ព្រឹទ្ធបុរស​មហាវិទ្យាល័យ​កសិកម្ម​អំពាវនាវ​អោយ​កសិករ​ដែល​ដាំ​ក្រូច​ត្រូវ​ជ្រើសរើស​ពូជ​គ្មាន​ជំងឺ​ជៀសវាង​ការបោះបង់ចោល​

303
ចែករម្លែក

ដោយ:គ្រញូង​/បាត់ដំបង ៖ ​ក្នុង​សិក្ខាសាលា​រួមជាមួយ​កសិករ​ស្តីពី​ជំងឺ​ស្លឹក​ប្រា​ក់លើ​ដំណាំ​ក្រូចពោធិសាត់​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ ​ស្រប​ពេលដែល​ប្រធានបទ​នេះ​លោក បណ្ឌិត ស្រ៊ា​ន ពៅ ព្រឹទ្ធបុរស​មហាវិទ្យាល័យ​កសិកម្ម​នៃ​សាកលវិទ្យាល័យ​បាត់ដំបង​បាន​អំពាវនាវ​ដល់​កសិករ​ទាំងអស់​ ដែល​កំពុង​ដាំ​ដុះ​ក្រូចពោធិ៍សាត់​ត្រូវ​យកចិត្តទុកដាក់់​ជ្រើស​រើសយក​ពូជ​ កុំ​ឱ្យមាន​ជំងឺ​ពិសេស​ជំងឺ​ស្លឹក​ប្រាក់​ដែល​មិនទាន់​មាន​វិធី​ព្យាបាល វា​បាន​បង្ក​ការប៉ះពាល់​យ៉ាងខ្លាំង​ធ្វើឱ្យ​ដើម​ក្រូច​លូតលាស់​យឺត ផ្កា​ខុសរដូវ នាំឱ្យ​ផ្លែ​ក្រិន តូច​ទៅៗ រស់ជាតិ​មិន​ឆ្ងាញ់ ជ្រុះ​មុន​ទុំ ចំណែក​ស្លឹក​និង​ផ្លែ​មាន​ដំបៅ​ចេញ​ពណ៌​លឿង និង​សំខាន់​វា​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ង​ផងដែរ​ដល់​ប្រាក់ចំណូល​​ប្រចាំថ្ងៃ​របស់​កសិករ​។

ព្រឹទ្ធបុរស​មហាវិទ្យាល័យ​កសិកម្ម​នៃ​សាកល​វិទ្យាល័យ​បាត់ដំបង ​បាន​អំពាវនាវ​ឲ្យ​កសិករ​​ដែល​ប្រកប​ការដាំដុះ​ដំណាំ​ក្រូចពោធិ៍សាត់​ត្រូវ​ចេះ​ជ្រើសរើស​ពូជ ​ដែល​មិនមាន​ជំងឺ​យកមក​ដាំ ជៀសវាង​បាក់​ទឹកចិត្ត​បោះបង់​ឈប់​ដាំ​កាន់តែ​ធ្លាក់​ទាប​ទៅៗ​។​

បញ្ហា​ប្រឈម​ខាងលើនេះ​កំពុង​ក្លាយជា​បញ្ហា​ចោទ​ពេញ​ពិភពលោក​និង​បានធ្វើឲ្យ​ប្រជាកសិករ​ជាច្រើន​ក្នុង​ខេត្តបាត់ដំបង​បោះ​បង់​ឈប់​ដាំ​ក្រូចពោធិ៍សាត់ ហើយ​ងាក​មក​ដាំ​ដុះ​ដំណាំ​ផ្សេង​វិញ​។ ដើម្បី​ចូលរួម​ថែរក្សា​បេតិកភណ្ឌ​ក្រូចពោធិ៍សាត់​កុំឲ្យបាត់បង់ សាកលវិទ្យាល័យ​បាត់ដំបង​បាន​ពិសោធន៍ ​និង​ផលិត​កូន​ក្រូច​ដែល​គ្មាន​មេរោគ​បាន​ចំនួន១​ម៉ឺ​ន​ដើម​សម្រាប់​ផ្គត់ផ្គង់​លើ​ការដាំដុះ​របស់​ប្រជាកសិករ​ដូចនេះ​កសិករ​មិន​ត្រូ​អស់សង្ឃឹម​ទេ​ក្នុងការ​ស្វែងរក​ពូជ​ក្រូច​ដែល​គ្មាន​ជំងឺ​។​ រីឯ​ក្រូច​ដែល​បាន​ដាំ​រួចហើយ ដើម្បី​កុំអោយ​រោគសញ្ញា​ឆាប់​ចេញ​កសិករ​គប្បី​ធ្វើយ៉ាងណា​ឲ្យ​ដើម​ក្រូច​មាន​ភាពរឹងមាំ ដោយ​វិធី​ដាក់​ជី​ស្រោច​ទឹក ថែទាំ​អោយបាន​ត្រឹមត្រូវ កាត់​មែក​ដែលមាន​រោគសញ្ញា​ដំបូង​ឬ​គាស់​ទាំង​ដើម​ទាំង​ឬ​ស​ដុត​បំផ្លាញចោល បាញ់ថ្នាំ​កំចាត់​បាក់តេរី​និង​សត្វល្អិត​ជា​ភ្នាក់ងារ​ចម្លងជំងឺ ហើយ​ដាំ​ដំណាំ​ណា​ដែល​ភ្នាក់ងារ​ចម្លងជំងឺ​មិន​ហ៊ាន​មក​ក្បែរ​វា​។​

លោក អ៊ិ​ន សុវណ្ណ​មុនី អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បាត់​ដំ​
​បង​បានបង្ហាញ​អោយដឹងថា កាលពី​អំឡុង​ឆ្នាំ​១៩៨០​ដល់​ឆ្នាំ​២០០០​មាន​ប្រជាកសិករ​ដាំ​ដំណាំ​ក្រូច​សរុប​ចំនួន​២,៥០០​ហិកតា ហើយ​នៅក្នុង​អំឡុង​ឆ្នាំ​២០០០​ដល់​ចន្លោះ​
២០០៥-២០០៦ កសិករ​ដាំ​ដុះ​បាន​ត្រឹម១,៩០០​ហិកតា និង​មកដល់​បច្ចុប្បន្ន​ការដាំដុះ​ដំណាំ​ក្រូច​នេះ​កាន់តែ​ថយចុះ​ទាប​ថែមទៀត​គឺ​នៅត្រឹមតែ​៨៨០​ហិកតា​ប៉ុណ្ណោះ​ព្រោះតែ​កត្តា​ផ្ទុះ​នូវ​ជំងឺ​ស្លឹក​ប្រាក់​នេះ​។​

គួរបញ្ជាក់​ថា​គេ​បាន​រកឃើញ​ជំងឺ​ស្លឹក​ប្រាក់​ដំបូងបង្អស់​នៅ​ប្រទេស​ចិន​ ក្នុង​ឆ្នាំ​១៨៩៤ រហូត​រីក​រាលដាល​ដ​ល់​ប្រទេស​វៀតណាម ថៃ និង​នៅ​ប្រទេស​កម្ពុជា​កើតមានឡើង​នៅ​ឆ្នាំ​១៩៨២​រហូតមកដល់​បច្ចុប្បន្ន​នេះ​៕B/