ព្រឹទ្ធសភា​នឹង​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​សំខាន់ៗ​មួយចំនួន​នៅ​ថ្ងៃ​១៥ វិច្ឆិកា​

329
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: នៅ​រសៀល ថ្ងៃ​សុក្រ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​សំខាន់ៗ​មួយចំនួន​និង​ដើម្បី​កំណត់​កាលបរិច្ឆេទ​សម្រាប់​បើក​សម័យប្រជុំ​ព្រឹទ្ធសភា​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​កាលពី​ថ្ងៃទី​១៣​ខែ វិច្ឆិកា ឆ្នាំ​២០១៩ បានឱ្យដឹងថា​៖​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នឹង​ពិនិត្យ​លើ​របៀបវារៈ​ដូចខាងក្រោម​៖
១-​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៤​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ទៅក្នុង​របៀបវារៈ នៃ​សម័យប្រជុំ​លើក​ទី​៤​ព្រឹទ្ធសភា នីតិកាល​ទី​៤​។​
២-​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ស្តីពី ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល ទៅក្នុង​របៀបវារៈ នៃ​សម័យប្រជុំ​លើក​ទី​៤​ព្រឹទ្ធសភា នីតិកាល​ទី​៤​។​
៣-​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​២ ស្តីពី​ការកំណត់​ច្រកទ្វារព្រំដែន​ឆ្លងកាត់​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​កិច្ចសម្របសម្រួល​ការដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ទៅក្នុង​របៀបវារៈ នៃ​សម័យប្រជុំ​លើក​ទី​៤​ព្រឹទ្ធសភា នីតិកាល​ទី​៤​។​
៤-​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៩​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្ដីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ទៅក្នុង​របៀបវារៈ នៃ​សម័យប្រជុំ​លើក​ទី​៤​ព្រឹទ្ធសភា នីតិកាល​ទី​៤​។​
៥-​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី ការបង្កើត​សម្ព័ន្ធភាព​ថាមពលព្រះអាទិត្យ​អន្តរជាតិ ទៅក្នុង​របៀបវារៈ នៃ​សម័យប្រជុំ​លើក​ទី​៤​ព្រឹទ្ធសភា នីតិកាល​ទី​៤​។​
៦-​កំណត់​របៀបវារៈ និង​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​លើក​ទី​៤​ព្រឹទ្ធសភា​នីតិកាល​ទី​៤៕