ព្រឹទ្ធសមាជិក​អាមេរិក​ដែល​និយាយ​រិះគន់​ខ្លាំង​ប្រឆាំង​ដូ​ណា​ល់ ត្រាំ ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​

370
ចែករម្លែក

​លោកស្រី គៀ​ស្ទិ​ន ហ្គី​លី​ប​ប្រាន សមាជិក​ព្រឹទ្ធសភា​ប្រជាធិបតេយ្យ ប្រចាំ​ទីក្រុង​ញូវយ៉ក​បានប្រកាស​អំពី​ផែនការ​របស់លោក​ស្រី​សម្រាប់​ប្រកួតប្រជែង​តំណែង​ប្រ​ធានា​​ធិបតី​ឆ្នាំ​២០២០​នៅក្នុង​អំឡុងពេល​បង្ហា​ញ​ខ្លួន​នៅលើ​កញ្ចក់​ទូរទស្សន៍​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​១៥​មករា​។​

​លោកស្រី គៀ​ស្ទិ​ន ហ្គី​លី​ប​ប្រាន ប្រាប់​ទូរទស្សន៍​CBS ថា លោកស្រី​បាន​ជូនដំណឹង​នេះ​គណៈកម្មាធិការ​សម្រាប់​ការ​ឈរឈ្មោះ​នេះ កាលពី​ថ្ងៃ​អង្គារ​។​

​លោកស្រី គា​ស្ទិ​ន ហ្គី​លី​ប ជា​អ្នកគាំទ្រ​ចលនា​ប្រឆាំង​ការ​បៀតបៀន​និង​រំលោភ​ផ្លូវភេទ (#MeToo movement) ត្រូវបាន​សារព័ត៌មាន​ចុះផ្សាយ​យ៉ាង​ទូលំទូលាយ​អំពី​​ការរិះគន់​ខ្លាំងៗ​របស់​លោកស្រី​ប្រឆាំង លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក​។​

​លោកស្រី​បាន​ចូលរួម​ជាមួយ​ក្រុម​អ្នកប្រជាធិបតេយ្យ​ច្រើនឡើង​ដោយ​សង្ឃឹមថានឹង​ទទួលបាន​ការតែងតាំង​ពី​គណបក្ស​សំរាប់​ជា​បេក្ខជន​តំណាង​បក្ស​ដើម្បី​ប្រជែង​យក​​តំណែង​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​២០២០​។​

​លោកស្រី​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ថា ” ខ្ញុំ​កំពុង​ដាក់សំណើរ​ទៅ​គណៈកម្មាធិការ​សម្រាប់​ការប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​អាមេរិក​”​។​

​នៅពេល​ត្រូវបាន​សួរថា​ហេតុអ្វី​បានជា​លោកស្រី​សម្រេចចិត្ត​ឈរឈ្មោះ​នោះ​លោកស្រី​បាន​និយាយថា​ក្នុងនាម​ជា​ម្ដាយ​វ័យក្មេង​ខ្ញុំ​នឹង​ខំប្រឹងប្រែង​ដើម្បី​កូនៗ​របស់​អ្នក​​ផ្សេងៗ​ទៀត​ដូចដែល​ខ្ញុំ​បាន​តស៊ូ​សម្រាប់​ខ្លួនឯង​ដែរ​ហើយ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ជឿថា​ការថែទាំ​សុខភាព​គឺជា​សិទ្ធិ​និង មិនមែនជា​ឯកសិទ្ធិ​នោះទេ ” ។​

​លោកស្រី គៀ​ស្ទិ​ន ហ្គី​លី​ប​ប្រាន​អាយុ​៥២ ឆ្នាំនេះ ត្រូវបានតែងតាំង​ជា​សមាជិក​ព្រឹទ្ធសភា​នៅ​ឆ្នាំ​២០០៩​នៅពេល​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បានទទួល​តួនាទី​ជា​រដ្ឋមន្ត្រី​​ការបរទេស​អាមេរិក​នៅក្រោម​ការដឹកនាំ​រប​ស់​អតីត​ប្រធានាធិបតី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​៕​ដោយ​:​សុខា​/sn

លោកស្រី គៀ​ស្ទិ​ន ហ្គី​លី​ប​ប្រាន សមាជិក​ព្រឹទ្ធសភា​ប្រជាធិបតេយ្យ ប្រចាំ​ទីក្រុង​ញូវយ៉ក