ព្រឹត្តិការណ៍​នៅ​ថ្ងៃ​៥-៦ កក្កដា មិនមែនជា​រដ្ឋប្រហារ​ទេ ជាការ​បង្ក្រាប​ចលនា​បះបោរ​នាំ​ខ្មែរក្រហម​ចូល​ភ្នំពេញ និង​នាំ​អាវុធ​ខុសច្បាប់​

375

(​ភ្នំពេញ​)៖​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ បាន​ច្រានចោល​នូវ​ការ​​ចោទប្រកាន់ថា កងទ័ព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​រដ្ឋប្រហារ​ទម្លាក់ សម្តេចក្រុមព្រះ ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​៥-៦ កក្កដា​ឆ្នាំ​១៩៩៧ ប៉ុន្តែ​លោក​ថា​ព្រឹត្តិការណ៍​នោះ គឺជា​ការបង្ក្រាប​ចលនា​បះបោរ ដែល​សម្តេចក្រុមព្រះ​បាន​ទិញ​អាវុធ​ទំនើប​ហើយ​នាំ​កងកម្លាំង​​ខ្មែរក្រហម​ចូលមក​រាជធានី​ភ្នំពេញ ដោយ​ខុសច្បាប់​ដើម្បី​បង្ក​សង្គ្រាម​ជាថ្មី​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ការចេញមុខ​ច្រានចោល​នូវ​ការចោទប្រកាន់​នេះ បានធ្វើ​ឡើង​ចំ​ថ្ងៃ​ខួប​ទី​២០​ឆ្នាំ នៃ​ព្រឹត្តិការណ៍​បង្ហូរឈាម​ថ្ងៃទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧ ដែលជា​ការប៉ះទង្គិច​គ្នា​រវាង​កងទ័ព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី​២ និង កងទ័ព​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់ សម្តេចក្រុមព្រះ​នរោត្តម រណ​ឫទ្ធ នាយករដ្ឋមន្ត្រី​ទី​១ សម័យ​នោះ ហើយ​ដែល​ធ្វើឡើង​ក្រោយពី​មានការ​ចុះផ្សាយ​ដកស្រង់​សម្តី​មន្ត្រីជាន់ខ្ពស់​​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ថ្លែង​ទាមទារ​ឱ្យ​អាជ្ញាធរ ស្វែងរក​យុត្តិធម៌​សម្រាប់​មន្ត្រីជាន់ខ្ពស់​និង​កងកម្លាំង​របស់​បក្ស​រាជានិយម​​ដែល​ត្រូវបាន​សម្លាប់​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧​។​

​លោក ឈុំ សុជាតិ បាន​អះអាងថា ព្រឹត្តិការណ៍​ថ្ងៃទី​៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧ បើសិនជា​កងទ័ព​ដ៏​ស្មោះត្រង់​របស់លោក ហ៊ុន សែន ទប់ស្កាត់​មិនទាន់​វេលា​ទេនោះ កម្ពុជា​ក៏​មិនមាន​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍​ដល់ពេល​បច្ចុប្បន​នេះដែរ​ហើយក៏​ប្រហែលជា​ធ្លាក់​​ទៅក្នុង​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ថែម​ទៀតផង​។ លោក បានចាត់ទុក ការនាំ​ទាហាន​ខ្មែរក្រហម​ចូល​ទីក្រុង​ភ្នំពេញ​និង​ការ​នាំចូល​អាវុធ​ខុសច្បាប់​​យ៉ាងច្រើន​មក​កម្ពុជា​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម័យ​នោះ គឺជា​ទង្វើរ​មួយ​ដែល​មិនអាច​អត់ឱន​ឱ្យបាន​ឡើយ​ហើយ​កម្លាំង​ទ័ព​ដែល​ស្មោះត្រង់​ជាមួយ​លោក ហ៊ុន សែន ត្រូវតែ​ចេញ​អន្តរ​គម​ន៍​ដោះស្រាយ​ឱ្យទាន់​ពេលវេលា​។​

​សូមបញ្ជាក់ថា ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ គឺជា​ខួប ២០​ឆ្នាំ (៥ កក្កដា ១៩៩៧-៥ កក្កដា ២០១៧)​ដែល​កម្លាំង​ទ័ព​គ្រប់គ្រង​ដោយ​​នាយករដ្ឋមន្ត្រី​ទី​១ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលមាន​លោក​ញឹក​ប៊ុនឆៃ​ជា​មេទ័ព​និង​កម្លាំង​ទ័ព​គ្រប់គ្រង​ដោយ​នាយក​រដ្ឋ​​មន្ត្រី​ទី​២ លោក ហ៊ុន សែន​បាន​ប៉ះទង្គិច​គ្នា​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។​ការ​សាក​កម្លាំង​មួយ​ប្រាវ​ធ្វើឱ្យ​កងទ័ព​របស់​សម្តេចក្រុមព្រះ​​ដែលមាន​ការចូលរួម​ពី​កងទ័ព​ខ្មែរក្រហម​តាម​ជាយដែន​ផង​នោះ បាន​ចាញ់​យ៉ាងដំណំ​ហើយ​ទ័ព​និង​មន្ត្រីជាន់ខ្ពស់​របស់​សម្តេច​ក្រុមព្រះ​​មួយចំនួន​បាន​ស្លាប់​ផងដែរ​។

​ការផ្ទុះ​សង្គ្រាម​មួយ​ដង្ហើមចង្រិត​នេះ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ដែល​អារម្មណ៍​នៅ​ដិតដាម​ជាមួយ​ភ្លើងសង្គ្រាម​នៅឡើយ​នោះ ត្រូវ​ព្រលឹងចុងសក់ ព្រួយបារម្ភ​ខ្លាច​ទុក្ខវេទនា​ដោយសារ​ភ្លើងសង្គ្រាម​វិលត្រឡប់​មកជា​ថ្មី​៕ ​ប្រភពៈ​កម្ពុជា​ពិត #​ឈុំ​សុជាតិ #​នាំពាក្យ​ក្រសួងការពារជាតិ​

​៥-៦ កក្កដា ១៩៩៧ បើទប់មិនទាន់ទេ ក្រុងភ្នំពេញជួបអន្តរាយធំ

នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ