ព្រឹទ្ធសភា ប្រកាស​ទទួលស្គាល់​សមា​ជិ​ក​ព្រឹទ្ធសភា​ថ្មី​ចំនួន​០៣​រូប​

261
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩​។​សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​ចំនួន ៥៦​រូប​នៅក្នុង​កិច្ចប្រជុំ​នេះ​។​

ព្រឹទ្ធសភា ប្រកាស​ទទួលស្គាល់​សមា​ជិ​ក​ព្រឹទ្ធសភា​ថ្មី​ចំនួន​០៣​រូប​និង​បាន​បោះឆ្នោត​ជ្រើសរើស សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម​មួយរូប​

​សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៤​នេះ បានទទួល​ស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មី សម្រាប់​នីតិកាល​ទី​៤ ចំនួន ០៣​រូប គឺ ៖១. ព្រះអង្គម្ចាស់ នរោត្តម ប្រី​យ​សោ​ភ័​ណ្ឌ ជា​សមាជិក​ព្រឹទ្ធសភា ចាត់តាំង​ដោយ​ព្រះមហាក្សត្រ ជំនួស សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី ដែល​បាន​សុំ​លាឈប់​ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៩​។​២. លោក ញ៉ូ​វ សុង ជា​សមាជិក​ព្រឹទ្ធសភា មណ្ឌល​ភូមិភាគ​ទី​៧ (​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​) ជំនួស​លោក ឡាយ អ៊ី​ពិ​សិទ្ធ ដែល​បានទទួល​មរណភាព​។ ៣. លោក ឡៅ ឆន ជា​សមាជិក​ព្រឹទ្ធសភា មណ្ឌល​ភូមិភាគ​ទី​៤ (​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន​) ជំនួស លោកស្រី ស៊ឹង ស៊ី​យុ​ត ដែល​បានទទួល​មរណភាព​។​
​សមាជិក​ព្រឹទ្ធសភា​ថ្មី​ទាំង ០៣​រូបនេះ ត្រូវធ្វើ​សច្ចាប្រណិធាន​មុន​ចូលកាន់​តំណែង​។​

​ក្រៅពី​ប្រកាស​ទទួលស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មី សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៤ ក៏បាន​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​ចំនួន ០១​រូប សម្រាប់​ជំនួស​សមាជិក​ដែល​ត្រូវ​បញ្ចប់​អាណត្តិ​។​

​លោក ម៉ម ប៊ុននាង សមាជិក​អចិន្ត្រៃយ៍ និង​ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ថា​៖ ការប្រកាស​ទួល​ស្គាល់​សា​ជិ​ក​ព្រឹទ្ធសភា​ថ្មី​នេះ ជា​តម្រូវការ​ចាំបាច់​បំផុត​ក្នុងការ​បំរើប្រជាជន​ជា​ម្ចាស់ឆ្នោត​ដើម្បី​ឲ្យ​សមាជិក ព្រឹទ្ធសភា​ទាំងបី​រូបនោះ​ទៅ​បំពេញភារកិច្ច​តាម​ភូមិភាគ​នីមួយៗ​។​

​អ្នកនាំពាក្យ​ព្រឹទ្ធសភា​រូបនេះ​បានបញ្ជាក់​ទៀតថា​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នេះ​ក៏បាន​បោះឆ្នោត​គាំទ្រ​សម្រេច​ឲ្យ លោក​អ៊ុំ សារិទ្ធ​ក្លាយ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម​អណ​ត្តិ​ថ្មី​រយៈពេល​៥​ឆ្នាំ ដោយ​សំឡេងគាំទ្រ ៥០ លើ​៥៦​សំឡេង នៃ​សមាជិក​ព្រឹទ្ធសភា​ចូលរួម​ទាំងមូល​៕ ល​