ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត​៖ ព្រៃ​ស្មសាន​ដែលជា​អតីត​សមរភូមិ គឺជា​ទីតាំង​សម្រាប់​ការពារ​ធម្មជាតិ ដែល​ត្រូវបាន​ចាក់​បញ្ចាំង​នា​ថ្ងៃ​ចន្ទ ដើម្បី​រំឭក​ដល់​ទិវា​នៃ​ការចងចាំ ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៩

451
ចែករម្លែក

អត្ថបទ​ដោយ ៖ មី​ឈែល វ៉ា​ឆុន / ភ្នំពេញៈ ខ្សែភាពយន្ត​ឯកសារ “​ឆ្មាំ​ព្រៃ​” របស់​ផលិតករ អ៊ូច មករា ចាប់ផ្តើម​ដោយ​ផ្ទាំងទស្សនីយភាព​ដែល​ឆ្លុះបញ្ចាំង​អំពី​ទិដ្ឋភាព​ទូទៅ​នៅក្នុង​ព្រៃ ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ គឺជា​ទីតាំង​ប្រយុទ្ធ​រវាង​កង​យោធា​ខ្មែរក្រហម និង​កងកម្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា រហូតដល់​មេដឹកនាំ​ខ្មែរក្រហម​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ឆ្នាំ​១៩៩៨​។​

​នៅ​ដើមដំបូង​នៃ​ខ្សែភាពយន្ត មាន​ឃ្លា​មួយ​លេចឡើង “​នេះ​គឺជា​រឿងរ៉ាវ​នៅក្នុង​តំបន់​កាន់កាប់​ចុងក្រោយ​របស់​ខ្មែរក្រហម​” ស្ថិត​ក្នុងស្រុក​អន្លង់វែង នៃ​ទឹកដី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ប៉ុន្តែ ខ្សែភាពយន្ត​បាន​បង្វែរ​មកកាន់​ទិដ្ឋភាព​នាពេល​បច្ចុប្បន្ន​យ៉ាង​ឆាប់រហ័ស ព្រមទាំង​ពេលអនាគត អម​ជាមួយនឹង​ជីវប្រវត្តិ​នៃ​ព្រះសង្ឃ​ព្រះពុទ្ធសាសនា​មួយអង្គ ដែលជា​បុគ្គល​បំពេញភារកិច្ច​ការពារ​ព្រៃ​ចាប់តាំងពី​ខ្មែរក្រហម​បាន​ចាក​ចេញពី​តំបន់​នេះ ដើម្បី​ធានាថា​ព្រៃ​ក្នុង​តំបន់​នេះ​នឹង​ស្ថិតនៅ​ជា​ព្រៃ​ធម្មជាតិ​ដដែល​។

​នៅ​រយៈពេល​៥៧​នាទី​បន្ទាប់ពី​ការ​បញ្ចាំង​ខ្សែភាពយន្ត ទស្សនិកជន​នឹង​បាន​ស្តាប់​ព្រះអង្គ ប៊ុន សា​លួត ពន្យល់​បកស្រាយ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ និង​ដំណើរ​របស់​ព្រះអង្គ ហាក់បីដូចជា​ព្រះអង្គ​មាន​សង្ឃដីកា​ទៅកាន់​មិត្តភក្តិ​របស់​ព្រះអង្គ​ដែរ​។ ព្រះអង្គ ប៊ុន សា​លួត និមន្ត​ដឹកនាំ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទី​ស្ថាន​ព្រៃ​ដែល​ត្រូវបាន​ថែរក្សា​។ ទស្សនិកជន​ក៏​អាច​ឃើញ​ទស្សនីយភាព​នៃ​បក្សាបក្សី និង​ម្រឹគីម្រឹគា​ស្អាតៗ ដែល​ព្រះអង្គ​ប្តេជ្ញា​ការពារ ព្រមទាំង​ការដកហូត​ឧបករណ៍​នេសាទ​ខុសច្បាប់ ក៏ដូចជា​សម្រស់​និង​វិសាលភាព​នៃ​ព្រៃឈើ​នេះ​តាមរយៈ​រូបភាព​ពីលើ​អាកាស និង​មូលហេតុ​អ្វីដែល​ព្រៃ​នេះ​គួរតែ​ត្រូវបាន​ការពារ​។ ទិដ្ឋភាព​ខាងលើ​ត្រូវបាន​បញ្ចាំង​អម​ជាមួយនឹង​សំឡេង​តន្ត្រី​ដ៏​រណ្តំ​ដែល​បង្ហាញ​អំពី​ភាព​មហស្ចារ្យ​នៃ​ព្រៃ​ស្ថិតក្រោម​ការការពារ​។​
​ការចាក់​បញ្ចាំង​នៅថ្ងៃនេះ (​ថ្ងៃ​ចន្ទ​) នា​ម៉ោង​៣​រសៀល​នៅ​វត្ត​លង្កា​ក្នុង​រាជធានី​ភ្នំពេញ គឺ​ដើម្បី​រំឭក​ដល់​ទិវា​នៃ​ការចងចាំ​។ ខ្សែភាពយន្ត​ឯកសារ​រយៈពេល​៥៧​នាទី​នេះ ក៏​នឹង​ចាក់​បញ្ចាំង​នៅពេល​ក្រោយៗ​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ដែរ​។

គម្រោង​ការពារ​ធម្មជាតិ​ដែលមាន​អាយុកាល​ពេញ​មួយជីវិត​
​នៅពេលដែល​ព្រះអង្គ ប៊ុន សា​លួត បាន​បួស​ជា​ព្រះសង្ឃ ព្រះអង្គ​បាន​បកស្រាយ​នៅក្នុង​ខ្សែភាពយន្ត​ថា “​អាត្មា​បានដឹងថា អាត្មា​ត្រូវតែ​ស្វះ​ស្វែងរក​អ្វីដែល​តម្រូវ​ឲ្យ​មានការ​យកចិត្តទុកដាក់​ជាបន្ទាន់​”​។ ព្រះអង្គ​បាន​យក​ដំណើរ​ជីវិត​នៃ​ព្រះពុទ្ធ​មកជា​កម្លាំង​ជំរុញ​ចិត្ត​ព្រះអង្គ​ផ្ទាល់​។ “​ព្រះពុទ្ធ​ជ្រាបថា ព្រៃឈើ​និង​សត្វ​ម្រឹគ អាច​សម្រប​ខ្លួន​និង​រួមរស់​ជាមួយ​មនុស្ស ប៉ុន្តែ​មនុស្ស​ពុំដែល​រៀន​រួម​រស់នៅ​ដោយ​ស្ងប់​សុខ​ជាមួយ​ព្រៃឈើ​និង​សត្វ​ម្រឹគ​ទេ​”​។ នេះ​ជា​អ្វីដែល​ព្រះអង្គ ប៊ុន សា​លួត មាន​សង្ឃដីកា​នៅក្នុង​ខ្សែភាពយន្ត​។ “​ក្នុង​ដំណើរ​ជីវិត​របស់​ព្រះសម្មាសម្ពុទ្ធ ព្រះពុទ្ធ​បាន​លើកទឹកចិត្ត​ឲ្យ​មនុស្ស​ស្រឡាញ់ និង​គោរព​ដល់​ព្រៃឈើ​និង​វត្ថុ​មានជីវិត​ដទៃទៀត​។​”
​ដោយ​ប្រកាន់ខ្ជាប់​ពុទ្ធឱវាទ ព្រះអង្គ ប៊ុន សា​លួត នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ បាន​ផ្តោតលើ​ការការពារ​ទី​ស្ថាន​ព្រៃ​នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាទី​តាំង​ដែល​ព្រះអង្គ​បាន​ប្រសូត្រ​។​
​ព្រះសង្ឃ​មួយអង្គ​ទៀត ព្រះនាម ស៊ុន ថា ក៏បានផ្តល់​ជំនួយ​នាពេល​ក្រោយមក​ដែរ ព្រមទាំង​បាន​មាន​សង្ឃដីកា​ទៅកាន់​ព្រះអង្គ ប៊ុន សា​លួត ថា “​ប្រសិនបើ​ព្រះ​តេជគុណ​មានបំណង​រក្សា​ព្រៃឈើ អាត្មា​នឹង​នាំ​ផ្លូវ ព្រោះ​ទីនេះ​គឺជា​តំបន់​របស់​អាត្មា​នៅក្នុង​ជំនាន់​ខ្មែរក្រហម​៖ អាត្មា​ជា​អតីត​ទាហាន​ខ្មែរក្រហម​”​។​
​ជា​លទ្ធផល ព្រះសង្ឃ​ទាំងពីរ​អង្គ​បាន​និមន្ត​ទៅក្នុង​ព្រៃ​។ ព្រះអង្គ ប៊ុន សា​លួត មានការ​ភ្ញាក់ផ្អើល​នៅពេល​បានឃើញ​ដានជើង​សត្វ​ដែល​ព្រះអង្គ​ពុំ​ធ្លាប់​បានឃើញ​ពីមុនមក​។ នៅពេលដែល​ព្រះអង្គ​ឮ​សំឡេង​សត្វព្រៃ​នៅពេល​យប់ ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា “​នេះ​ជំរុញ​ឲ្យ​អាត្មា​ដឹងថា អាត្មា​មាន​ភាព​អន្ទះសារ​ការពារ និង​ថែរក្សា​ពពួកសត្វ​ទៅនោះ​ពី​គ្រោះថ្នាក់​”​។​
​ការងារ​ដំបូងបង្អស់​ដែល​ព្រះអង្គ​និង​ក្រុម​ព្រះសង្ឃ​ធ្វើ​នៅពេល​ចាប់ផ្តើម​គម្រោង​ការពារ គឺ​ធ្វើការ​ដោះមីន​ចេញពី​តំបន់​នេះ​។ ខ្មែរក្រហម​បានដាក់​ពង្រាយ​មីន​កប់​ក្នុង​ដី និង​មីន​បំផ្លាញ​រថក្រោះ​រាប់ពាន់​គ្រាប់​នៅក្នុង​ព្រៃ​។ ព្រះអង្គ ប៊ុន សា​លួត និង​ក្រុម​ព្រះសង្ឃ យល់ថា​ក្រុមការងារ​របស់​ព្រះអង្គ​ទើបតែ​បំពេញការងារ​បាន​ចប់សព្វគ្រប់​នៅក្នុង​ឆ្នាំមុន​។​

​ប្រែក្លាយ​ទីតាំង​មួយចំណែក​នៃ​ព្រៃឈើ​ទៅជា​តំបន់​ស្ថិតក្រោម​ការពារ​
​នៅពេលដែល​ព្រះអង្គ ប៊ុន សា​លួត ចាប់ផ្តើម​គម្រោង​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ជំហាន​ដំបូង​បំផុត​នៃ​ការងារ​របស់​ព្រះអង្គ គឺ​ស្វះ​ស្វែងរក​វិធីសាស្ត្រ​ប្រកាស​តំបន់​នេះ​ថា ជា​តំបន់​អភិរក្ស​។ នៅ​ទីបំផុត កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ក៏​សម្រេចបាន​ដោយមាន​ការជួយជ្រោមជ្រែង​ពី​សំណាក់​អាជ្ញាធរ​ថ្នាក់​ខេត្ត និង​ថ្នាក់​តំបន់ បន្ទាប់ពី​ចំណាយពេល​អស់​ជាច្រើន​ទសវត្សរ៍​។​
​ត្រួតពិនិត្យ​មើល​សំណើ​ដំបូងបង្អស់​របស់​ព្រះ​តេជគុណ បុគ្គលិក​នាយកដ្ឋាន​រុក្ខាប្រមាញ់ បាន​ជម្រាប​ព្រះអង្គ​ថា​តំបន់​ដែល​ព្រះអង្គ​បានស្នើ​ឲ្យ​មានការ​ការពារ​មាន​ទំហំ​តូច​ពេក​។ បុគ្គលិក​ទាំងនោះ​បានលើកឡើង​ថា “​សូម្បីតែ​ខ្លា​មួយ​ក្បាល ត្រូវការ​ទីតាំង​ទំហំ​ប្រាំពីរ​គីឡូម៉ែត្រ​ដើម្បី​រត់​ក្នុង​មួយ​យប់​”​។ ព្រះអង្គ ប៊ុន សា​ឡួ​ត មាន​សង្ឃដីកា​នៅក្នុង​ខ្សែភាពយន្ត​ថា “​អាត្មា​ពុំបាន​ដឹង​ពី​រឿងនេះ​ទេ​”​។ ជា​ចុងក្រោយ ព្រះអង្គ​បានស្នើ​ឲ្យ​ដាក់​ទីតាំង​ទំហំ ១៨.២៦១​ហិកតា​ក្រោម​ការការពារ​។​
​កិច្ចព្រមព្រៀង​ដំបូង​មួយ​ត្រូវបាន​ចុះហត្ថលេខា​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០០២ ប៉ុន្តែ ព្រះអង្គ ប៊ុន សា​លួត ចង់​ឲ្យ​មានការ​ការពារ​បន្ថែម​លើ​តំបន់​ដែល​បានស្នើ​។ មន្ត្រី​រដ្ឋាភិបាល​មួយរូប​បាន​ជម្រាប​ទៅកាន់​ព្រះអង្គ​ថា ការដាក់​តំបន់​មួយ​ឲ្យ​ស្ថិតក្រោម​ការការពារ​គឺ​ពិតជា​លំបាក​ខ្លាំងណាស់ ប៉ុន្តែ​ព្រះអង្គ​អាច​ស្នើ​ឲ្យ​ប្រកាស​ជា​ព្រៃ​សហគមន៍ ព្រោះថា​មាន​ប្រជាជន​រស់នៅក្នុង​តំបន់​នេះ​។ ព្រះអង្គ ប៊ុន សា​លួត មាន​សង្ឃដីកា​ថា “​ក្រុម​អាត្មា​បាន​ចុះបញ្ជី​ព្រៃ​នេះ​ជា​ព្រៃ​សហគមន៍​បាន​ជោគជ័យ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០០៨”​។​
​ដោយមាន​ការគាំទ្រ​ពី​ប្រជាជន ព្រះសង្ឃ​នៃ​វត្ត​សំរោង បាន​គ្រប់គ្រង​ថែរក្សា​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត​។ ដោយហេតុតែ​ធនធាន​មាន​កម្រិត ព្រះអង្គ ប៊ុន សា​លួត និង​ក្រុម​ព្រះសង្ឃ ធ្វើការ​យាមល្បាត​ព្រៃ​ដើម្បី​ការពារ​ព្រៃ​ពី​ការកាប់បំផ្លាញ និង​ការពារ​សត្វ​ពី​ការ​ប្រ​ម៉ាញ់​។ នៅពេល​ខ្លះ អ្នក​កាប់​ព្រៃ​ខុសច្បាប់​បាន​ដក​ស្លាក​សញ្ញា​បង្ហាញថា​ជា​តំបន់​ការពារ​ចេញ បន្ទាប់មក​អះអាងថា​ខ្លួន​ពុំបាន​ឃើញ​សញ្ញា​អ្វី​ទាំងអស់​។ ទង្វើ​នេះ​បាន​ញ៉ាំង​ឲ្យ​ព្រះអង្គ ប៊ុន សា​លួត ជីក​ព្រែក​ធ្វើជា​ខ្សែ​សីមា​ខណ្ឌ​ព្រំដែន ដែលមាន​ប្រសិទ្ធភាព​ជាង​មុន​។​
​ចំពោះ​ករណី​បរបាញ់​សត្វ​ខុសច្បាប់​វិញ គឺ​នៅតែ​មិនអាច​បញ្ឈប់​បាន​។ ខណៈពេលដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​ជួយ​ដល់​ព្រះសង្ឃ​ក្នុងការ​យាមល្បាត អ្នក​បរបាញ់​សត្វ​ចំនួន​២០​នាក់​នឹង​ត្រូវបាន​បញ្ជូនទៅ​តុលាការ​។ ព្រះអង្គ ប៊ុន សា​លួត មាន​សង្ឃដីកា​បញ្ជាក់ថា បុគ្គលិក​ក្រសួងបរិស្ថាន​ដែល​ជួយ​ដល់​ព្រះសង្ឃ ពុំទាន់​ឃាត់ខ្លួន​បុគ្គល​ណា​ម្នាក់​ទេ​។​
​ទោះបីជា​យ៉ាងណា ព្រះសង្ឃ​នៅតែ​បន្តការងារ​ទោះបី​ធនធាន​មាន​កម្រិត​ក្តី​។ ជួនកាល សិស្សានុសិស្ស ឬ​អ្នកទស្សនា​ក៏បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​តំបន់​ព្រៃ​អភិរក្ស​ដែរ​។​
​នៅក្នុង​ឆ្នាំ​២០១២ ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត បានទទួល​ពានរង្វាន់​អេក្វាទ័រ ដែលជា​កិច្ច​ផ្តួចផ្តើម​នៃ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ ដើម្បី​ទទួលស្គាល់​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​លេចធ្លោ​របស់​សហគមន៍ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ការអភិរក្ស និង​ប្រើប្រាស់​ស្ថានប្រព័ន្ធ​។ ពានរង្វាន់​នេះ​ត្រូវបាន​ប្រកាស​នៅ​ទីក្រុង​ញូវយ៉ក នៅក្នុង​ពិធី​អបអរ​មួយ​ដែល​ព្រះអង្គ ប៊ុន សា​លួត បាន​និមន្ត​ចូលរួម​។ ព្រះអង្គ​មាន​សង្ឃដីកា “​ប្រសិនបើ​អាត្មា​មិនមែនជា​ព្រះសង្ឃ អាត្មា​នឹង​ឡើង​រាំ​នៅលើ​ឆាក​” ដោយសារ​មោទកភាព​របស់​ព្រះអង្គ​ចំពោះ​ប្រទេស​កម្ពុជា​។​

ការផលិត​ខ្សែភាពយន្ត​
​ផលិករ​ខ្សែភាពយន្ត លោក អ៊ូច មករា បានឮ​អំពី​ការងារ​របស់​ព្រះ​តេជគុណ សា​ឡួ​ត ដំបូងបង្អស់ ខណៈពេលដែល​លោក​បានធ្វើ​ទស្ស​កិច្ច​ទៅកាន់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​។ លោក អ៊ូច មករា បានលើកឡើង “​បន្ទាប់មក ខ្ញុំ​ចាប់ផ្តើម​យល់ដឹង​អំពី​ការងារ​របស់​ព្រះអង្គ គឺ​ការងារ​ដ៏​មាន​សារសំខាន់​របស់​ព្រះអង្គ​ក្នុងការ​ការពារ​ព្រៃ​សហគមន៍​។ ហេតុនេះហើយ ខ្ញុំ​ក៏មាន​គំនិត​ធ្វើ​អ្វីមួយ​សម្រាប់​ការងារ​នេះ​”​។​
​ជា​លទ្ធផល ខ្សែភាពយន្ត​នេះ​ត្រូវបាន​ចំណាយពេល​មួយឆ្នាំ​ដើម្បី​ផលិត​ចេញ​ជា​ខ្សែភាពយន្ត​អំពី​ទីតាំង​នេះ​។ លោក មករា ប្រធាន​ផលិតកម្ម​ស្លឹករឹត​ម៉ូ​ហ្សិ​ន ដែលជា​ផលិតកម្ម​ភាពយន្ត​មាន​សណ្ឋាន​ជា​សហគ្រាស​សង្គម​មួយ មាន​ទីតាំង​នៅក្នុង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺជា​ផលិតករ និង​ការីថត​នៃ​គម្រោង​នេះ ដោយមាន​ជំនួយ​ពី​ក្រុមការងារ​អចិន្ត្រៃយ៍​ដែលមាន​សមាជិក​បួនរូប រួមមាន ៖ លោក សាន ប៊ុន​ស៊ីម ជា​អ្នកនិពន្ធ កញ្ញា ទ្រី សុជាតា ជា​អ្នក​កាត់ត​ភាពយន្ត និង​លោក កែវ ធា​ស្រ៊ុន ជា​អ្នកសម្របសម្រួល​ផលិតកម្ម ព្រមទាំង​បុគ្គលិក​បន្ថែម​បណ្តោះអាសន្ន​មួយរូប​ទៀត​។​
​ដើម្បី​ផ្តិត​យក​សារសំខាន់​និង​សម្រស់​នៃ​តំបន់​ធម្មជាតិ​ស្ថិតក្រោម​ការការពារ​នេះ លោក អ៊ូច មករា បាន​ថត​យក​ទិដ្ឋភាព​ពីលើ​អាកាស​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ដ្រូ​ន​។ លោក អ៊ូច មករា បាន​ជិះទូក​ដើម្បី​ថត​ព្រះអង្គ ប៊ុន សា​លួត កំពុង​និមន្ត​ដឹកនាំ​ដំណើរ​ទស្សនកិច្ច​ព្រៃ​អភិរក្ស​តាមផ្លូវ​ទឹក អម​ជាមួយនឹង​មន្ត្រី​នៃ​ក្រសួងបរិស្ថាន ស្រប​ពេលដែល​អ្នក​ទាំង​នេះ​បាន​ប្រទះឃើញ​ឧបករណ៍​នេសាទ និង​បរបាញ់​ខុសច្បាប់​។ លោក​បាន​ថត​យក​សកម្មភាព​រប​ស់​ព្រះសង្ឃ​ក្នុងការ​ដោះលែង​សត្វ​ពស់​ប្រវែង​ជាង​មួយ​ម៉ែត្រ ក៏ដូចជា​ការ​បញ្ឆេះ​ម៉ាស៊ីនភ្លើង​ចាស់​មួយគ្រឿង​ដើម្បី​ទាញ​រទេះ​ឈើ​មួយ​។​
​លោក អ៊ូច មករា បាន​លើកឡើងថា ឧបសគ្គ​ចម្បង​មួយ​គឺ​ការថត​បក្សាបក្សី និង​ម្រឹគ​នៅពេល​ថ្ងៃ និង​ពេលយប់​។ ដោយសារតែ​ពុំមាន​ឧបករណ៍​ទំនើប​ដើម្បី​ផ្តិត​យក​រូបភាព​ទាំងអស់នេះ ការថត​មានការ​លំបាក​។ សត្វ​ទាំងនោះ​អាច​រត់​បាត់​នៅមុន​ពេល​ថត​។​
​លោក​នៅតែ​អាច​ផ្តិត​យក​រូបភាព​យ៉ាង​ស្រស់ស្អាត ដែល​បង្ហាញ​ដល់​ទស្សនិកជន​នូវ​សម្រស់ និង​សារសំខាន់​នៃ​ព្រៃ​ស្ថិតក្រោម​ការការពារ​នេះ​។​

​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​លើកឡើងថា ខ្សែភាពយន្ត​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ស្រាវជ្រាវ និង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ លោក​បាន​មានប្រសាសន៍ “​ព្រះសង្ឃ​គឺជា​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​” ព្រោះថា​ព្រះសង្ឃ​ជាច្រើន​ត្រូវបាន​សម្លាប់ ដោយសារតែ​ឋានៈ​ជា​ព្រះសង្ឃ​។ “​យើង​ចង់បង្ហាញ​អំពី​តួនាទី​របស់​ព្រះសង្ឃ ដើម្បី​ជំរុញ​ទឹកចិត្ត ចងចាំ ការពារ និង​អប់រំ​”​។​

​ស្ថិតក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការអភិវឌ្ឍន៍​អន្តរជាតិ គម្រោង​ខ្សែភាពយន្ត​នេះ ត្រូវបាន​គាំទ្រ​ដោយ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ ការិយាល័យ​ដើម្បី​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស​និង​ពលកម្ម​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក និង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​៕ ល​