ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement ចាប់ផ្ដើម​វគ្គ​ជម្រុះ​ជុំ​ទី​៣

1071
ចែករម្លែក

​ដោយ​:​រ៉ូ​ហ្សា / ភ្នំពេញ​: ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement វគ្គ​ជម្រុះ​ជុំ​ទី​៣ ចាប់ផ្ដើម​ហើយ នៅ​យប់​ថ្ងៃទី​២១​មេសា​នេះ​។​

​សម្រាប់​ជុំ​ទី​៣​នេះ នៅសល់​អ្នក​ប្រដាល់​ជើង​ខ្លាំង​តែ​៨​រូប​ប៉ុណ្ណោះ ដែល​ក្នុង​៨​រូបនេះ​ត្រូវ​ជម្រុះ​ចោល​ចំនួន​៤​រូប និង​ទុក​៤​រូប​សម្រាប់​ឡើងទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ នេះ​ជា​វគ្គ​ជម្រុះ​ចុងក្រោយ​ហើយៗ​ការប្រកួត​ក៏​កាន់ តែ​តឹងតែង​ជាង​វគ្គ​ជម្រុះ​ទាំង​ជុំ​ទី​១ និង​ជុំ​ទី​២​។​

​សម្រាប់​ថ្ងៃទី​២១​មេសា​នេះ អ្នក​ប្រដាល់​៤​រូប​ដែល​ត្រូវ​ប្រជែង​គ្នា​យក​កៅអី​ចំនួន ២​នោះ គឺ​ជំនួប​រវាង​អ្នក​ប្រដាល់ ម៉ន រដ្ឋា ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង ធន មករា មកពី​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​។ សម្រាប់​អ្ន​ឈ្នះ​ពិត​ជាមាន​សំណាងល្អ ឯ​អ្នកចាញ់​ពិតជា​គួរ​ឲ្យ​សោកស្ដាយ​ហើយ​។​

​កាលពី​ជុំ​ទី​១ រដ្ឋា បាន​យកឈ្នះ​អ្នក​ប្រដាល់ សម្បត្តិ សំណាង ក្លិប​កងចក្រ​រាជសីហ៍​ដោយ​ពិន្ទុ និង​ជុំ​ទី​២ យកឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង អ៊ឹង បូរ៉ា ក្លិប​កុលបុត្រ​គុន​ខ្មែរ​ដោយ​ពិន្ទុ​ដែរ​។ ចំពោះ ធន មករា វិញ​នៅ​ជុំ​ទី​១ គេ​បាន​យកឈ្នះ​អ្នក​ប្រដាល់ លាប សំណាង ក្លិប​កងពលតូច​លេខ​៧០ នៅ​ទឹក​ទី​២ និង​ជុំ​ទី​២ ប្រកួត​ឈ្នះ លី​ញ ភារ​ម្យ ក្លិប​ភារ​ម្យ​គុន​ខ្មែរ ដោយ​ពិន្ទុ​។​

​សម្រាប់​ជុំ​ទី​៣​នេះ ម៉ន រដ្ឋា ឬ ធន មករា ជា​អ្នក​ដើរចេញ​? នរណា​ក៏​ជឿ​ដែរ​ថា ការប្រកួត​ពិតជា​តឹងតែង​មែន ហើយ​សម្រាប់​វគ្គ​នេះ​។ អ្នកចាញ់ និង អ្នកឈ្នះ​ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា​មិន​ខាន​នោះទេ​។​

​មួយ​ប្រកួត​ទៀត គឺជា​ជំនួប​រវាង​អ្នក​ប្រដាល់ យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ជាមួយ​អ្នក​ប្រដាល់​បឺត សង្ឃឹម ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​។​

​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ក៏​សុទ្ធតែជា​អ្នកខ្លាំង​ដូចគ្នា​។ កាលពី​ជំនួប​នៅ​ជុំ​ទី​១ យក្ស​ផ្លែ​ផ្ដួល​អ្នក​ប្រដាល់ កំពែង ខ្មៅ សមាគម​ប្រដាល់​ក្រសួងកសិកម្ម​នៅ​ទឹក​ទី​២ និង​ជុំ​ទី​២ ឈ្នះ​អ្នក​ប្រដាល់ នឹម នន ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​ពិន្ទុ​។​

​ចំពោះ​បឺត សង្ឃឹម​វិញ​កាល​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​១ គេ​ផ្ដួល​អ្នក​ប្រដាល់ នួន រ៉ា​ថេ​ន ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​នៅ​ទឹក​ទី​១ និង​ជុំ​ទី​២ ផ្ដួល​អ្នក​ប្រដាល់​ភួង ពិសិដ្ឋ ក្លិប​ខេត្តរតនគិរី​នៅ​ទឹក​ទី​២​។ សម្រាប់​ជុំ​ទី​៣ ដែលជា​ជុំ​សំខាន់​នេះ​មិនដឹងថា​បែ​ត សង្ឃឹម​ខ្ទាត​ចេញពី​ការប្រកួត ឬ យុគ យកស​ផ្លែ​ជា​អ្នក​ខ្ទាត​ចេញពី​ការប្រកួត​នោះទេ​។​

​ការប្រកួត​ជា​មិត្តភាព​អន្តរជាតិ​វិញ​នោះ មាស សុជាតិ ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ កង កាង​វ៉ាន (Konh Kangwan) ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម​។ គួ​ន សុវណ្ណ ក្លិប​យុវ​វាល​ស្បូវ ប្រកួត​ជាមួយ សយ សី ក្លិប​ពន្លឺ​វិបុល​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​។ ផល វិចិត្រ ក្លិប​ភារ​ម្យ​គុន​ខ្មែរ ប្រកួត​ជាមួយ អេ សា​រ័ត្ន ក្លិប​អេ​ភូ​ថង​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​៕