ព្រោះតែ​ចង់បាន​ម៉ូតូ កូន​អកតញ្ញូ​សុខចិត្ត​គាស់​រំលើង​ផ្នូរ​ឪពុកម្ដាយ

231
ចែករម្លែក

​វា​ពិតជា​គួរឱ្យ​ហួសចិត្ត​ណាស់ ដែល​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​គាស់​រំលើង​ផ្នូរ ឪពុកម្ដាយ​របស់ខ្លួន​ដើម្បី​យក​ឆ្អឹង​ដូរ​យក​ម៉ូតូ​មួយគ្រឿង​។

​ប៉ូលិស​នៅ​ប្រទេស​ម៉ូ​សំ​ប៊ិក ដែល​ស្ថិតនៅក្នុង​ទ្វីបអាហ្វ្រិក បាន​ឃាត់ខ្លួន​បុរស​ម្នាក់​នៅ​ខេត្ត​ភាគ ខាងជើង​ណា​ម​ពូ​ឡា (Nampula) តាម​ការសង្ស័យ​ពីបទ​គាស់​រំលើង​ផ្នូរ​ឪពុកម្ដាយ និង​ឪពុកមារ របស់ខ្លួន​។​

​យោងតាម​សេចក្ដីរាយការណ៍​ឱ្យដឹងថា បុរស​នេះ​បានគាស់​រំលើង​ផ្នូរ​នៃ​សាកសព​ទាំង ៣ ក្នុងពេល​តែមួយ​យប់ បន្ទាប់ពី​អ្នកជំនួញ​ម្នាក់​សន្យាថា​នឹង​ឱ្យ ម៉ូតូ​មួយគ្រឿង និង​ប្រាក់ ៣០០ ដុល្លារ​ជា​ថ្នូរ​នឹង​ឆ្អឹង​របស់​អ្នកស្លាប់​។

​កូន​អកតញ្ញូ​នេះ​បាន​ប្រាប់ BBC ថា “​លោក​ថៅកែ​បាន​ប្រាប់​ខ្ញុំ​ឱ្យ​ស្វែងរក​ឆ្អឹង​អ្នក​ដែល​ស្លាប់ មិនមែន​ដោយសារ​ជំងឺ ហើយ​ជា​ថ្នូរ​នឹង​ឆ្អឹង​ទាំងនោះ ឯង​នឹង​បាន​ម៉ូតូ​មួយគ្រឿង​។ ឮដូច្នេះ ខ្ញុំ​ក៏​សម្រេចចិត្ត​ទៅ​គាស់​ផ្នូរ​យក​ឆ្អឹង​ឪពុកម្តាយ​ខ្ញុំ និង​ឪពុកមារ​ខ្ញុំ​តែម្ដង​”​។​

​យោងតាម​សេចក្ដីរាយការណ៍​ឱ្យដឹងទៀតថា ក្រោយ​គាស់​បាន​ឆ្អឹង​ហើយ បុរស​នេះ​បាន​ទៅ ជួប​អ្នកជំនួញ​ខាងលើ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​រុករក​រ៉ែ ប៉ុន្តែ​មិន​ជួប​ហើយក៏​ត្រូវ​ប៉ូលិស ចាប់ខ្លួន​តែម្ដង​។​

​អ្នកនាំពាក្យ​ប៉ូលិស​និយាយថា ករណីបែបនេះ​ជា​ករណី​ទី​៥ ហើយ​នៅក្នុង​តំបន់​នេះ​ក្នុងឆ្នាំនេះ ដោយ​គេ​ជឿថា ករណី​ភាគច្រើន​ទាក់ទិន​នឹង​អំពើ​អាប​ធ្មប់​៕ ប្រែ​សម្រួលៈ ខុម