ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត ត្រូវបាន​រៀបចំ​នៅ​បរិវេណ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​

477
ចែករម្លែក
  • 64
    Shares

ដោយ​: បាយ័ន / សៀមរាប​: ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ​ខ្មែរ​នាពេល​ខាងមុខនេះ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប រដ្ឋបាល​ខេត្តសៀមរាប និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ដោយមាន​កម្មវិធី​សាសនា និង​ល្បែង​ប្រជាប្រិយ​ជាច្រើន សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ចូល​លេង​កម្សាន្ត នៅ​តំបន់​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​។​

អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត នៅ​បរិវេណ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ​(​រូបភាពៈ បាយ័ន​)

​លោក សុខ សង្វារ អគ្គនាយករង និង​ជា​ប្រធាន​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា សម្រាប់​កិច្ចសហការ​រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត បញ្ជាក់ថា រដ្ឋបាល​ខេត្តសៀមរាប ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត នឹង​រៀបចំ​សៀមរាប​សង្ក្រាន្ត ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ដោយមាន​កម្មវិធី​សាសនា និង​ល្បែង​ប្រជាប្រិយ​ជាច្រើន​។​

​លោក​បាន​បញ្ជាក់ថា ក្នុង​កិច្ចសហការ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ទទួលបន្ទុក​ក្នុង​ការងារ​រៀបចំ “​ភូមិ​ខ្ញុំ​” ក្នុង​គោលបំណង ផ្តល់ឱកាស​ឲ្យ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ គ្រប់រូប​ចូលរួម​ជួបជុំ​ជាមួយគ្នា​ក្នុងន័យ​មហា​គ្រួសារ​ខ្មែរ ដើម្បី​កម្សាន្ត​សប្បាយៗ ក្រោយពី​ការឈប់​សម្រាក​ការងារ និង​ជា​ប្រពៃណី​ក្នុងការ​បណ្តុះ​ស្មារតី​ស្រឡាញ់​រាប់អាន​គ្នា ក្នុងការ​រួបរួមសាមគ្គី​តាមរយៈ​លេងល្បែង​ប្រជាប្រិយ រាំ​កម្សាន្ត និង​ស្វែងយល់​ពី​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សិល្បៈ កេរដំណែល សម្បត្តិ​បេតិកភណ្ឌ​ជាតិ​-​អន្តរជាតិ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរ​នៅតាម​ជនបទ​។​

“​ភូមិ​ខ្ញុំ​” នឹងមាន​រៀបចំ​ទស្សនីយភាព​សំខាន់ៗ​ដូចជា ផ្ទះ​អ្នកភូមិ​ដែល​បង្ហាញ​ពី​របៀបរបប​នៃ​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​ដែលមាន​ដំណាំ​ដាំ​ដុះ​ជុំវិញ​គេហដ្ឋាន ព្រមទាំង​សកម្មភាព​ទុកដាក់​សមិទ្ធផល​ស្រែចំការ ស្ថាបត្យកម្ម​នៃ​សំណង់ផ្ទះ​ខ្មែរ រួមទាំង​វប្បធម៌​ប្រពៃណី​របស់​អ្នកភូមិ​តាមរយៈ​ល្បែង​ប្រជា​ប្រ​ប្រិ​យ និង​របាំ​ផ្សេងៗ​។

​រោង​តម្បាញ​និង​រោង​ចម្លាក់ ដែល​បង្ហាញ​នូវ​របៀប​ធ្វើ​សូត្រ តម្បាញ​សូត្រ​ខ្មែរ រោង​ជាងចម្លាក់ ដែលមាន​ចម្លាក់​ថ្ម ចម្លាក់​ថ្មកែវ ចម្លាក់​ឈើ ចម្លាក់​ប្រាក់ និង​ស្ពាន់​។​ល​។ និង​ផ្ទះ​សេដ្ឋី អមដោយ​ឆាក​សម្តែង​ដែលមាន​ការ​រចនា​តុបតែង​លម្អ​យ៉ាង​មាន​ភាព​ទាក់ទាញ​។​

​កម្មវិធី​សំខាន់ៗ​ដែល​ក្រុមការងារ​បាន​ត្រៀម​មាន​ដូចជា តន្ត្រី​ស្គរ​ដៃ​អ្នកភូមិ របាំ​ឆៃ​យ៊ាំ របាំ​អប្សរា របាំ​ជូនពរ របាំ​គោះត្រឡោក របាំ​ត្រុដិ តន្ត្រីសម័យ និង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​ប្រភេទ​ទៀត​។​

​ឲ​ដោយឡែក ក្រៅពី​ទស្សនី​ភាព​ភូមិ​ខ្ញុំ ក៏មាន​ទស្សនីយភាព​សប្បាយរីករាយ​ជាច្រើន​ទៀត ដែល​រៀបចំ​ដោយ​រដ្ឋបាល​ខេត្តសៀមរាប សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ចូលរួម​សប្បាយរីករាយ​អបអរសាទរ​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​យើង​៕ ល​