ព្រឹទ្ធសភាអាម៉េរិកនិងសេតវិមានយល់ព្រមលើថវិកាសង្គ្រោះចំនួន ២ លានលានដុល្លារសម្រាប់សេដ្ឋកិច្ចអាម៉េរិករងគ្រោះដោយកូវីដ១៩

95
ចែករម្លែក

ព្រឹទ្ធសមាជិកកំពូលជាច្រើនរូបបាននិយាយកាលពីព្រឹកថ្ងៃពុធទី២៥មីនាថា ព្រឹទ្ធសភានិងសេតវិមានបានឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់ថវិកាចំនួន ២ លានលានដុល្លារសម្រាប់សេដ្ឋកិច្ចអាម៉េរិកនិងប្រជាជនអាម៉េរិករាប់លាននាក់ ដែលរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩។

លោក មីត ម៉ាកខូននែល មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភា បាននិយាយថា “នៅទីបំផុត យើងមានកិច្ចព្រមព្រៀង” ដោយកោតសរសើរចំពោះ “កម្រិតនៃការវិនិយោគសម័យសង្គ្រាមដ៏ធំសម្បើមចូលក្នុងប្រទេសរបស់យើង” ដែលឈានដល់ការព្រមព្រៀង បន្ទាប់ពីការចរចាយ៉ាងស្វិតស្វាញនិងតានតឹងរយៈពេល ៥ ថ្ងៃ។

ភ្លាមៗបន្ទាប់ពីលោកម៉ាកខូននែលនិយាយ ព្រឹទ្ធសមាជិកកំពូលរបស់បក្សប្រជាធិបតេយ្យ លោក ឆាក់ ស៊ូមឺ និយាយថា “យើងមានកិច្ចព្រមព្រៀងទ្វេបក្សស្តីពីកញ្ចប់ថវិកាសង្គ្រោះធំបំផុតក្នុងប្រវត្តិសាស្ត្រអាម៉េរិក”។

លោកស៊ូមឺបានបន្ថែមថា “មនុស្សជាច្រើននាក់កំពុងត្រូវបានបញ្ឈប់ពីការងារដែលមិនមែនជាកំហុសរបស់ពួកគេ។ ពួកគេមិនដឹងថាតើអនាគតរបស់ពួកគេនឹងទៅជាយ៉ាងណា តើថាពួកគេនឹងត្រូវបង់ថ្លៃចំណាយផ្សេងៗដោយរបៀបណា។ ល្អ យើងនឹងជួយពួកគេ”។

ព្រឹទ្ធសភានិងសភានៅត្រូវអនុម័តច្បាប់ជាមុនសិន មុនពេលបញ្ជូនទៅប្រធានាធិបតីដូណាល់ ត្រាំចុះហត្ថលេខា។

កិច្ចព្រមព្រៀងនេះមានគោលបំណងជួយដល់សេដ្ឋកិច្ចដែលកំពុងថមថយ ដោយផ្តល់ថវិកាប្រមាណ ២ លានលានដុល្លារដល់មណ្ឌលសុខភាព អាជីវកម្ម និង ប្រជាជនសាមញ្ញអាម៉េរិក ដែលកំពុងរងគ្រោះដោយសារជំងឺរាតត្បាតកូវីដ១៩។

វិធានការនេះនឹងបញ្ជូនលុយសុទ្ធដល់ដៃពលរដ្ឋអាម៉េរិក ដែលរងគ្រោះធ្ងន់បំផុតដោយវិបត្តិនេះ ផ្តល់ជំនួយដល់ក្រុមហ៊ុនរកស៊ីតូចៗ និង ផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារដល់ក្រុមហ៊ុនសាជីវកម្មធំៗរួមទាំងក្រុមហ៊ុនអាកាសចរណ៍ និង បន្តផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកដែលលែងមានការងារធ្វើ៕ ដោយ៖ កញ្ញាដាលីស

ព្រឹទ្ធសភានិងសេតវិមានព្រមព្រៀងលើកញ្ចប់ថវិកាសង្គ្រោះ ២ លានលានដុល្លារ