ព្រោះតែ​គ្រឿងញៀន បុរស​ម្នាក់​វាយ​ប្រពន្ធ​របួសធ្ងន់​ដេកពេទ្យ

740
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: អធិការ​ស្រុក​សំពៅ​លូន កាលពី​រសៀល​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៨ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ពីបទ​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ ប្រព្រឹត្ត​កាលពី​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។

​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ម៉ន សំអាន អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដែល​បានធ្វើ​សកម្មភាព​វាយ ទាត់​ធាក់ ទៅលើ​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ សិ វឿន អាយុ​២៧​ឆ្នាំ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បាន​ទារលុយ​លក់​ម៉ូតូ ពី​ប្រពន្ធ​យកទៅ​ទិញ​ថ្នា​ញៀន​យ៉ាម៉ា​ជក់ តែ​ប្រពន្ធ​មិន​ឲ្យ​អស់ ទើប​កើតជា​អំពើហិង្សា​វាយតប់​លើ​ប្រពន្ធ​រហូត​រងរបួស​ធ្ងន់​បែបនេះ​។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា ជនសង្ស័យ​(​ប្តី​)​នេះ ជា​មនុស្ស​ញៀន​ថ្នាំ​ជោកជាំ ឲ្យ​តែ​ថ្នាំញៀន​ធ្វើទុក្ខ​តែងតែ​រករឿង​ទារលុយ​ប្រពន្ធ​យកទៅ​ទិញ​ថ្នាំជក់ ហើយ​ប្រពន្ធ​មិន​ឲ្យ​តែងតែ​វាយ​ទាត់​ធាក់​ជានិច្ច​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង បញ្ជូនទៅ​ស្នងការ​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕ ល​