ព្រឹត្តិការណ៍ “៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​” ចាប់ផ្តើម​ពីថ្ងៃ​ទី​២៩ ខែវិច្ឆិកា​-១ ខែធ្នូ នៅ​បរិវេណ​ស្រុក​ស្នួល​

1329
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ធ្វើ​សន្និសីទកាសែត​ស្តីពី​ការរៀបចំ​ព្រឹត្តិការណ៍ “៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​” កាលពី​រសៀល​ល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ ព្រឹត្តិការណ៍ “៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​” ជា​ព្រឹត្តិការណ៍​ផ្តួចផ្តើមឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ផ្តល់​វេទិកា​ពិសេស ក៏ដូចជា​បទពិសោធន៍​ថ្មី និង​ប្លែក​ជូន​ដល់​យុវជន​កម្ពុជា​តាមរយៈ​ការធ្វើដំណើរ​ថ្មើរជើង​រួមគ្នា​នៅលើ​គន្លង​ផ្លូវ​ដ៏​វែងឆ្ងាយ​មួយ​ប្រមាណ ៤០​គីឡូម៉ែត្រ​។

​កម្មវិធី​នេះ​គ្រោង​នឹងធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​បរិវេណ​ស្រុក​ស្នួល ខេត្តក្រចេះ ដោយមាន​ការចូលរួម​ពី​សំណាក់​យុវជន​ប្រមាណ​៥០០​នាក់ ដែល​មកពី​គ្រប់​មជ្ឈដ្ឋាន​។​

​ព្រឹត្តិការណ៍ “៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​” មាន​គោលបំណង​ដូចតទៅៈ អោយ​យុវជន​ចេះ​រួបរួមគ្នា​ក្នុង​គ្រា​លំបាក និង​គ្រា​សុខសាន្ត​។ អោយ​យុវជន​បាន​ស្វែងយល់​ពី​កម្រិត​សមត្ថភាព​របស់ខ្លួន កម្រិត​នៃ​ការតស៊ូ ភាព​អត់ធ្មត់ និង​កម្រិត​សមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​នានា​។ អោយ​យុវជន​បាន​ស្វែងយល់​ដោយ​ប្រយោល​ពី​ប្រវត្តិសាស្ត្រ​ទំនើបកម្ម​កម្ពុជា ដែលជា​កត្តា​សត្យានុម័ត​កំណត់​ស្ថានភាព​ជាក់ស្តែង​របស់​ក​ម្ពុ​ជា​ក្នុងពេល​បច្ចុប្បន្ន​។ អោយ​យុវជន​ចេះ​ស្វែងយល់​ពីគ្នា បង្កើត​សាមគ្គីភាព​និង​គ្នា​ក្នុង​សកម្មភាព​រួម​។​ល​។​

​លោក​ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែលមាន​ឈ្មោះ​ដើម​ថា សមាគមយុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែលជា​មួយផ្នែក​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក្នុង​ខួប​៤០​ឆ្នាំនេះ គឺ​ចង់​រម្លឹក​ទៅដល់​វីរភាព និង​ភាព​អង់អាច​ក្លាហាន​តស៊ូ​របស់​យុវជន​ជំនាន់​មុន​។ ហើយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​មានមក​ដល់​ថ្ងៃនេះ គឺ​ដោយសារ​ថ្ងៃ ២ ធ្នូ ១៩៧៨​។ ហើយ​មួយផ្នែក​មិន​ត្រឹមតែ​ចងចាំ​នូវ​ប្រវត្តិសាស្ត្រ​ទេ តែ​យើង​ចង់​ធ្វើ​អ្វីមួយ​ដើម្បី​បង្ហាញ​ពី​ការចងចាំ​របស់​យើង ហើយ​មួយផ្នែក​ដែល​យើង​ចង់​ឆ្លងកាត់ និង​ចង់​មានបទពិសោធន៍ គឺ​ការតស៊ូ​អត់ធ្មត់ ពុះពារ និង​ការ​រួមគ្នា​ដើម្បី​សម្រេច​អ្វីមួយ​ដើម្បី​បុព្វហេតុ​ជាតិ គឺ​តាមរយៈ​ការធ្វើដំណើរ ៤០​គីឡូម៉ែត្រ​។

​លោក​បន្តថា ក្នុង​រយៈពេល​នៃ​ការធ្វើដំណើរ ៤០​គីឡូម៉ែត្រ គឺរ​ពឹង​ថា​ពី​ជំហាន​មួយ​ទៅមួយ​ជំហាន​យុវជន​របស់​យើង​អាច​ស្រមើ​ស្រ​ម៉ៃ​ទៅ​អតីតកាល​របស់​យើង ស្ថានភាព​បច្ចុប្បន្ន​ផ្លូវ​វា​មិន​ស្រួល​ប៉ុន្មាន ក៏ប៉ុន្តែ​វា​មិន​ដូច​ជំនាន់​មុន​ទេ ជំនាន់​មុន​ការតស៊ូ​គឺជា​ការចាំបាច់​មួយ ដើរទៅ​តាមផ្លូវ​ត្រូវមាន​ការព្រួយបារម្ភ​ទៅ​រឿង​មីន​ដែល​បង្កប់​នៅតាម​ព្រំដែន នេះ​ជាការ​ចាំបាច់​ដែល​ចង់​ឲ្យ​យុវ​ជ​ជន​ចងចាំ​។ ហើយ​លើសពីនេះ​ថែមទៀត គឺ​ការដើរ​តស៊ូ​ក្នុងការ​រំដោះជាតិ គឺ​មិនអាច​ដើរ​ពេល​ថ្ងៃ​បានទេ ក្នុង​កាលៈទេសៈ​នោះ គឺ​ទឹកដី​ទាំងអស់​គ្រប់គ្រង​ភាគច្រើន​ដោយ​កម្លាំង​ខ្មែ​ក្រហម​។ ហើយ​ភូមិសាស្ត្រ​នៅក្នុង​ដំណាក់​កាលនោះ​ពោរពេញ​ដោយ​ព្រៃ​។

​លោក​ហ៊ុន ម៉ា​នី បាន​បញ្ជាក់ថា ការធ្វើដំណើរ ៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ គឺ​ពេលទៅដល់​នោះ គឺ​ចង់​ឲ្យ​យុវជន​នឹកឃើញ​ទៅដល់​ចំណុច​ទាំងអស់នេះ ប៉ុន្តែ​សុវត្ថិ​ភាពជា​ចម្បង គឺ​អត់​មាន​មីន​ដូច​មុន​ទៀត​ទេ ផ្លូវ​ត្រួសត្រាយ​ស្រួ​ស​ជាង​មុន​ឆ្ងាយ​ណាស់​។ ហើយ​លើសពីនេះ​ថែមទៀត យើង​មាន​ភាពច្បាស់លាស់​។ ចំពោះ​ការរំពឹងទុក គឺ​ចង់​ឲ្យ​យុវជន យុវនារី ដែល​ចូលរួម គឺ​ទី​១.​ចង់​សាកល្បង​ជឿជាក់​លើ​ខ្លួនឯង ថា​តើ​ខ្លួនឯង​ធ្វើបាន​ដែរឬទេ​? ហើយ​ក្នុងដំណាក់កាល​ធ្វើដំណើរ​៤០​គីឡូ​នេះ គឺ​ការតស៊ូ អត់ធ្មត់ ការពុះពារ​។ ហើយ​លើសពីនេះ​ថែមទៀត គឺ​យើង​ចង់ដឹងថា ភាព​ទទួលខុសត្រូវរ​បស់​យុវជន យុវនារី​ម្នាក់ៗ គឺ​នឹង​ធ្វើបាន​អ្វីខ្លះៗ​។​

​ចំណែក​លោក​សុខ សប្បាយ​ណា ប្រធាន​ក្រុមការងារ​ប្រតិបត្តិ នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ថ្លែងថា យ​យុវជន​ដែលមាន​បំណង​ចូលរួម ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន​រួមមានៈ ត្រូវបាន​អាយុ​ចន្លោះ​ពី​១៨​ឆ្នាំទៅ​៤៥​ឆ្នាំ ត្រូវមាន​កាយសម្បទា​រឹងមាំ មាន​សុខភាព​ផ្លូវចិត្ត​ប្រក្រតី គោរព​តាម​បទបញ្ជាផ្ទៃក្នុង​នៃ​ព្រឹត្តិការណ៍ ឆ្លងកាត់​សម្ភាសន៍​ដោយ​ជោគជ័យ មាន​ឆន្ទៈ​បង់ប្រាក់​ចូលរួម​ចំនួន​១០​ដុល្លារ រួម​នឹង​ប្រាក់​កក់​៩០​ដុល្លារ​បន្ថែម​។ ហើយ​ប្រាក់​កក់​នឹង​ប្រគល់ជូន​អ្នកចូលរួម​វិញ​ក្រោយ​ចប់​កម្មវិធី​ប្រសិន​អ្នកចូលរួម​ទាំងនោះ​បាន​អនុវត្ត​យ៉ាង​ពេញលេញ​តាម​បទបញ្ជាផ្ទៃក្នុង​។ ចំពោះ​ការធ្វើដំណើរ និង​ការ​ស្នាក់នៅ​ជា​បន្ទុក​រប​ស់​អ្នករៀបចំ​កម្មវិធី​។​

​លោក​បន្តថា យុវជន​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​នឹង​តម្រូវ​ឲ្យ​ធ្វើដំណើរ​លើ​ដងផ្លូវ​មួយ​ដែលមាន​រយៈ​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ (​សម្រាប់​បុរស​) រីឯ​សម្រាប់​នារី​មាន​អត្ថិភាព​ក្នុងការ​ជ្រើសរើស​បាន​ពីរ​ជា​ជម្រើស ដែលមាន​រយៈ​ចម្ងាយ​២០​គីឡូម៉ែត្រ ឬ​៤០​គីឡូម៉ែត្រ ដែល​ដំណើរ​នេះ​នឹង​ចំណាយ​ថេរៈវេលា​ប្រមាណ ១​ថ្ងៃ ១​យប់​។ យុវជន​ទាំងអស់​និង​ត្រូវ​បែង​ចែកជា​ក្រុម​តូចៗ ដែល​ក្នុង​មួយក្រុមៗ​មាន​សមាជិក​៣២​នាក់ ដឹកនាំ​ដោយ​ប្រធាន​ក្រុម​១​នាក់​៕