ព្រែក និងប្រឡាយលូមួយចំនួននៅកោះកុង ត្រូវគេចាក់ដីបំពាន ខណៈអាជ្ញាធរទើបនឹងដឹង

611
ចែករម្លែក

ដោយោ:សុផានីតា/កោះកុង ៖ ប្រព័ន្ធប្រឡាយ និងព្រែកធម្មជាតិមួយចំនួនក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា កំពុង​រង​ការ​រំលោភបំពានយ៉ាងខ្លាំងក្លាតាមរយៈរូបភាពធ្វើជាសំណង់បម្រើផលប្រយោជន៍ឯកជន ដែល​បង្ក​ឱ្យ​ផ្ទះប្រជា​ពលរដ្ឋ និងផ្លូវថ្នល់មានការជន់លិច​ទឹក​ភ្លៀងជាហូរហែ។

ក្រុងខេមរភូមិន្ទ បច្ចុប្បន្នកំពុងទទួលលំហូរចំណាក់ស្រុកប្រជាជនពីបណ្តាខេត្តផ្សេងៗចូលមករស់នៅ និងធ្វើការ ជាពិសេសទីផ្សារនៃការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដែលផ្តល់ភាពវិជ្ជាមានផង ព្រមទាំងភាពអវិជ្ជាមានផង ដោយ​អាជ្ញាធររិះរកវិធីសាស្រ្តដោះស្រាយជាបន្តបន្ទាប់។

ជាក់ស្តែង ប៉ុន្មានថ្ងៃមុននេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុង និងស្រុកមណ្ឌលសីមា មួយចំនួន​រង​ប៉ះពាល់​ជំនន់ទឹកភ្លៀង ព្រោះតែការកកស្ទះប្រព័ន្ធប្រឡាយលូទឹកស្អុយពាលពេញទៅដោយសំណល់សំរាមគ្រប់ប្រភេទ តម្រូវ​អាជ្ញាធរបានដុតដៃដុត​ជើងស្តារប្រព័ន្ធប្រឡាយលូបើកផ្លូវទឹកហូរចាក់ទៅដៃសមុទ្រ។

បន្ទាប់ពីមើលឃើញពីការលំបាករបស់ពលរដ្ឋពីការជន់លិចទឹកភ្លៀងមិនធ្លាប់មានពីមុនមកនោះ អភិបាលរងខេត្ត អភិបាលក្រុងស្រុក មន្ទីរបរិស្ថាន មន្ទីរដែនដី ចៅសង្កាត់ មេឃុំ និងមេភូមិ បាននាំគ្នាចុះពិនិត្យ​​ស្រាវ​ជ្រាវ​​តាមដងព្រែក និងប្រឡាយទឹកធម្មជាតិ។ ជាលទ្ធផល អាជ្ញាធរបានរកឃើញទីតាំងលួច​​ចាក់ដីលើ​​​ប្រឡាយ​ទឹកចំនួន២ទីតាំង ស្ថិតនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង បង្ករាំងស្ទះដល់ដណើរការបង្ហូរទឹក​កង្វក់ចេញទៅ​សមុទ្រ។

ភ្លាមៗនោះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ក៏បាន​បញ្ជាឱ្យ​មន្រ្តី​ដែន​ដី ចៅសង្កាត់ និងមេភូមិ ធ្វើកំណត់ហេតុវាយតម្លៃមួយរកអ្នករំលោភបំពាន ដើម្បីធ្វើយ៉ាង​សហការ​ជីក​កាយ​រាល់​អាចម៍​ដែលបានចាក់​ចូល​ប្រឡាយត្រូវគាកាយអោយបានត្រឹមត្រូវឡើងវិញជាបន្ទាន់។ ករណីមានការរឹងទទឹង នឹង​មាន​​វិធានការតាម​ច្បាប់​ជាធរមាន។

លោកអភិបាលរងខេត្តកោះកុង ព្រមានដល់អាជ្ញាធរ និងមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធ នឹងបន្តស្រាវជ្រាវ​តាម​កំណត់​មុខសញ្ញាអ្នករំលោភបំពានដីព្រែកប្រឡាយរដ្ឋបន្ត ដោយមិនអនុញ្ញាតឱ្យមាននរណា​ម្នាក់​យក​ដី ព្រែក និងបឹង​បួន​របស់រដ្ឋជាកម្មសិទិ្ធផ្ទាល់ខ្លួន ហើយបង្កគ្រោះមហន្តរាយដល់ការរស់នៅក្នុងសង្គម។

ទន្ទឹមនោះមានការចាក់ដីចូលប្រឡាយនៅក្រុងខេមរភូមិន្ទ ក៏មានការចាក់ឃឿនរំលោភដីប្រឡាយនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយគ្មានច្បាប់អនុញ្ញាត ក៏លោក សុខ សុទ្ធី ក៏បញ្ជាឱ្យអាជ្ញាធរធ្វើ​​កំណត់វាស់វែងវាយកម្ទេចចោលតែម្តង ក្រោយមានការតវ៉ារបស់​ប្រជាជន​រង​គ្រោះ​ទឹក​ជន់​លិចក្នុងផ្ទះ និង​ផ្លូវ​ថ្នល់។

គួរកត់សម្គាល់ថា កន្លងទៅ អាជ្ញាធរខេត្តកោះកុង ធ្លាប់ដាក់ផែនការដល់មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការរួមគ្នា ដើម្បី​​ធានាទប់ស្កាត់ការសាងសង់សំណង់គ្មានច្បាប់ខានតែបាន។ ពិសេស ហាម​ដាច់ខាតមិនឱ្យ​ការសាងសង់​សំណង​លើចំណី ដី សាធារណៈរបស់រដ្ឋ និងដីតំបន់​អភិ​រក្ស​​​បរិស្ថាន​នោះទេ។ ទោះយ៉ាងណា សាធារណជនសង្កេតឃើញថា អាជ្ញាធរហាក់អនុវត្តពុំមានល្អប្រសើរដូចនឹងអ្វីដែលពួកគាត់អះអាងនោះទេ ជាក់ស្តែង បញ្ហាចាក់ដីលុបព្រែកប្រឡាយខាងលើបង្ហាញជាមូលដ្ឋានទៅហើយ។

លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ ស្នើដល់ពលរដ្ឋរស់នៅតាមមូលដ្ឋាន​ចាំបាច់​ចូលរួម​ទុក​ដាក់​កាក​សំណល់សំរាមអោយត្រឹមត្រូវ ជៀសវាងចោលលើប្រឡាយទឹក និងមាត់លូ ដែលបង្ក​ឱ្យកក​ស្ទះ​ចរន្ត​លំហូរទឹក ខណៈប្រឡាយទឹកប្រវែង៤០ម៉ែត្រ បានជីកស្តារបើកមុខផ្លូវទឹក។

ចំណែកអ្នកស្រី គង់ ថន និងលោក លឹម ស៊ីណា ប្រជាពលរដ្ឋរស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដែលរងគ្រោះជំនន់ទឹកភ្លៀង ព្រោះតែអ្នកមានអំណាចធ្វើឃឿនបិទផ្លូវទឹក បានគាំទ្រចំពោះ វិធាន​ការ​ដោះ​ស្រាយ​របស់អាជ្ញាធរ គ្រាផ្ទះពលរដ្ឋត្រូវទឹកលិចរាល់ពេលមានភ្លៀងខ្លាំងម្តង។

បើតាមការឱ្យដឹងរបស់ពលរដ្ឋ ពួកគាត់ធ្លាប់ក៏​ស្នើអន្ត​រា​គមន៍​ច្រើនលើក​ច្រើន​សារ​​ទៅ​មេឃុំ និងអភិបាលស្រុក​មណ្ឌលសីមាដែរ ពោលគឺទើបតែនៅពេល នេះទេមាន​ចំណាត់​ការល្អ ដោយមានអ្នកសារព័ត៌​មានជួយ​ផ្សាយ​ព័ត៌មាន​ការពិតមានទូលំទូលាយ។

ក្រុមពលរដ្ឋបន្ថែមថា ពួកគាត់រងការលិចទឹកភ្លៀងជិត១ឆ្នាំមកហើយ ដោយសារឈ្មោះ វ៉េត ម៉ាច លួចចាក់ធ្វើឃឿនថ្ម បិទផ្លូវទឹកចូលប្រឡាយមេដែលបង្កឱ្យកើតជាជំនន់ទឹកភ្លៀងពេញផ្ទះ និងផ្លូវថ្នល់​យ៉ាងដូច្នេះ។ប្រសិនបើគ្មានដោះស្រាយទេនោះ ពួកគាត់នឹងប្រមូលផ្តុំគ្នាតវ៉ាអោយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងពន្លឿនការដំណោះស្រាយ។

តបនឹងលើកឡើងរបស់ពលរដ្ឋ អ្នកស្រី វ៉េត ម៉ាច ដែលរងការចោទប្រកាន់ថា​បានសង់ឃឿនថ្មបិទប្រឡាយទឹក ហាក់ទទួលស្គាល់កំហុក​ឆ្គង​ដែលបានធ្វើ ដោយអះអាងខ្លីៗថា មុននឹងរូបគាត់សង់ឃឿននេះអាជ្ញាធរភូមិ និង​សង្កាត់ ដឹងឮដែរ ទើបហ៊ានធ្វើ។ ប៉ុន្តែ​បើរដ្ឋតម្រូវកែប្រែ គឺទទួលយកសំណើ។ ត្បិតអាជ្ញាធរតម្រូវឱ្យវាយ​កម្ទេចចោលឃឿនថ្មសង់រំលោភចូលប្រឡាយទឹក អ្នកស្រី វ៉េត ម៉ាច ស្នើសុំដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ត្រូវ អនុ​វត្តដោយតម្លាភាពចំពោះទីតាំងដែលគេចាក់ដីលើព្រែក ប្រឡាយ ដ៏ទៃទៀតផង៕B/