ព្រឹទ្ធសភា បាន​ពិនិត្យ​និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៥

832
ចែករម្លែក

​ដោយ​: សុផល​
​ភ្នំពេញ​:
សម័យប្រជុំ​លើក​ទី​៣ ព្រឹទ្ធសភា នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ បាន​ពិនិត្យ​និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​សំខាន់ៗ​ចំនួន​៥​។ នៅពេល​បើក​កិច្ចប្រជុំ​សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​ចំនួន​៥៣​រូប​។​

​សេចក្តីព្រាងច្បាប់​ទាំង​៥​នោះ​មាន​៖១-​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិតផល​ប្រេងកាត​។​២- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស ស្តីពី ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​។​៣-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អារ៉ាប់​អេ​មី​រ៉េត ស្តីពី ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​។ ៤-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី ស្តីពី ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ និង​៥-​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​។​

​សូមជម្រាបថា​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត មាន ៩​ជំពូក និង ៧២​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ចំនួន ១០៨​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃ​ចន្ទ ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦​។ អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៣​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ដែល​បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ បានឱ្យដឹងថា​៖ សេចក្តីព្រាងច្បាប់​នេះ ជំរុញ​ដល់​ដំណើរការ​គ្រប់គ្រង​ធ្វើ​អាជីវកម្ម​ប្រេងកាត​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។ ការគ្រប់គ្រង​វិស័យ​ប្រេងកាត ត្រូវ​ផ្អែកលើ​គោលការណ៍​តម្លាភាព គណនេយ្យភាព សមធម៌​ក្នុង​វឌ្ឍនភាព​សង្គម និង​សុខុមាលភាព​សាធារណៈ សន្តិសុខ និង​សុ​វត្តិភាព និង​ការទទួលខុសត្រូវ​លើ​បរិស្ថាន​។ ដើម្បី​អនុវត្ត​គោលការណ៍​នេះ​ឱ្យមាន​ប្រសិទ្ធភាព ការគ្រប់គ្រង​វិស័យ​ប្រេងកាត ត្រូវ​ធានា​ឱ្យបាន​នូវ​៖​ផលប្រយោជន៍​ជាតិ​ជា​អតិបរមា​,​ឧ​ត្ត​មា​នុ​វត្ត​ក្នុង​សកម្មភាព​ផ្នែក​អាប់​ស្ទ្រី​ម និង​ដោ​ន​ស្ទ្រី​ម​,​ការផ្គត់ផ្គង់​ផលិតផល​ប្រេងកាត ប្រកបដោយ​គុណភាព បរិមាណ និង​ថ្លៃ​ដែល​រួមចំណែក​ពង្រឹង​សន្តិសុខ​ថាមពល​ជាតិ​,​ការទទួលខុសត្រូវ​ខ្ពស់​ផ្នែក​បរិស្ថាន កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​ការស្តារ​បរិស្ថាន​ឡើងវិញ​,​សក្តិ​សិទ្ធ​ភាព​នៃ​ការត្រួតពិនិត្យ​លើ​ការអនុវត្ត​វិធានការ​គ្រប់គ្រង​លើ​សុ​វត្តិភាព និង​លក្ខខណ្ឌ​សុខភាព​ការងារ​
,​ការកសាង ជំរុញ និង​លើកតម្កើង​សមត្ថភាព​ជាតិ​ទាំង​ផ្នែក​បច្ចេកទេស និង​ធុរកិច្ច​ក្នុង​វិស័យ​ប្រេងកាត​,​ការបង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​និង​សេវាកម្ម​ក្នុងស្រុក​,​ការបង្កើន​ចំណូល​ថវិកាជាតិ រួមចំណែក​ក្នុងការ​ជំរុញ​ពិពិធ​កម្ម ភាព​ប្រកួតប្រជែង​នៃ​វិស័យ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​របស់​ជាតិ​និង​, ការបង្កើត​ផលប្រយោជន៍​ផ្ទាល់​ដល់​សហគមន៍​មូលដ្ឋាន និង​ការលើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ប្រតិបត្តិការ​ប្រេងកាត​។​

​ចំណែក​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស​ស្តីពី​ការជំរុញ​និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​មាន​៣​មាត្រា ដោយឡែក​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស ស្តីពី​ការជំរុញ​និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ មាន​១៤​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ចំនួន ១០៧​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃ​ចន្ទ ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦​។​

​កិច្ចព្រមព្រៀង​នេះ មាន​ខ្លឹម​សារសំខាន់ៗ​ដែល​ទាក់ទង​នឹង​ការធានា​នូវ​ប្រព្រឹត្តិកម្ម​ដោយ​ស្មើភាព និង​ការការពារ​ចំពោះ​អ្នកវិនិយោគ មាន​រំលេច​នៅក្នុង​មាត្រា​ស្តីពី ការវិនិយោគ​លើ​ទឹកដី​របស់ខ្លួន នូវ​ប្រព្រឹត្តិកម្ម​ដោយ​ស្មើភាព និង​គ្មាន​ការរើសអើង​ចំពោះ​អ្នកវិនិយោគ ការធានា​មិន​ធ្វើជា​តូបនីយកម្ម ឬ​អស្សាមិក​រណ៍​នូវ​ទ្រព្យសម្បត្តិ​របស់​អ្នកវិនិយោគ និង​ការ​ផ្តល់នូវ​យន្តការ​ដោះស្រាយ​វិវាទ​រវាង​អ្នកវិនិយោគ​នៃ​ភាគី​ជាប់កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ទទួល​អ្នកវិនិយោគ ស្របតាម​ស្តង់ដារ​អន្តរជាតិ​។

​លោក​ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អមដោយ​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​តំណាង​រាជរដ្ឋាភិបាល បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៣​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អារ៉ាប់​អេ​មី​រ៉េត ស្តីពី ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​មាន​៣​មាត្រា ដោយឡែក​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អារ៉ាប់​អេ​មី​រ៉េត ស្តីពី ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ មាន​១៥​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុម័ត​យល់ព្រម​ចំនួន​១០៧​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃ​ចន្ទ ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦​។​

​កិច្ចព្រមព្រៀង​នេះ បានបញ្ជាក់​នូវ​ចំណុច​សំខាន់ៗ ដែល​ទាក់ទង​នឹង​ការធានា​របស់​ភាគី​ជាប់កិច្ចសន្យា​ម្ខាង ចំពោះ​ការវិនិយោគ​លើ​ទឹកដី​របស់ខ្លួន នូវ​ប្រព្រឹត្តិកម្ម​ដោយ​ស្មើភាព និង​គ្មាន​ការរើសអើង​ចំពោះ​អ្នកវិនិយោគ​សហភាព​អារ៉ាប់​អេ​មី​រ៉េត និង​អ្នកវិនិយោគ​កម្ពុជា ការមិនធ្វើ​ជាតូបនីយកម្ម ឬ​អស្សាមិក​រណ៍​នូវ​ទ្រព្យសម្បត្តិ​របស់​អ្នកវិនិយោគ ការផ្តល់​ការអនុគ្រោះ​ស្មើភាព លើកលែងតែ​ជា​ប្រព្រឹត្តិកម្ម​ដែល​ភាគី​ជាប់កិច្ចសន្យា​ជា​ម្ចាស់ផ្ទះ​មាន​ដោយឡែក​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​សហព័ន្ធ​គយ​តំបន់​សេដ្ឋកិច្ច​សេរី កិច្ចព្រមព្រៀង​សហព័ន្ធ​ហិរញ្ញវត្ថុ​ឬ​កិច្ចព្រមព្រៀង​អន្តរជាតិ​ទាក់ទង​នឹង​កិច្ចការ​សារពើពន្ធ​។​

​លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អមដោយ​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​តំណាង​រាជរដ្ឋាភិបាល បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៣​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​រីឯ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី ស្តីពី ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ មាន ៣​មាត្រា ដោយឡែក​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី ស្តីពី ការជំរុញ​និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​មាន ១២​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុម័ត​យល់ព្រម​ចំនួន ១០៧​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃ​ចន្ទ ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦​។​

​កិច្ចព្រមព្រៀង​នេះ បានបញ្ជាក់​នូវ​ចំណុច​សំខាន់ៗ​ដូចជា​៖ ការដោះស្រាយ​វិវាទ​រវាង​ភាគី​ជាប់កិច្ចសន្យា​ម្ខាង និង​អ្នកវិនិយោគ​នៃ​ភាគី​ជាប់កិច្ចសន្យា​ម្ខាង​ទៀត និង​ការដោះស្រាយ​រវាង​ភាគី​ជាប់កិច្ចសន្យា ហើយ​រាល់​ការដោះស្រាយ​វិវាទ គឺ​ដោះស្រាយ​៖១-​តាម​ប្រព័ន្ធតុលាការ​មាន​សមត្ថកិច្ច​ក្នុង​ដែន​អធិបតេយ្យ​នៃ​ភាគី​ជាប់កិច្ចសន្យា​។​ ​២-​មជ្ឈមណ្ឌល​អន្តរជាតិ​ទទួលបន្ទុក​ដោះស្រាយ​វិវាទ​វិនិយោគ​។​៣-​ម​ជ្ឈ​ត្ត​ការ​អាដហុក ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​វិធាន​ម​ជ្ឈ​ត្ត​កម្ម​នៃ​គណៈកម្មការ អង្គការសហប្រជាជាតិ ស្តីពី​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ​។​

​លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អមដោយ​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​តំណាង​រាជរដ្ឋាភិបាល បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ​និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៣​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​គួរ​ជម្រាប​ផងដែរ​ថា​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​តាក់តែងឡើង​ក្នុង​បេសកកម្ម និង​គោលបំណង​៖ លើកកម្ពស់​សុខមាលភាព​របស់​អ្នក​ផលិត និង​អ្នកប្រើប្រាស់​ឫស្សី និង​ផ្តៅ​នៅក្នុង​បរិបទ នៃ​ការប្រើប្រាស់​ធនធាន​ឫស្សី និង​ផ្តៅ​ប្រកបដោយ​និរន្តរភាព តាមរយៈ​ការពង្រឹង​ការសម្របសម្រួល និង​ការគាំទ្រ​ជា​យុទ្ធសាស្ត្រ ការអភិវឌ្ឍ និង​ការរៀនសូត្រ​ពីបទ​ពិសោធន៍​នានា​។​កំណត់​អត្តសញ្ញាណ សម្របសម្រួល និង​គាំទ្រ​លើ​ការស្រាវជ្រាវ​ឫស្សី និង​ផ្តៅ ស្របតាម​អាទិភាព​កំណត់ដោយ​កម្មវិធី​ថ្នាក់ជាតិ ស្ថាប័ន​ដទៃ និង​អង្គការ​ផ្សេងទៀត​ដែល​អង្គការ​នេះ​អាច​សហការ​។​កសាង​ជំនាញ និង​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ថ្នាក់ជាតិ និង​អង្គការ​ផ្សព្វផ្សាយ​។​ពង្រឹង​ការសហការ សហប្រតិបត្តិការ និង​ការសម្របសម្រួល​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ​។​បំពេញតម្រូវការ​ជីវភាព​រស់នៅ និង​តម្រូវការ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ផលិត​ឫស្សី និង​ផ្តៅ ជាពិសេស​ដល់​ស្ត្រី និង​អ្នក​ដែល​ជួប​ការលំបាក​។​ការពារ​បរិស្ថាន ជាពិសេស​កាត់បន្ថយ​ការបាត់បង់​ព្រៃឈើ កាត់បន្ថយ​ការហូរ​ច្រោះ និង​សឹករេចរឹល​ដី​។​អភិរក្ស និង​ពង្រីក​ធនធាន​ជីវចម្រុះ​របស់​ឫស្សី និង​ផ្តៅ​។​បង្កើន និង​ពង្រីក​ការប្រើប្រាស់​ផលិតកម្ម និង​ការកែច្នៃ​ឫស្សី​និង​ផ្តៅ​ដោយ​ផ្អែកលើ​មូលដ្ឋាន​ប្រកបដោយ​ចីរភាព​។​អភិវឌ្ឍ និង​លើកកម្ពស់​គោលនយោបាយ និង​បច្ចេកវិទ្យា​ដែល​បង្កើន​តម្លៃបន្ថែម​ទៅលើ​ឫស្សី និង​ផ្តៅ ដែល​អាច​ប្រើ​ជំនួស​ឈើ ។​

​តាមរយៈ​ការផ្តល់​សច្ចាប័ន​លើ​សេចក្តីព្រាងច្បាប់​នេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​តាមរយៈ​ការបណ្តុះបណ្តាល និង​កសាង​សមត្ថភាព ការផ្តល់​ប្រឹក្សា​ជំនាញ ការផ្តល់​ជំនួយ​គម្រោង​បច្ចេកទេស ការអភិវឌ្ឍ និង​ការកែច្នៃ​ឫស្សី និង​ផ្តៅ និង​ការគ្រប់គ្រង​ដោយ​និរន្តរភាព​។​

​សេចក្តីព្រាងច្បាប់​នេះ​រួមមាន ៣ មាត្រា ដោយឡែក​កិច្ចព្រមព្រៀង​ស្តីពី ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ មាន ២២​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុម័ត​យល់ព្រម​ចំនួន ១០៧​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃ​ចន្ទ ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦​។​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដោយ​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​តំណាង​រាជរដ្ឋាភិបាល បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៣​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​៕

#