ព្រឹទ្ធសភា​អាមេរិក​ប្រកាស​លោកស្រី ជី​ណា ហា​ស្ពែ​ល ជានា​យក CIA ស្រី​ទី​១

876
ចែករម្លែក

​ព្រឹទ្ធសភា​អាមេរិក​បាន​បញ្ជាក់ថា លោកស្រី ជី​ណា ហា​ស្ពែ​ល (Gina Haspel) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៧ ឧសភា ជានា​យក CIA ដោយ​បញ្ចប់​នូវ​ការអះអាង​ដ៏​ចម្រូងចម្រាស់​អំពី​ទំនាក់ទំនង​របស់លោក​ស្រី​ជាមួយនឹង​ការប្រើប្រាស់​ការចាក់​ទឹក​ស្រោច​លើ​មុខ​និង​បច្ចេកទេស​ឃោរឃៅ​ផ្សេងៗ​ទៀត​របស់​ទីភ្នាក់ងារ​ចារកម្ម​មួយ​នេះ​កាលពីមុន​។​

​លោកស្រី​ហា​ស្ពែ​ល ដែល​នឹង​ក្លាយជា​នាយក​ស្រី​លើកដំបូង​របស់ CIA គឺជា​អ្នកធ្វើការ​ជើងចាស់​អស់​រយៈពេល ៣៣ ឆ្នាំ​នៅឯ​ទីភ្នាក់ងារ​នេះ ដែល​បច្ចុប្បន្ន​ធ្វើជា​នាយក​ស្ដីទី​។​

​ខណៈ​ព្រឹទ្ធសមាជិក​បាន​បន្ត​បោះឆ្នោត លទ្ធផល​សរុប ៥១-៤៣ បាន​គាំទ្រ​ការតែងតាំង​លោកស្រី​នៅក្នុង​ព្រឹទ្ធសភា​ដែលមាន​សមាជិក​ចំនួន ១០០ នាក់ កន្លែង​ដែល​សំឡេង​ភាគច្រើន​ដ៏​សាមញ្ញ​គឺ​គ្រប់គ្រាន់​សម្រាប់​ការបញ្ជាក់​តួនាទី​។​

​លោកស្រី​ហា​ស្ពែ​ល ត្រូវបាន​គាំទ្រ​ឱ្យធ្វើជា​នាយក CIA ទោះបីជា​មានការ​ជំទាស់​យ៉ាងខ្លាំង​ចំពោះ​ទំនាក់ទំនង​របស់លោក​ស្រី​ទៅនឹង​ការប្រើប្រាស់​វិធីសាស្ត្រ​សួរចម្លើយ​ដ៏​សាហាវ​របស់ CIA រួមទាំង​ការ​ស្រោច​ទឹក​លើ​មុខ ដែលជា​ប្រភេទ​នៃ​ការធ្វើ​ទារុណកម្ម​មួយ ដោយ​ជនសង្ស័យ​ត្រូវបាន​ចង​ក្រណាត់​បិទមុខ​ជិត​រួច​ស្រោច​ទឹក​ពីលើ​មុខ​មិនឱ្យ​ដកដង្ហើម នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ បន្ទាប់ពី​ការវាយប្រហារ​ថ្ងៃទី ១១ កញ្ញា​។​

​ដោយ​ធ្វើជា​មន្ត្រី​សម្ងាត់​សម្រាប់ CIA ក្នុង​អាជីព​ភាគច្រើន​របស់ខ្លួន​នោះ លោកស្រី​ហា​ស្ពែ​ល ក្នុង​ឆ្នាំ ២០០២ បាន​បម្រើការ​ជា​ប្រធាន​ស្ថានីយ៍ CIA នៅក្នុង​ប្រទេស​ថៃ កន្លែង​ដែល​ទីភ្នាក់ងារ​នេះ​បានធ្វើការ​ស៊ើបអង្កេត​នៅក្នុង​គុក​សម្ងាត់​មួយ ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ជាច្រើន រួមទាំង​ការចាក់​ទឹក​ស្រោច​លើ​មុខ​។​

​បី​ឆ្នាំ​ក្រោយមក លោកស្រី​បានធ្វើ​សេចក្តីព្រាង​មួយ​អំពី​ខ្សែកាប ដោយ​បញ្ជា​ឱ្យ​កម្ទេចចោល​រាល់​វីដេអូ​នៃ​ការសួរចម្លើយ​ឃោរឃៅ​ទាំងនោះ​។​

​ព្រឹទ្ធសមាជិក​មកពី​គណបក្ស​សាធារណរដ្ឋ លោក​ច​ន ម៉ាក​ខេន ដែល​បាន​ចាក​ចេញពី​រដ្ឋធានី​វ៉ាស៊ីនតោន​ពេញ​មួយឆ្នាំ ខណៈ​លោក​តស៊ូ​ប្រឆាំងនឹង​ជំងឺមហារីក​ខួរក្បាល​នោះ បាន​ជំរុញ​ឱ្យ​ព្រឹទ្ធសភា​កុំ​បោះឆ្នោត​គាំទ្រ​លោកស្រី​ហា​ស្ពែ​ល​។​

​ដោយ​ធ្លា​ប់រង​ទារុណកម្ម​ក្នុង​សង្គ្រាម​វៀតណាម លោក​ម៉ាក​ខេន​និយាយថា ការបោះឆ្នោត​គាំទ្រ​លោកស្រី​ហា​ស្ពែ​លអាច​បញ្ជូន​សារ​ខុស ហើយ​ប្រទេស​នេះ​គួរតែ​ប្រើប្រាស់​តែ​វិធីសាស្ត្រ​ណា​ដែល​រក្សា​ខ្លួនឯង​ឱ្យមាន​សុវត្ថិភាព “​ព្រោះ​សិទ្ធិ​និង​យុត្តិធម៌​គឺជា​តម្លៃ​ដែល​យើង​ប្រាថ្នា​ចង់បាន និង​ជំរុញឱ្យមាន​នៅក្នុង​ពិភពលោក​”៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ជី​ណា ហា​ស្ពែ​ល ក្លាយជា​នាយក​ស្រី​ទី​១ របស់ CIA