ព្រឹទ្ធសភា​ម៉ិ​ក​ស៊ិ​កកូ ស្នើសុំ​សភា​កម្ពុជា​គាំទ្រ​បេក្ខភាព​របស់ខ្លួន ជា​ប្រធាន​សហភាព​អន្តរ​សភា ក្នុង​អាណត្តិ​ឆ្នាំ​២០១៧-២០២០

308

(​ភ្នំពេញ​)៖​លោកស្រី ហ្កា​ប្រី​ល​ឡា គូ​វ៉ាស បា​រ៉ុ​ន​(Gabriela Cuevas Barron)​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​នៃ​ព្រឹទ្ធសភា​​ម៉ិ​ក​ស៊ិ​កកូ នៅ​ព្រឹក​ថ្ងៃ ទី​២២ ខែសីហា ឆ្នាំ​២០១៧ បាន​ចូលជួប​សម្តែង​ការគួរសម ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា នៅ​វិមាន​រដ្ឋសភា​។​

​នៅក្នុង​ជំនួប​នោះ លោកស្រី​បានស្នើ​សុំ​សភា​កម្ពុជា​គាំទ្រ​លោកស្រី​ផ្ទាល់ ជា​ប្រធាន​សហភាព​អន្តរ​សភា​(IPU) នៅក្នុង​អាណត្តិ​ក្រោយ នេះ គឺ​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២០​។​

​ក្រៅពី​ការលើកឡើង​សំណើ​ផ្ទាល់មាត់ ជូន​ចំពោះ​សម្តេច​ប្រធានរដ្ឋសភា លោកស្រី​ក៏បាន​ប្រគល់​លិខិត​ស្នើសុំ​ការគាំទ្រ​ពី​សភា​កម្ពុជា​របស់​​លោក​ប្រធានព្រឹទ្ធសភា​ម៉ិ​ក​ស៊ិ​កកូ ជូន​សម្តេច​ចក្រី​ផងដែរ​។

​សម្តេច​ប្រធានរដ្ឋសភា​បាន​មានប្រសាសន៍ថា សភា​កម្ពុជា​នឹង​គាំទ្រ​ចំពោះ​បេក្ខភាព​ប្រធាន​សហភាព​អន្តរ​សភា​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​កកូ នៅក្នុង​អាណត្តិ ក្រោយនេះ​។ សម្តេច​បាន​បន្ត​លើកឡើងថា​រហូតមកដល់​ពេលនេះ សភា​ប្រទេស​កម្ពុជា គឺជា​សមាជិក​វេទិកាសភា​ឬ​អង្គ​​ការ​សភា​ជាច្រើន ហើយ​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​មហាសន្និបាត​កិច្ចប្រជុំ​នានា​របស់​វេទិកាសភា​ទាំងនោះ​ដើម្បី​ជំរុញ​សំឡេង​សភា​​ក្នុង​ការកសាង អភិវឌ្ឍន៍​សន្តិភាព​នៅ​ក្នុង តំបន់​ក៏ដូចជា​ពិភពលោក​។​

​គួរ​ជម្រាប​ថា​សហភាព​អន្តរ​សភា​(IPU) នឹងធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន​ថ្មី នៅក្នុង​មហាសន្និបាត​លើក​ទី​១៣៧​របស់ខ្លួន​នា​ខែ​​តុលា ឆ្នាំ​២០១៧​នេះ​នៅក្នុង ប្រទេស​រុស្ស៊ី​។ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​​សភា​កម្ពុជា​ចូលរួម​មហាសន្និបាត​នេះ​។​

​ក្រៅពី​ការប្រកាស​ជំហរ​របស់​សភា​កម្ពុជា​គាំទ្រ​បេក្ខភាព​ជា​ប្រធាន​សហភាព​អន្តរ​សភា តាម​សំណើ​របស់​ព្រឹទ្ធសភា​ម៉ិ​ក​ស៊ិ​កកូ​សម្តេច​អគ្គ​​មហា​ពញា ចក្រី ហេង សំរិន បានស្នើ​សុំ​សភា​ប្រទេស​ម៉ិ​ក​ស៊ិ​កកូ ក៏ដូចជា លោកស្រី ហ្កា​ប្រី​ល​ឡា គូ​វ៉ាស បា​រ៉ុ​ន ជួយ​ជំរុញ​អ្នកវិនិយោគ អ្នកទេសចរ​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​កកូ មក​បណ្តាក់ទុន​និង​ទស្សនា​នៅ​កម្ពុជា​។​

​លោកស្រី ប្រី​ល​ឡា គូ​វ៉ាស បា​រ៉ុ​ន បាន​ទទួលយក​សំណើ​របស់​សម្តេច​ហើយ​លោកស្រី​បាន​កោតសរសើរ​ពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​។ លោកស្រី​ប្រធាន​គណៈកម្មការ ធ្លាប់​បានមក​ទស្សនា​ក​ម្ពុ​ជា​កាលពី​១២​ឆ្នាំមុន​។ នៅពេល​អញ្ជើញ​មកដល់​កម្ពុជា​នេះ លោកស្រី​បាន មើលឃើញ​ពី​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ហើយ​ពលរដ្ឋ​រស់នៅ​មាន​ជីវភាព​ល្អប្រសើរ​៕​ដោយៈ​សុផល​/sn

លោកស្រី ហ្កា​ប្រី​ល​ឡា គូ​វ៉ាស បា​រ៉ុ​ន​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស នៃ​ព្រឹទ្ធសភា​ម៉ិ​ក​ស៊ិ​កកូ នៅ​ព្រឹក​ថ្ងៃ ទី​២២ ខែសីហា ឆ្នាំ​២០១៧ បាន​ចូលជួប​សម្តែង​ការគួរសម ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា នៅ​វិមាន​រដ្ឋសភា​