ព្រឹ​ត្ដិ​ការណ៍ “​សង្ក្រាន្ដ​ព្រៃវែង ឆ្នាំ​២០១៨” នឹង​បង្ហាញ​របស់​យក្ស​ចំនួន​៥ ដើម្បី​ឲ្យ​អ្នកចូលរួម​ភ្ញាក់ផ្អើល​

1279
ចែករម្លែក

(​ភ្នំពេញ​)៖ លោក ស សុខា តំណាងរាស្ដ្រ​មណ្ឌល​ព្រៃវែង និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បាន​ថ្លែង​បញ្ជាក់ថា ព្រឹ​ត្ដិ​ការណ៍ “​សង្ក្រាន្ដ​ព្រៃវែង ឆ្នាំ​២០១៨” ដែល​ប្រព្រឹត្តឡើង រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​ក្រុង​ព្រៃវែង នឹងមាន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ចន្លោះ​ពី ១៥​ម៉ឺន​នាក់​ទៅ​២០​ម៉ឺន​នាក់​ចូលរួម​។​
​ ​
​ជាមួយគ្នានេះ លោ​កស សុខា ក៏បាន​បង្ហើប​អំពី​ការដាក់​បង្ហាញ​ទូក​ដែលមាន​ប្រវែង​៨៥​ម៉ែត្រ ដែល​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​១៧៩​នាក់ នៅក្នុង​ពិធី​“​សង្ក្រាន្ដ​ព្រៃវែង ឆ្នាំ​២០១៨”​។

​ការ​ថ្លែង​របស់​ល​លោ​កស សុខា បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​ស្ដីពី​ការរៀបចំ​ព្រឹ​ត្ដិ​ការណ៍ សង្ក្រាន្ដ​ព្រៃវែង ឆ្នាំ​២០១៨​បានរៀបចំ​ធ្វើ​​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ នៅ​អគារ​រដ្ឋបាល​ខេត្តព្រៃវែង ដោយមាន​ចូលរួម​ពី​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​លោក ខៀវ ភា​រិ​ទ្ឋ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង និង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​។​
​ ​
​គោលបំណង នៃ​ការរៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង គឺ​ដើម្បី​ផ្តល់​ភាពសប្បាយ​រីករាយ ជា​លក្ខណៈ​ប្រពៃណី​ខ្មែរ​តាមរយៈ​ការរៀបចំ​ពិធី​​សាសនា ការតាំង​បង្ហាញ​នូវ​ផលិតផល​ខ្មែរ ទស្សនីយ៍ភាព សិល្បៈ ល្បែង​ប្រជាប្រិយ តាម​ប្រពៃណី និង​ទំនៀមទម្លាប់​ពី​ដូនតា​ជូន​ប្រជា​​ពលរដ្ឋ​ក្នុង​ខេត្តព្រៃវែង កូន​ខ្មែរ​ជំនាន់​ក្រោយ ក៏ដូចជា​ភ្ញៀវ​ជាតិ​-​អន្តរជាតិ បាន​ស្គាល់​កាន់តែច្បាស់ ពី​វប្បធម៌ និង​អរិយធម៌​ដ៏​រុងរឿង​​របស់​ខ្មែរ​តាំងពី​បុរាណ​។​

​លោក​បាន​បញ្ជាក់ថា នៅក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង គឺ​នៅលើ​សួន​សម្តេច ជា ស៊ីម នឹង​បង្ហាញ​របស់​យក្ស​ចំនួន​៥ មិនទាន់​បង្ហាញ​ទេ​។ ហើយ​បានជ្រើសរើស​យក​តំបន់​ចុង​ប៉ម (​ជិត​រដ្ឋបាល​សាលាខេត្ត​) នឹងមាន​ការរៀបចំ​ស្តង់​យុវជន និង​ស្តង់​របស់​មន្ទីរ​វិស័យ​ដើម្បី​បង្ហាញ​​នៅ​សម​ទ្ធិ​ផល​របស់ខ្លួន​ដែល​បានធ្វើ​កន្លងមក​។ ហើយ​នៅ​ចុង​ប៉ម​នេះ ក៏បាន​រៀបចំ​ឆាក​បុរាណ​និង​រចនាបថ​ភ្លើង​ដើម្បី​បំពេញ​នៅ​តម្រូវ​​ការ​របស់​មនុស្ស​ចាស់ ដូចជា​ការសម្តែង​នូវ​ល្ខោនបាសាក់ យីកេ ល្ខោន​តូច ល្ខោន​ធំ …​។​ល​។​ហើយ​ជាពិសេស​ក៏មាន​ការជ្រើសរើស​បវ​រក​ញ្ញា​​វ័យចាស់ គឺ​ចាប់ពី​អាយុ​៥៥​ឆ្នាំ ដល់​៦៥​ឆ្នាំ ដើម្បី​ផ្តល់ឱកាស​ឲ្យ​គាត់ នៅ​សម្រស់ មិនមែន​មានន័យថា ឲ្យ​តែ​ក្មេង​បាន​ស្អាត​ទេ​៕​ដោយៈ​ មុនី​រ័ត្ន​/sn

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ធ្វើ​សន្និសីទកាសែត (​រូប​ថ​តៈ​មុនី​រ័ត្ន​)