប ប្រកាសថា បាន​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​អំពើហិង្សា និង​មាន​សណ្តាប់ធ្នាប់​ល្អ គ្មានអ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ នៅ​ក្របខណ្ឌ​ទូទាំងប្រទេស ទោះបី​ជាមាន​បណ្តឹង​ប្រមាណ ៦ ត្រូវធ្វើឡើង​នៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត​ក៏ដោយ​។​

​កាលពី​ថ្ងៃទី​៩ ខែកក្កដា អ្នកសង្កេតការណ៍​ជាតិ​ជាង​មួយ​ពាន់​នាក់ មកពី​អង្គការ សមាគម​ចំនួន ៩៤ បាន​ទួល​ការបណ្តុះបណ្តាល ស្តីពី ភារកិច្ច តួរ​នាទី និង​ការងារ​ពាក់​ព័​ន្ឋ​មួយចំនួន ជុំវិញ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​ប្រារព្វ​ធ្វើ នា​ថ្ងៃទី​២៩ កក្កដា​ខាងមុខ​។ វគ្គ​បណ្តុះបណ្តាល​នេះ រៀបចំឡើង​ដោយ​វេទិកា​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល ដោយ​ទទួល​ការបណ្តុះបណ្តាល​ផ្ទា​ល់ពី​មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​.​។

​ចំណែក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប .​បានប្រកាសថា ដំណើរការ​ផ្តល់​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត គិត​ចាប់ពី​ថ្ងៃទី​៦ ខែមិថុនា ដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ គឺ​នៅ​ទូទាំងប្រទេស បានផ្តល់​ប័ណ្ណ​ព័ត៌មាន​ដល់​អ្នកបោះឆ្នោត បាន​ចំនួន​សរុប​ជាង ៧​លាន ៩​សែន​នាក់ ស្មើនឹង​ជាង ៩៤% នៃ​ចំនួន​អ្នកបោះឆ្នោត​សរុប ដែលមាន​ជាង ៨ លាន ៣​សែន​នាក់​។ ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត ដែល​នៅសល់ នឹងត្រូវ​តម្កល់​នៅ​សាលាឃុំ​សង្កាត់ ហើយ​បើទោះបីជា​អ្នកបោះឆ្នោត មិន​ទទួលបាន​ប័ណ្ណ​ព័ត៌មាន​នេះ ក៏​អាច​ទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា បានដែរ​។​

​កាលពី​ថ្ងៃទី​១0 ខែកក្កដា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លិខិត​ជូន​លោក ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន ដោយ​សម្តេច​បាន​សម្តែង​នូវ​ការចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ចំពោះ​គ្រោះទឹកជំនន់ និង​បាក់​ដី ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ប្រទេស​ជប៉ុន ដែល​បាន​កើតឡើង តាំងពី​ចុង​សប្តាហ៍​មុន​។ គ្រោះទឹកជំនន់ និង​បាក់​ដី នៅ​ប៉ែក​ខាងត្បូង និង​ប៉ែក​ខាងលិច ប្រទេស​ជប៉ុន បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ យ៉ាងហោចណាស់ ជាង ២០០ នាក់ និង​បាត់​ខ្លួន​ជាច្រើន​នាក់​ផ្សេងទៀត​។​

​ពាក់ព័ន្ធ​នឹង​គ្រោះទឹកជំនន់ នៅ​ប្រទេស​ជប៉ុន​! ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​១២ ខែកក្កដា ក៏បាន​ថ្វាយ​ព្រះរាជសារ ចូលរួម​រំលែក​ទុក្ខ​ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគី ហ៊ិ​តូ ( AKIHITO ) ចំពោះ​គ្រោះទឹកជំនន់ នៅ​ប៉ែក​ខាងត្បូង និង​ខាងលិច​ប្រទេស​ជប៉ុន​។ គ្រោះទឹកជំនន់ នៅ​ប្រទេស​ជប៉ុន ដែល​បណ្តាល​ឲ្យ​ប្រជាជន​ជប៉ុន​ជាង ៨​លាន​នាក់ ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​សម្បែង ទៅកាន់​ទីទួល​សុវត្ថិភាព​។ រីឯ​បេសកកម្ម​រុករក និង​ជួយសង្គ្រោះ នៅតែ​បន្ត ដើម្បី​តាមរក​មនុស្ស​ជាច្រើន​នាក់​ទៀត ដែល​កំពុង​បាត់​ខ្លួន​។​
​ដោយឡែក ក្រុមប្រឹក្សាធម្មនុញ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា បានរៀបចំ​ពិធី​ផ្សព្វផ្សាយ​ស្ដីអំពី​នីតិវិធី​នៃ​ការដោះស្រាយ​បណ្ដឹង ពាក់ព័ន្ធ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ គ្រប់ភាគី បានផ្ដល់​តម្លៃ​ខ្ពស់​ចំពោះ​ជំនួប​នេះ ពីព្រោះ​វា​ជា​លើកទីមួយ​ហើយ ដែល​ក្រុមប្រឹក្សាធម្មនុញ្ញ រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ ដែលមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​។​

​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត កាលពី​ថ្ងៃទី​១៣ ខែកក្កដា គ​.​ជ​.​ប​. បាន​ដឹកជញ្ជូន​សន្លឹកឆ្នោត​ជាង ១០​លាន ៥​ម៉ឺន​សន្លឹក ចេញពី​រោង​ពុម្ព យកទៅ​រក្សាទុក​នៅ​ឃ្លាំង​របស់​គ​.​ជ​.​ប មុននឹង​ដឹកជញ្ជូន​បន្ត ទៅកាន់​ការិយាល័យ​បោះឆ្នោត ឲ្យ​បាន​យ៉ាងហោចណាស់ ៣៨ ម៉ោង មុន​ថ្ងៃ​បោះឆ្នោត​។ ជាមួយគ្នា​នោះ អ្នកនាំពាក្យ​គ​.​ជ​.​ប ក៏បាន​លើកឡើងថា យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​បស់​គណបក្ស​នយោបាយ​ចាប់​ទាំងពី​ថ្ងៃទី​០៧ ខែកក្កដា រហូតដល់​ថ្ងៃទី​១២ ខែកក្កដា គឺមាន​រយៈពេល ១​សប្ដាហ៍​នេះ បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​។ តែ​ក៏មាន ៦ បណ្ដឹង ក្នុង​រយៈពេល​ឃោសនាបោះឆ្នោត​នេះ ក្នុងនោះ បាន​ដោះស្រាយ​ចប់​ចំនួន ៥​បណ្ដឹង និង​កំពុង​សម្របសម្រួល​នៅ​ថ្នាក់ក្រោម ១​បណ្ដឹង​។ បើ​សរុបទៅ រហូតមកដល់​ថ្ងៃទី​១៤​កក្កដា មិនទាន់មាន​បណ្ដឹង ឡើងមក​ដល់គ​.​ជ​.​ប នៅឡើយ​ទេ​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៣​កក្កដា រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ​វេទិកា​ចំហ​ស្តីពី «​សក្តានុពល និង​បញ្ហា​ប្រឈម​នៃ​ការវិនិយោគ​នៅ​កម្ពុជា​»​។ វេទិកា​នេះ មានការ​ចូលរួម​ពី​អ្នកជំនាញ​ក្នុង​វិស័យ​វិយោគ​ផ្សេងៗ​នៅ​កម្ពុជា ដើម្បី​ចែករំលែក​បទពិសោធន៍ បង្ហាញ​ពី​ពិភាក្សា​សក្កា​នុព​ល និង​បញ្ហា​ប្រឈម​នានា នៅក្នុង​បរិយាកាស​នៃ​ការវិនិយោគ​នៅ​កម្ពុជា​។​

យប់​ថ្ងៃទី​១៣ ខែកក្កដា មាន​ហេតុការណ៍​សង្ស័យ​ពុល​ស្រាស នៅ​ភូមិ​ស្នួល​កើត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។ ហេតុការណ៍​នោះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់ និង​ធ្លាក់ខ្លួន​ជិត ៥០​នាក់​។ តាម​លទ្ធផល​បឋម មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល បាន​រកឃើញថា អ្នកភូមិ​ស្លាប់ និង​ឈឺ​ទាំងនោះ ពុល​ស្រាស ដោយ​រោគសញ្ញា​ជំងឺ ជា​រោគសញ្ញា​ពុល​ជាតិ មេ​តា​ណុល (Methanol)៕ ល​