ព្រឹទ្ធសភា ប្រកាស​ទទួលស្គាល់​លោក អ‍៊ឹ​​ង លាង ជា​សមាជិក​ព្រឹទ្ធសភា​ថ្មី និង​លោកស្រី​កង សៅរ៍​ធន ជា​សមាជិក​គណៈកម្មកា​រ​ផែនការ វិនិយោគ​

205
ចែករម្លែក

​ដោយៈ សុផល / ភ្នំពេញៈ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨:០០​នាទី ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​សម័យប្រជុំ​លើក​ទី​៣ ព្រឹទ្ធសភា​នីតិកាល​ទី​៤ ក្រោម​អធិបតីភាព សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​ចំនួន ៥៤​រូប​។​សម័យប្រជុំ​លើក​ទី​៣​នេះ បាន​ដំណើរការ​អនុម័ត​របៀប​វារៈ​ចំនួន​៣​គឺ ៖១-​ប្រកាស​ទទួលស្គាល់​សមា​ជិ​ក​ព្រឹទ្ធសភា​ថ្មី នីតិកាល​ទី​៤​។​
២-​ស្តាប់​របាយការណ៍​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ស្តីពី សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី​២ និង​លើក​ទី​៣ នីតិកាល​ទី​៤ និង​៣-​បោះឆ្នោត​ជ្រើសរើស​បំពេញ លោកស្រី កង សៅរ៍​ធន ជា​សមាជិក​គណៈកម្មកា​រ​ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង​បរិស្ថាន ព្រឹទ្ធសភា​នីតិកាល​ទី​៤ ។​

​របៀបវារៈ​ទី​១៖ ប្រកាស​ទទួលស្គាល់​សមា​ជិ​ក​ព្រឹទ្ធសភា​ថ្មី នីតិកាល​ទី​៤​។​
​យោងតាម​ស្មារតី​អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នា​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ ២០១៩ និង​សម័យប្រជុំ​លើក​ទី​៣​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ នេះ លោក អ‍៊ឹ​ង លាង​ហ៊ួ ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​ជា​សមាជិក​ព្រឹទ្ធសភា​ថ្មី នីតិកាល​ទី​៤ នៅ​មណ្ឌល​ភូមិភាគ​ទី​៧ ជំនួស​លោក ជុំ វង ដែល​បានទទួល​មរណភាព​។ សមាជិក​ថ្មី​រូបនេះ ត្រូវធ្វើ​សច្ចាប្រណិធាន​មុន​ចូលកាន់​តំណែង​។​

​របៀបវារៈ​ទី​២៖ ស្តាប់​របាយការណ៍​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ស្តីពី សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី​២ និង​លើក​ទី​៣ នីតិកាល​ទី​៤ ។
​ក្នុងអំឡុងពេល​ចន្លោះ​សម័យប្រជុំ​ព្រឹទ្ធសភា​នេះ ថ្នាក់ដឹកនាំ គណៈកម្មាធិការ​អចិន្ត្រៃយ៍ គណៈកម្មការ​នានា ក្រុម​សមាជិកា ក្រុម​ភូមិភាគ ក្រុម​នានា និង​សមាជិក សមាជិកា​ព្រឹទ្ធសភា នីតិកាល​ទី​៤ បានរួម​គ្នា​ខិតខំ​បំពេញភារកិច្ច​រៀងៗ​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ហើយ​សម្រេចបាន​លទ្ធផល​ផ្លែផ្កា ជា​គុណប្រយោជន៍​ដល់​ជាតិ និង​ប្រជាពលរដ្ឋ​។​
​ក្នុង​រយៈពេល​បី​ខែ​នេះ ព្រឹទ្ធសភា​បានទទួល​ពាក្យបណ្តឹង​ចំនួន ៧​ករណី គណៈ​កម្ម​-​ការ​នានា​បាន​ប្រជុំ​ផ្ទៃក្នុង​ចំនួន ៥៨​លើក ចុះ​បេសកកម្ម​ក្នុងប្រទេស​ចំនួន ៩​លើក ចូលរួម​សិក្ខាសាលា វេទិកា និង​កិច្ចប្រជុំ​នានា​ចំនួន ១៨៧​លើក ទំនាក់ទំនង​ជាមួយនឹង​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ចំនួន ១៧​លើក ចូលរួម​ពិធី​ផ្លូវការ​ផ្សេងៗ​ចំនួន ២២៦​លើក និង​សមាជិក​គណៈ​- កម្ម​ការចុះ​មូលដ្ឋាន​ដោយឡែក​ចំនួន ២៨៩​លើក​។​

​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ បានរៀបចំ​វេទិកាសាធារណៈ​ចំនួន ៤​លើក នៅ​ខេត្តកំពង់ធំ កំពង់ចាម បន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ចុះ​ស្រាវជ្រាវ​ប្រមូល​ព័ត៌មាន​អំពី តម្រូវការ​ចាំបាច់ បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់ ពិនិត្យ​ការដ្ឋាន​ជីក ស្តារ​ស្រះ​ទឹក និង​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ នៅ​ខេត្តកំពង់ស្ពឺ កោះកុង តាកែវ កំពត កែប និង​ខេត្តបាត់ដំបង ព្រមទាំង​ចូលរួម​ក្នុង​ពិធី​ផ្សេងៗ​ចំនួន ៣១​លើក​។​

​ក្រុម​សមាជិកា​ព្រឹទ្ធសភា បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ​កុមារកំព្រា​នៅ​ខេត្តកំពង់ស្ពឺ និង​ជួប​សំណេះសំណាល​ជាមួយនឹង​មន្ត្រីរាជការ​ជានា​រី ក្នុងឱកាស​ទិវា​អន្តរជាតិ​នារី​៨​មីនា​។​

​ការងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ថ្នាក់ដឹកនាំ សមាជិក សមាជិកា​ព្រឹទ្ធសភា ក្រុម​មិត្ត​- ភាព​ទ្វេភាគី និង​ពហុភាគី បាន​អញ្ជើញ​ចូលរួម​មហាសន្និបាត សន្និសីទ និង​កិច្ចប្រជុំ​អន្តរជាតិ នានា​ចំនួន ៦​លើក​។​

​របៀបវារៈ​ទី​៣៖ បោះឆ្នោត​ជ្រើសរើស​បំពេញ លោកស្រី​កង សៅរ៍​ធន ជា​សមាជិក​គណៈ​- កម្ម​ការ​ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍​ជនបទនិង​
​បរិស្ថាន ព្រឹទ្ធសភា​នីតិកាល​ទី​៤​។​

​លោកស្រី​កង សៅរ៍​ធន សមាជិកា​ព្រឹទ្ធសភា ត្រូវបាន​សម័យប្រជុំ​លើក​ទី​៣ ព្រឹទ្ធសភា នីតិកាល​ទី​៤ បោះឆ្នោត​ជ្រើសរើស​ជា​សមាជិក​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង​បរិស្ថាន ដោយ​ទទួលបាន​សំឡេងគាំទ្រ​ចំនួន ៥៤​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​៕ ល​