ព្រឹទ្ធសភា​ប្រជុំ​អនុម័ត​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នៅ​ថ្ងៃទី​២៥​ធ្នូ

685
ចែករម្លែក
  • 12
    Shares

ដោយៈ មុនី​រ័ត្ន​,សុផល/​ភ្នំពេញៈ ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានកំណត់​យក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ បើក​សម័យប្រជុំ​លើក​ទី​២ នីតិកាល​ទី​៤ ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​សេចក្តីព្រាងច្បាប់​ស្តីពី​បរ​ធន​បាល​កិច្ច​។ ការកំណត់​ថ្ងៃ​ប្រជុំ​ព្រឹទ្ធសភា​នេះ គឺ​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​ប្រជុំ​សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨​។
​ ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​ដឹកនាំ​ដោយ​ល​លោក​ស៊ឹម កា អនុប្រធាន​ទី​១ និង​ជា​ប្រធានស្តីទី​ព្រឹទ្ធសភា​។​

​លោក​ស៊ឹម កា អនុប្រធាន​ទី​១ និង​ជា​ប្រធានស្តីទី​ព្រឹទ្ធសភា​
​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ (​រូប​ថ​តៈ​ព្រឹទ្ធសភា​)


​លោក​ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ថ្លែងប្រាប់​អ្នកកាសែត​បន្ទាប់ពី​ចប់​កិច្ចប្រជុំ​ថា ការកំណត់​របៀបវារៈ​ប្រជុំ គឺ​យក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ស្អែក​នេះ ពីព្រោះ​​​ច្បាប់​ទាំងពីរ​នេះ គឺជា​ច្បាប់​សំខាន់​សម្រាប់​បរិបទ​នយោបាយ ក៏ដូចជា​សេដ្ឋកិច្ច​កំពុងតែ​អភិវឌ្ឍន៍​យ៉ាង​រហ័ស​របស់​ក​កម្ពុជា​ហើយក៏​ជា​ច្បាប់​មួយ​កំពុងតែ​មានការ​បកស្រាយ​ខុសៗ​គ្នា រឿង​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​។​ច្បាប់​នេះ ធ្វើឡើង​ដើម្បី​ធានា​ភាពច្បាស់លាស់​អំពី​បុគ្គល​ដែល​ត្រូវបាន​តុលាការ​កំពូល​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​ស្របតាម​គោល​ការណ៍​នីតិរដ្ឋ លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ និង​ពង្រឹង​លទ្ធិប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា ថ្វាយ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ព្រះរាជតួនាទី​ស្របតាម​ស្មារតី នៃ​រដ្ឋធម្មនុញ្ញ ក្នុង​ការផ្តល់​នីតិសម្បទា​ឡើងវិញ​ចំពោះ​អ្នក​ន​យិ​បាយ​ដែល​ត្រូវ​តុលាការ​កំពូល​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ តាម​អំណាច​សាល​ដីកា ហើយ​ដែល​អ្នកនយោបាយ​ទាំងនោះ មិន​បានធ្វើ​សកម្មភាព​ណាមួយ​ប្រឆាំង​និង​ផលប្រយោជន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោល​ការណ៍​នីតិរដ្ឋ និង​សន្តិសុខ​ជាតិ ហើយ​ចំពោះតែ​បុគ្គល​ដែល​គោរព​ច្បាប់ ហើយ​បុគ្គល​ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​និង​សាលដីកា​របស់​តុលាការ​កំពូល គឺ​មិនអាច​លើកលែង​បានទេ​។​
​អ្នកនាំពាក្យ​បាន​បញ្ជាក់ថា “​ទាក់ទង​ច្បាប់​នេះ សម្រាប់​គណបក្សនយោបាយ​ដែល​រំលាយ​ហើយ គឺ​គ្មានទេ អត់​មាន​កើតឡើង​វិញ អតីត​តំណាងរាស្ត្រ ឬ​អតីត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ដែល​រលាយ​តាម​គណបក្ស​នោះ ក៏ត្រូវ​តែ​រលាយ​ដែរ​។ ហើយ​អត់​មាន​សង្ឃឹមថា ច្បាប់​នេះ​កើត​ហើយ​បានមក​ធ្វើ​តំណាងរាស្ត្រ ឬ​ក្រុមប្រឹក្សាឃុំ​វិញ​នោះ គឺ​គ្មានទេ គ្រាន់តែ​ផ្តល់​នីតិសម្បទា​អ្នក​ដែល​គោរព​ច្បាប់ អ្នក​ដែល​ស្នើសុំ​ធ្វើ​នយោបាយ​បន្តទៀត ដើម្បី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ការបង្រួបបង្រួម​ជាតិ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ​”​។​

​សូមជម្រាបថា រដ្ឋសភា​បានអនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ តាម​សំណើ​របស់​តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន​៨៧​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បើកផ្លូវ​ឲ្យ​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​សំឡេង​ចំនួន ១១៥ លើ ១១៥​សំឡេង​។​
​តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន ៨៧​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ បាន​ផ្តួច​ផ្តើមធ្វើ​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ សេចក្តីស្នើច្បាប់​នេះ ជាការ​បន្ថែម​នូវ​វាក្យខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) គឺ “​បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ មិនអាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្សនយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។ បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​នូវ​សិទ្ធិ​នយោបាយ​ពេញ​លេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុងករណី​ដែល​បុគ្គល​នោះ​ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​”​។​
​គួរ​បញ្ជាក់ថា ច្បាប់​ស្តីពី​គណបក្សនយោបាយ​ត្រូវបាន​រដ្ឋសភា ព្រឹទ្ធសភា ពិភាក្សា និង​អនុម័ត​ដំបូង កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​១៩៩៧ ដោយ​ច្បាប់​នេះ​ដំបូង​មានតែ​៤៥​មាត្រា និង​បានធ្វើ​វិសោធនកម្ម​ចំនួន​ពីរលើក​រួចមកហើយ គឺ​វិសោធនកម្ម​លើក​ទី​១ នៅ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៧ និង​វិសោធនកម្ម​លើក​ទី​២ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​។ ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នៅពេលនេះ គឺជា​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ជា​លើក​ទី​៣ ដែល​បាន​ធ្វើជា​សេចក្តីស្នើច្បាប់ ចេញពី​ការប្រជុំ​ត្រួតពិនិត្យ​នៃ​អ្នកតំណាងរាស្ត្រ​ក្នុង​រដ្ឋសភា អាណត្តិ​ទី​៦ នេះ​។​
​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល​បានសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ផ្អាក​សកម្មភាព​នយោបាយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​រូប រយៈពេល ៥​ឆ្នាំ​៕សរន