ព្រឹទ្ធសភា​ពិនិត្យ​និង​ឱ្យយោបល់​លើ​សេចក្តីស្នើច្បាប់​ពីរ​ទាក់ទង​ការគ្រប់គ្រង​រដ្ឋបាល​និង​ការបោះឆ្នោត​

827
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែមករា ឆ្នាំ​២០១៩ បាន​បន្ត​សម័យប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា នីតិកាល​ទី​៤ ក្រោម​អធិបតីភាព របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​សមាជិក​ព្រឹទ្ធសភា​ចំនួន ៥២​រូប​មាន​វត្ត​មាននៅ​ក្នុងសម័យ​ប្រជុំ​នេះ​។​

​អង្គ​ប្រជុំបាន​ពិនិត្យ​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​ពីរ​គឺ សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ។​

​ក្រោយ​ពិភាក្សា​រួច អង្គប្រជុំ​បានអនុម័ត​សេចក្តីស្នើច្បាប់​ទាំងពីរ​ដោយ​៥២​សំឡេង​ក្នុង​សេចក្តីស្នើច្បាប់​នីមួយៗ​។​

​សូមជម្រាបថា​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាក់តែងឡើង​មាន​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុងការ​ផ្តល់ សេវា និង​ការអភិវឌ្ឍ ស្រប​ពេលដែល​មុខងារ និង​ធនធាន​ត្រូវបាន​ផ្ទេរ​ជា​បន្ត​បន្ទាប់ពី​ថ្នាក់ជាតិ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នីមួយៗ ក្នុងស្ថានភាព ភូមិសាស្ត្រ ក៏​ត្រូវបាន​កែសម្រួល ស្របតាម​ការអភិវឌ្ឍ​រីកចម្រើន​នៃ​សេដ្ឋកិច្ច សង្គម និង​កត្តា​ប្រជាសាស្ត្រ និង​កត្តា​ភូមិសាស្ត្រ​នៃ​រដ្ឋបាល​ដែនដី​នីមួយៗ​កើនឡើង និង​រីកចម្រើន​ជា​លំដាប់​។

​សេចក្តីស្នើច្បាប់​នេះ តាក់តែងឡើង​មាន ០២​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ កម្ពុជា អនុម័ត​យល់ព្រម​លើកដំបូង​ចំនួន ១០៨​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦​។ អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ​និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីស្នើច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥២​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​ចំណែក​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុម ប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ តាក់តែងឡើង​មាន​គោលបំណង​កំណត់​អំពី​គោលការណ៍​បែបបទ​និង​នីតិវិធី​ឱ្យបាន​ស្របទៅនឹង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ដែលជា​ការបោះឆ្នោត​អសកល​ដូចគ្នា​នឹង​ឱ្យមាន​សង្គតិភាព​ផងដែរ​ទៅនឹង​ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្តីពី ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​
​ ​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​នេះ​ធានា​ឱ្យ​ការអនុវត្ត​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​និង​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​នានា​មាន​គោលការណ៍​គ្រប់គ្រាន់​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ មាន​ប្រសិទ្ធភាព​ពិតប្រាកដ តាម​ការកំណត់​នៃ​ច្បាប់​ដែល​មិនអាច​ខ្វះ​បាន​។​

​សេចក្តីស្នើច្បាប់​នេះ តាក់តែងឡើង​មាន ០២​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ កម្ពុជា អនុម័ត​យល់ព្រម​លើកដំបូង​ចំនួន ១០៨​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦​។​

​សូមបញ្ជាក់ថា​លោក​បណ្ឌិត​រដ្ឋ ជាម យៀប តំណាង​ក្រុមតំណាងរាស្ត្រ​ហត្ថលេខី និង​សហការី បាន​អញ្ជើញ​មក​ការពារ​សេចក្តីស្នើច្បាប់​ទាំងពីរ​នេះ​៕ ល​