ព្រឹទ្ធសមាជិក​អាមេរិក ច​ន ម៉ាក​ខេន ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​កើត​ជំងឺមហារីក​ខួរក្បាល​

1213
ចែករម្លែក

ព្រឹទ្ធសមាជិក​ជើងចាស់​អាមេរិក ច​ន ម៉ាក​ខេន អតីត​អ្នកទោស​សង្គ្រាម និង ជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​ឆ្នាំ ២០០៨ បានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​កើត​ជំងឺមហារីក​ខួរក្បាល​។ នេះ​បើតាម​ការិយាល័យ​របស់​លោក​ប្រកាស​កាលពី​ថ្ងៃ​ពុធ ទី​១៩ កក្កដា​។​

​ព្រឹទ្ធសមាជិក​អាយុ ៨០ ឆ្នាំ មកពី​រដ្ឋ​អា​រី​ហ្សូ​ណា រូបនេះ បានទទួល​ការវះកាត់​ដើម្បី​យក​កំណក​ឈាម​ចេញ​ពីលើ​ភ្នែក​ឆ្វេង​របស់គាត់​កាលពី​សប្តាហ៍​មុន និង ការធ្វើ​តេស្ត “​បង្ហាញថា ដុំ​សាច់​ខួរក្បាល​បឋម ដែល​គេ​ស្គាល់​ថា Glioblastoma បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​កំណក​ឈាម​នោះ​”​។ នេះ​បើតាម​ក្រុម​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ហៅថា Mayo Clinic ដែល​វេជ្ជបណ្ឌិត​របស់ខ្លួន​បានធ្វើការ​វះកាត់​ក្នុង​ក្រុង​ហ្វី​និក (Phoenix) និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​បញ្ចេញ​ដោយ​ការិយាល័យ​របស់លោក​ម៉ាក​ខេន​។​

​សេចក្តីថ្លែងការណ៍​នោះ​បន្ថែមថា “​ព្រឹទ្ធសមាជិក​រូបនេះ និង​ក្រុមគ្រួសារ​គាត់ កំពុង​ពិនិត្យមើល​ជម្រើស​ព្យាបាល​បន្ថែមទៀត​” ដោយ​កត់សម្គាល់ថា ពួកគេ​អាច​នឹង​រាប់បញ្ចូល​ការព្យាបាល​តាមបែប​គីមី និង វិទ្យុសកម្ម រួមបញ្ចូល​គ្នា​។

​មហារីក Glioblastoma គឺជា​ដុំ​សាច់​ខួរក្បាល​មួយ ប៉ះពាល់​លើ​មនុស្ស​ធំ​។ វា​ជា​ប្រភេទ​មហារីក​ដូចគ្នា ដែល​សម្លាប់​ព្រឹទ្ធសមាជិក​អាមេរិក​មួយរូប​ផ្សេងទៀត គឺ​លោក ថេត កេ​ណ្ណ​ឌី ក្នុង​ឆ្នាំ ២០០៩ នៅ​អាយុ ៧៧ ឆ្នាំ​។​

​នេះ​មិនមែនជា​ការតស៊ូ​ប្រឆាំង​មហារីក​លើកទីមួយ​រប​ស់លោក​ម៉ាក​ខេន​ទេ​។ ក្រុម​វេជ្ជបណ្ឌិត​បាន​វះកាត់​មហារីក​ស្បែក​ជាច្រើនលើក​លើ​ស្បែ​កលោក​ម៉ាក​ខេន ក្នុង​ទសវត្សរ៍ ១៩៩០ និង ២០០០ រួមទាំង​ដុំ​មហារីក​ស្បែក​ពណ៌​ខ្មៅ ក្នុង​ឆ្នាំ ២០០០ ផងដែរ​។​

​ក្រុម​អ្នកជំនាញ​និយាយ​ក្នុង​សប្តាហ៍​នេះ​ថា ការវះកាត់​ចុងក្រោយ​បំផុត​របស់លោក​ម៉ាក​ខេន បង្ហាញ​ពី​លទ្ធភាព​វិលត្រឡប់​មកវិញ​នៃ​ជំងឺមហារីក​។​

​ការិយាល័យ​លោក​ម៉ាក​ខេន​និយាយថា ព្រឹទ្ធសមាជិក​រូបនេះ “​មាន​ស្មារតី​ល្អ ខណៈដែល​គាត់​បន្ត​សម្រាក​យក​កម្លាំង​នៅផ្ទះ​ជាមួយ​គ្រួសារ​នៅ​រដ្ឋ​អា​រី​ហ្សូ​ណា​” ហើយ​ថា គាត់​នឹង​ពិភាក្សា​យោបល់​ជាមួយ​ក្រុម​ថែទាំ​សុខភាព​របស់គាត់​អំពី​ពេលវេលា​ដែល​គាត់​អាច​វិលត្រឡប់​ធ្វើការ​វិញ​បាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​៕

ដោយ៖ កញ្ញាដាលីស

លោក ច​ន ម៉ាក​ខេន