ព្រឹត្តិការណ៍​សម​រាត្រី​ឆ្នាំ​២០១៩​មកដល់​ទៀតហើយ​នៅ​ថ្ងៃ​២០​មីនា​

375
ចែករម្លែក
  • 11
    Shares

ដោយៈ​បាយ័ន​/​សៀមរាបៈ​ជា​រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍​សម​រាត្រី (Equinox)​តែងតែ​កើត មាន​ពីរដង​គឺ​នៅ​រដូវប្រាំង​(VernalEquinox)​កើត​ទ្បើង​នៅ​ខែមីនា​និង​សម​រាត្រី​រដូវវស្សា​(AutumnalEquinox)​កើត​ទ្បើង​នៅ​ខែកញ្ញា​។​នេះ​បើ​យ​យោងតាម​ប្រភព​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជា​ក់នៅ​ថ្ងៃទី​១៨​ខែមីនា​នេះ​។​
​ប្រភព​ដដែល​បានបញ្ជាក់​ជាមួយនឹង​ការបង្ហាញ​រូបថត​ផង​នោះបាន​សរសេរថា​តាម​ការសិក្សា​របស់​អ្នកស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យដឹងថា​សម​រាត្រី​នា​រដូវប្រាំង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៩​នេះ នឹង​ត្រូវចំ​ថ្ងៃទី​២០ ខែមីនា​ខាងមុខ​។​
សម​រាត្រី​ជា​វេលា​ដែល​ថ្ងៃ​និង​យប់​មាន​រយៈពេល​ស្ទើរតែ​ស្មើគ្នា​។ ក្រៅពីនេះ ខែ​ខ្លះ​ថ្ងៃ​មាន​រយៈពេល​វែង​ជាង​យប់ ហើយ​ខ្លះទៀត យប់​មាន​រយៈពេល​វែង​ជាង​ថ្ងៃ​វិញ​។​

ប្រភព​ដដែល​បន្តថា​ក​រ​ណី​ពិសេស​នៅ​អង្គរវត្ត​វិញ​នា​វេលា​ថ្ងៃ​និង​យប់​មាន​រយៈពេល​ស្មើគ្នា​នេះ ហៅ​សម​រាត្រី​ព្រះអាទិត្យ​នឹង​រះ​ទ្បើង​ចំ​កំពូល​កណ្តាល​នៃ​អង្គរវត្ត​នា​ព្រឹក​ព្រលឹម​ស្រាងៗ ដែល​យើង​អាច​មើលឃើញ​ពី​ក្លោងទ្វារ​កណ្តាល​នៃ​គុក​តា​រាជ (​ក្លោង​ទ្វារធំ​ខាងលិច​) ចាប់​ម៉ោង​៥​និង​៥០​នាទី​ដល់​ម៉ោង​ប្រហែល​៧​ព្រឹក នៅ​ថ្ងៃ​ព្រហស្បតិ៍ ០១​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩​។​
​នេះ​ជា​អច្ឆរិយ​ការ​របស់​អង្គរវត្ត​ដែល​បាន​ស្ថាបនា​ទ្បើង​ដោយមាន​ការសិក្សា​គន់គូ​រ​យ៉ាង​ល្អិតល្អន់​របស់​អ្នកប្រាជ្ញ​បណ្ឌិត​សម័យអង្គរ រួមផ្សំ​គ្នា​រវាង​ទ្រឹស្តី​គណិតសាស្ត្រ វិស្វកម្ម និង​តារាសាស្ត្រ​។ នេះ​គឺជា​ហេតុផល​វិទ្យាសាស្ត្រ​មួយ​ដែល​បំពេញ​ចម្លើយ​ចំពោះ​សំណួរ​ដែល​សួរ​មិនចេះចប់​ថា ហេតុដូចម្តេច​បានជា​អង្គរវត្ត​បែរមុខ​ទៅ​ទិស​ខាងលិច​? ដើម្បី​ស្វែងយល់​ពី​អច្ឆរិយការណ៍​នេះ សូម​សាធារណជន ភ្ញៀវ​ជាតិ​និង​អន្តរជាតិ អញ្ជើញ​ទស្សនា​តាម​ការគួរ​៕សរន