ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ លើ​វាលរាប លើក​ទី​៤ បានបញ្ចប់​ដោយ​ជោគជ័យ​កាន់តែខ្លាំង​

194
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃទី​៧ និង​ទី​៨ ខែធ្នូ នេះ លើ​ទឹកដី​បាត់ដំបង បានបញ្ចប់​ហើយ ដោយ​អ្នករៀបចំ ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ លើ​វាលរាប លើក​ទី​៤ នេះ បាន​អះអាងថា ព្រឹត្តិការណ៍​នេះ បាន​ប្រព្រឹត្តទៅ ដោយ​ជោគជ័យ​កាន់តែខ្លាំង លើស​ការរំពឹងទុក ខណៈ​កីឡាករ កីឡាការិនី ទាំង​ជាតិ និង​អន្តរជាតិ យល់​កាន់តែច្បាស់ ពី​លក្ខន្តិកៈ​នៃ​ច្បាប់​ប្រណាំង​។​

​តំណាង​ក្រុមហ៊ុន KARA លោក វង់ គីម ហួត ទទួលបន្ទុក​ផ្នែក​បច្ចេកទេស និង​អ្នកសម្របសម្រួល ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ លើ​វាលរាប លើក​ទី​៤ ដែ ល​ប្រសិទ្ធ​នាម​ថា TOTAL CUP RACE បានបញ្ជាក់ ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​ប្រណាំង នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៩​ថា ព្រឹត្តិការណ៍​ប្រណាំង ដែល​ដំណើរការ​រយៈពេល ២ ថ្ងៃ នៅក្នុង​ទីលាន​អាកាសយានដ្ឋាន វាល​បែក​ចាន ក្រុង​បាត់ដំបង ខេត្តបាត់ដំបង គឺ​បានបញ្ចប់​ដោយ​ភាពជោគជ័យ កាន់តែខ្លាំង​ជាង ៣ លើក​កន្លងមក ខណៈ​លើក​ទី​៤​នេះ កីឡាករ កីឡាការិនី ចូលរួម​ប្រណាំង និង​ក្រុម​ជាង​បច្ចេកទេស យល់​កាន់តែច្បាស់ អំពី​លក្ខន្តិកៈ​បច្ចេកទេស នៃ​ច្បាប់​ការប្រកួត ពិសេស គឺ​ការចូល​រួមសហការ ពី​អាជ្ញាធរ បាន​យ៉ាង​ល្អប្រសើរ និង​អ្នកទស្សនា ចូលរួម​គាំទ្រ​ច្រើន​កុះករ ដែលជា​ការចូលរួម លើកទឹកចិត្ត​អ្នក​ប្រណាំង​។​

​លោក​បាន​បញ្ជាក់ថា ថ្វី​ដ្បិត​ពេលនេះ អត្ត​ព​លិ​ក កីឡាករ កីឡាការិនី​ប្រណាំង​ម៉ូតូ​កម្ពុជា មិនទាន់​ប្រជែង​ដណ្តើមបាន លទ្ធផល​ល្អ ក្នុង​វិញ្ញាសា​ប្រណាំង កម្រិត​ជំនាញ​ខ្ពស់ ដែលមាន​កីឡាករ​បរទេស ចូលរួម​ជាមួយ​ក្តី ប៉ុន្តែ​កម្រិត​សមត្ថភាព នៃ​ការប្រកួតប្រជែង គឺមាន​ការរីកចំរើន​ខ្លាំង ជាង​ឆ្នាំមុនៗ ពោលគឺ​ការប្រកួតប្រជែង មាន​ភាព​តានតឹង​ខ្លាំង មុននឹង​កីឡាករ​បរទេស ទទួលបាន​ជោគជ័យ​។ ជាមួយគ្នា​នោះ លោក ក្នុងនាម​ក្រុមហ៊ុន KARA បាន​អំពាវនាវ អោយ​បណ្តា​ក្រុមហ៊ុន ពាក់ព័ន្ធ​នឹង​វិស័យ​កីឡា​យានយន្ត សូម​ចូលរួម​គាំទ្រ​ឧបត្ថម្ភ ដល់​កីឡាករ កីឡាការិនី នៅក្នុង​ស្រុក ដើម្បីអោយ​កីឡាករ​យើង មាន​សក្តានុពល ដូច​កីឡាករ មកពី​បណ្តា​ប្រទេសជិតខាង និង​ក្នុង​តំបន់​។​

​លោក​បាន​ថ្លែងអំណរគុណ ដល់​ក្រុមហ៊ុន TOTAL ដែលជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​ធំ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និង​បណ្តា​ក្រុម​មួយចំនួនទៀត ដែល​បាន​ជម្រុញ អោយ​ព្រឹត្តិការណ៍​ប្រណាំង​នេះ បញ្ចប់​ទៅដោយ​ភាពជោគជ័យ​។​

​កីឡាករ​ម៉ាឡេស៊ី មហា​ម៉េ​ត​ហ្វី​ទ្រី អា​ស្រា​ហ្វ​ប៉ី​ន​រ៉េ​ស ដែល​ចូលរួម​ប្រណាំង បានលើកឡើង​ថាៈ ” នេះ​ជា​លើក​ទី​១ របស់ខ្ញុំ មក​ប្រណាំង​នៅ​កម្ពុជា ហើយ​ខ្ញុំ​មើលឃើញថា ការរៀបចំ​ព្រឹត្តិការណ៍ ប្រណាំង​របស់​កម្ពុជា​នេះ ពិតជា​ល្អ ប្រកបដោយ​ស្តង់ដា​អន្តរជាតិ ដូច​ប្រទេស​ម៉ាឡេស៊ី​ដែរ​។ លោក បាន​អះអាងថា ថ្វីដ្បិតតែ​ពេលនេះ កីឡាករ​កម្ពុជា មិនទាន់​ប្រជែង​ជាមួយ កីឡាករ​បរទេស ទទួលបាន​លទ្ធផល​ល្អ​ក្តី តែ​លោក ស​ង្ឈឹ​ម​ថា ជំហាន​បន្តបន្ទាប់​ទៀត កីឡាករ​កម្ពុជា នឹង​រីកចំរើន​។​

​ដោយឡែក កីឡាករ​កម្ពុជា ខុម ប៊ុន​ហាប់ បានបញ្ជាក់​ថាៈ នេះ​ជា​លើក​ទី​៤ ហើយ ដែល​គេ​បាន​ចូលរួម ក្នុង​ព្រឹត្តិការណ៍​ប្រណាំង កម្រិត​អន្តរជាតិ រៀបចំ​ដោយ​ក្រុមហ៊ុន KARA ហើយ​គេ​រំពឹង​ជឿជាក់ថា ការ​ប្រជែង​ជាមួយ កីឡាករ​បរទេស នឹង​ផ្តល់​បទពិសោធន៍​ថ្មី បន្ថែមទៀត​ដល់​ខ្លួន ដើម្បី​ពង្រឹងសមត្ថភាព ឈានទៅ​ដណ្តើម​ជោគជ័យ ការប្រណាំង នៅក្រៅ​ស្រុក នៅពេល​ខាងមុខ​។​

​ព្រឹត្តិការណ៍​ប្រកួតប្រណាំង​ម៉ូតូ លើ​វាលរាប​លើក​ទី​៤ ដែល​ប្រសិទ្ធ​នាម​ថា TOTAL CUP RACE​នេះ មិន​ត្រឹមតែ​ជួយ​លើ​កម្ពស់​អភិវឌ្ឍន៍ វិស័យ​ប្រណាំង​ម៉ូតូ នៅ​កម្ពុជា អោយ​រីកចំរើន​ប៉ុណ្ណោះ​នោះទេ ពោលគឺ​ព្រឹត្តិការណ៍​នេះ ក៍បាន​បង្កើត​ការអប់រំ ផ្សព្វផ្សាយ ដល់​អ្នក​ចូល​ទស្សនា អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាមរយៈ​ការ​ផ្តល់ឱកាស អោយ​យុវជន យុវនារី និង​ប្រជាពលរដ្ឋ ចូលរួម​ឆ្លើយ​សំណួរ​ឈ្នះ​រង្វាន់ មួកសុវត្ថិភាព ជុំវិញ​ច្បាប់​ចរាចរណ៍ ដែល​អ្នកបើកបរ នៅតាម​ដងផ្លូវ ត្រូវ​ដឹង និង​ចូលរួម​គោរព​ផងដែរ​។​

​សូមបញ្ជាក់ថា ការប្រណាំង​ម៉ូតូ​លើ​វាលរាប ឬ KARA Cup Race បង្កើតឡើង​ដំបូង នៅ​ឆ្នាំ​២០១៦ ធ្វើ​នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ លើក​ទី​១ និង​លើក​ទី​២ នៅ​អាកាសយានដ្ឋាន​បាត់ដំបង ឆ្នាំ​២០១៧ លើក​ទី​៣​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ រាជធានី​ភ្នំពេញ និង​លើក​ទី​៤ ធ្វើ​នៅ​អាកាសយានដ្ឋាន​ខេត្តបាត់ដំបង​៕​v