ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត រយៈពេល ៤​ថ្ងៃ នឹង​ចាប់ផ្តើម នៅ​ថ្ងៃទី​១៣​មេសា​

1113
ចែករម្លែក

​សៀមរាប​៖ ព្រឹត្តិការណ៍ «​អង្គរ​សង្ក្រាន្ដ​» ឆ្នាំ​២០១៨ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នៅលើ​ទឹកដី​អង្គរ ក្នុង​ខេត្តសៀមរាប នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨​។ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមេសា ពិធីបួងសួង​សុំ​សេចក្តីសុខ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី បាន​ប្រារព្ធ​ឡើង​នៅមុខ​ប្រាសាទអង្គរវត្ត​។ រីឯ​សម្តេច​តេ​ជោ​ហ៊ុនសែន ដែល​កំពុងមាន​វត្តមាន​នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​១២​មេសា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​អ្នកទេសចរ ចូលរួម​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៨ អោយបាន​ច្រើន​កុះករ ដើម្បី​អបអរសាទរ​ពិធី​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ដែល​ធ្វើឡើង នៅ​ក្រុង​អង្គរ ខេត្តសៀមរាប​។​

​ពិធីបួងសួង​នេះ ធ្វើឡើង​នៅមុខ​ប្រាសាទអង្គរវត្ត ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស​.​ស​.​យ​.​ក លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ​សំ​អាល់ ព្រមទាំង​ថ្នាក់ដឹកនាំ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ជាច្រើនរូប​។​

​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត លើក​ទី​៦ នឹង​ប្រារព្ធ​ឡើង ក្រោម​ប្រធានបទ “​សាទរ​មរតក​ដូនតា​” ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ នៅ​បរិវេណ​ប្រាសាទអង្គរវត្ត និង​ប្រាសាទអង្គរធំ ក្នុង​ខេត្តសៀមរាប​។​

​នៅ​ថ្ងៃទី​១២​មេសា​នេះ សម្តេច​តេ​ជោ​ហ៊ុនសែន ដែល​កំពុងមាន​វត្តមាន​នៅ​ខេត្តសៀមរាប ជាមួយ​សម្តេច​ភរិយា ព្រមទាំង​ចៅៗ សម្តេច​ក៏បាន​ផ្ញើ​សារ អំពាវនាវ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ចូលរួម​អង្គរ​សង្ក្រាន្ត​២០១៨ អោយបាន​ច្រើន កុះករ ដើម្បី​អបអរសាទរ​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ដែល​ធ្វើឡើង នៅ​ក្រុង​អង្គរ ខេត្តសៀមរាប​។

​សម្តេច​ហ៊ុនសែន បញ្ជាក់ថា ព្រឹត្តិការណ៍​«​អង្គរ​សង្ក្រាន្ដ​» នឹង​នាំមក​នូវ​ទស្សនីយភាព​វប្បធម៌ ប្រពៃណី ល្បែង​ប្រជាប្រិយ​ខ្មែរ​ដ៏​សម្បូរបែប​របស់​កម្ពុជា នឹង​ផ្ដល់ឱកាស​ដល់​យុវជន ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ និង​ភ្ញៀវទេសចរ​ជាតិ អន្ដរជាតិ បាន​ចូលរួម​កម្សាន្ត​សប្បាយ តាម​លក្ខណ​:​ប្រពៃណីជាតិ និង​ជាការ​បំផុសទឹកចិត្ត​យុវជន​កម្ពុជា​យើង ឲ្យ​ចាប់អារម្មណ៍​ស្វែងយល់​កាន់តែច្បាស់ និង​ចូលរួមចំណែក​លើកស្ទួយ​វប្បធម៌ អរិយធម៌​ដ៏​ពិសិដ្ឋ និង​ល្អ​ផូរផង់​របស់​ជាតិ ជាពិសេស​អំពី​សិល្ប​: របាំ​ប្រជាប្រិយ ល្បែង​ប្រជាប្រិយ​ខ្មែរ ទំនៀមទម្លាប់ ប្រពៃណី និង​សាសនា ដែល​កម្ពុជា​ធ្លាប់​ប្រតិបត្តិ និង​មាន​ភាពល្បីល្បាញ​តាំងពី​សម័យ​មហានគរ​មក​នោះ​។

​សម្តេច​តេ​ជោ បន្តថា “​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ សូម​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​គ្រប់​ទីកន្លែង​។ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​ក្លាយទៅជា​ព្រឹត្តិការ​ប្រចាំឆ្នាំ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​រៀបចំឡើង​នៅលើ​ទឹកដី​អច្ឆរិយ​អង្គរ នៃ​ខេត្តសៀមរាប ដែលជា​ខេត្ត​ទេសចរណ៍​ដ៏​ល្អ​ឯក​របស់​ប្រទេស​កម្ពុជា​។ ឆ្នាំនេះ​ទៀតសោត ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រឹតតែ​បង្ហាញ​នូវ​ទស្សនីយភាព​ប្លែកៗ សំខាន់ៗ​ជាច្រើន ក្នុងការ​បង្ហាញ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​នឹង​មក​កម្សាន្ត​ក្នុង​រយៈពេល​៤​ថ្ងៃ​ខាងមុខនេះ​។ ព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្ត​នេះ បង្កើតឡើង​ក្នុង​គោលបំណង ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យ ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ និង​ដើម្បី​ផ្ដល់ឱកាស​ដល់​យុវជន បាន​ចូលរួម​កាន់តែ​ខ្លាំងក្លា​ថែមទៀត​នៅក្នុង​កិច្ចការ​សង្គមជាតិ ចូលរួម​លើកស្ទួយ​ថែរក្សា ប្រពៃណី វប្បធម៌​ជាតិ ដែលជា​បេសកកម្ម​ដ៏​ឧ​ត្តុ​ង្ដ​ឧ​ត្ត​ម និង​ជាការ​បន្តវេន​របស់​យុវជន ពី​ជំនាន់​មួយ ទៅមួយ​ជំនាន់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​។

​សូម​រម្លឹកថា នៅ​ថ្ងៃទី​១៣​មេសា​ស្អែក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ចូល​ជា​អធិបតី​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ នៅ​ខាងជើង​ប្រាសាទបាយ័ន ដែល​ពិធី​នេះ នឹងមាន​ការចូលរួម​ពី​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ភ្ញៀវ​ជាតិ អន្តរជាតិ និង​យុវជន​យ៉ាងច្រើន​កុះករ​ផងដែរ​៕ ដោយ​៖ ម៉េង​ឆៃ​