ព្រឹទ្ធបុរស​បក្ស​ប្រជាធិបតេយ្យ​ថៃ ជាប់​ជា​ប្រធានសភា​

850
ចែករម្លែក

​ព្រឹទ្ធាចារ្យ​និង​ជា​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ លោក​ឈួន លី​ក​ផៃ ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានសភា​កាលពី​ថ្ងៃ​សៅរ៍​ទី​២៥​ឧសភា ក្រោយពី​មាន​ការប្រកួតប្រជែង​គ្នា​​រវាង​ក្រុមគាំទ្រ​និង​ប្រឆាំង​យោធា​។​

​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ ដែល​ជា​បេក្ខជន​ដែល​ស្នើឡើង​ដោយ​គណបក្ស​ផា​ឡាំង ប្រចា​រ៉ា​ត ដែល​គាំទ្រ​យោធា ទទួលបាន​សម្លេង​គាំទ្រ​២៥៨ ទល់​នឹង​សម្លេង​២៣៥ សំរាប់​លោក​​សំ​ពង់ អា​ម៉ន​វីវ៉ា​ត មកពី​គណបក្ស​ភឿ​ថៃ​។​

​ថ្លែង​នៅ​ពេល​ក្រោយ​ជាប់ឆ្នោត លោក​ឈួន​បាន​និយាយថា «​ខ្ញុំ​មិន​បាន​គិតថា​ក្លាយជា​ប្រធាន​សភា​ទេ​។​តែ​នៅពេល​តំរូវការ​កើនឡើង ខ្ញុំ​មើល​ឃើញ​ថា​អង្គ​និតិ​បញ្ញត្តិ​នេះ​ទទួល​​បាន​ការជឿទុកចិត្ត​ពី​សាធារណ​ជន​ខ្លាំង​ឡើង​»​។​

​ក្នុង​កិច្ចប្រជុំ​លើកដំបូង​របស់​ខ្លួន​ដើម្បី​ជ្រើសរើស​ប្រធាន​សភា គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ា​ត បាន​ស្នើ​សុំ​ពន្យារពេល​៨​ម៉ោង​ដោយ​សារ​ហេតុផល​មិន​ច្បាស់លាស់ ។​មាន​ការ​មិន​សប្បាយ​​ចិត្ត​ក្នុងចំណោម​សមាជិក​សភា​បក្ស​ផា​ឡាំង​ប្រចា​រ៉ា​ត ដែល​ចង់​ដាក់​សមាជិក​របស់​ខ្លួន​ក្នុង​តំណែង​ប្រធានសភា តែ​ក្រុម​នេះ​បាន​សំរេច​គាំទ្រ​លោក​ឈួន​នៅ​នាទីចុងក្រោយ ប្រ​​ហែល​ជាមាន​កិច្ចព្រមព្រៀង​អ្វីមួយ​ក្នុងអំឡុងពេល​ពន្យារ​ពេល​ប្រជុំ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​មុនៗ គណបក្ស​ផា​ឡាំង​ប្រចា​រ៉ាត​គាំទ្រ​បេក្ខភាព​របស់​គណបក្ស​ប្រជាធិបតេយ្យ​សំរាប់​តំណែង​ប្រធានសភា និង​ជា​ថ្នូរ​មក​វិញ​គណបក្ស​ដែល​តែងតែ​ប្រឆាំង​​របប​សឹក​នឹង​គាំទ្រ​បេក្ខជន​របស់​គណបក្ស​យោធានិយម​នេះ​សំរាប់​តំណែង​នាយករដ្ឋមន្ត្រី​។​

​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន​អូ​ចា កំពុងស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះទៅ​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​ដោយ​គណបក្ស​ផា​ឡាំង​ប្រចា​រ៉ាត​កំពុង​អញ្ជើញ​គណបក្ស​នយោបា​យនានា​អោយ​ចូល​​រួម​ជាមួយ​ខ្លួន​ដើម្បី​បង្កើត​ក្រុម​ចំរុះ​មួយ​។​

​ការតែងតាំង​លោក​ឈួន​ត្រូវបាន​គេ​ជឿ​ថា កើតចេញ​ពី​កិច្ចព្រមព្រៀង​ណាមួយ​សំរាប់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​សមាជិក​សភា​៥២​រូប ចូលរួម​ជាមួយ​ផា​ឡាំង​ប្រចា​រ៉ា​ត​។​

​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​សភា​កាលពី​ថ្ងៃ​សៅរ៍​បង្ហាញថា លោក​ឈួន​បានទទួល​សម្លេង​គាំទ្រ​ពី​ផា​ឡាំង​ប្រា​ចា​រ៉ា​ត និង​បណ្តា​បក្ស​ដែល​អាច​ជា​ដៃគូ​ក្នុង​ក្រុមចំរុះ រួមមាន​​គណបក្ស ភូម​ចៃ​ថៃ​, ប្រជាធិបតេយ្យ ,​ឆាត​ផា​តា​ណា​និង​គណបក្ស​ក្រុម​សមកម្ម​ភាព​ចំរុះ​សំរាប់​ថៃ​។​

​គេ​ក៏​កត់សំគាល់ឃើញ​ថា សមាជិកសភា​៥​រូប​មក​ពី​ក្រុមចំរុះ​ដឹកនាំ​ដោយ​ភឿ​ថៃ​បាន​បោះឆ្នោត​គាំទ្រ​លោក​ឈួន​។​

​ក្រោយ​ការបោះឆ្នោត​ក្នុង​សភា សមាជិក​សភា​បក្ស​ភឿ​ថៃ​ម្នាក់​ក៏​បាន​និយាយថា​«​ពស់​វែក​»​ឬ​ពួក​អ្នកនយោបាយ​ក្បត់​បាន​លេចមុខ​នៅក្នុង​សម្ពន្ធភាព​ដឹកនាំ​ដោយ​បក្ស​ភឿ​ថៃ​។​

​លោក​ឈួន​វ័យ​៨០​ឆ្នាំ បាន​បំរើ​ជា​នាយករដ្ឋមន្ត្រី​២​លើក ចាប់ពី​ឆ្នាំ​១៩៩២-៩៥​និង​១៩៩៧-២០០១​។​ជា​អ្នកស្រុក​ត្រា​ង លោក​បាន​ចាប់ផ្តើម​អាជីព​ជា​មេធាវី​មួយរូប​មុន​ចូលរួម​ក្នុង​​គណបក្ស​ប្រជាធិបតេយ្យ ជា​សមាជិក​សភា​ខេត្ត​ត្រាង​នៅ​ឆ្នាំ​១៩៦៩ និង​បាន​ក្លាយជា​ប្រធាន​បក្ស​នៅ​ឆ្នាំ​១៩៩១​។​ពេញ​មួយ​ជីវិត​នយោបាយ​របស់លោក លោក​បាន​បំរើការ​ជា​រដ្ឋ​​មន្ត្រី​ជាច្រើន រួមមាន រដ្ឋមន្ត្រី​យុត្តិធម៌ ពាណិជ្ជកម្ម កសិកម្ម សិក្សាធិការ​និង​សុខាភិបាល​។​ចុង​ក្រោយ​លោក​បំរើការ​ជា​ទីប្រឹក្សា​បក្ស​៕​ដោយ​៖​វាសនា​

ឈួន លី​ក​ផៃ ត្រូវបាន​អបអរ​ក្រោយ​ឈ្នះ​បាន​តំណែង​ប្រធានសភា​ថៃ កាលពី​ថ្ងៃ​សៅរ៍​

លោក​​សំ​ពង់ អា​ម៉ន​វីវ៉ា​ត មកពី​គណបក្ស​ភឿ​ថៃ​ដែលឈរនៅលេខរៀងទី១ ប្រជែងចាញ់បេក្ខជនគណបក្សលំដាប់ទី៤

#