ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នា​ព្រឹក​ថ្ងៃទី​១០​ខែមករា

536
ចែករម្លែក

ដោយៈ សុផល / ភ្នំពេញៈ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នា​ព្រឹក​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​។​

​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នា​ព្រឹក​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ (រូប៖ ឯកសារ)

​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​កាលពី​រសៀល​ថ្ងៃទី​៨ ខែ មករា បានឱ្យដឹងថា​៖ របៀបវារៈ​ដែល​នឹងត្រូវ​ពិនិត្យ​ពិភាក្សា​មាន​ចំនួន​ពីរ​គឺ​៖ ១-​ពិនិត្យ​និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៦ ព្រឹទ្ធសភា​សុំ​ដាក់​សេចក្តីស្នើច្បាប់​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​២​ព្រឹទ្ធសភា នីតិកាល​ទី​៤​។ ២-​ពិនិត្យ​និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៦​ព្រឹទ្ធសភា​សុំ​ដាក់​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​២​ព្រឹទ្ធសភា នីតិកាល​ទី​៤​។​

​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ក៏​នឹង​កំណត់​កាលបរិច្ឆេទ​សម្រាប់​បន្ត​សម័យប្រជុំ​លើក​ទី​២​ព្រឹទ្ធសភា នីតិកាល​ទី​៤​។​

​សូមជម្រាបថា​៖​រដ្ឋសភា​បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តីស្នើច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ​និង​សេចក្តីស្នើច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩៕ ល​