ព្រោះតែ​ដំណឹង​មិន​ពិត វិស្វករ​ក្រុមហ៊ុន​ហ្គោ​ហ្គ​ល​ម្នាក់​ត្រូវ​ហ្វូងមនុស្ស​ព្រួត​វាយ​ដល់​ស្លាប់​

1120
ចែករម្លែក

​វិស្វករ​ម្នាក់ ដែល​បម្រើ​ការងារ​ឱ្យ​ក្រុមហ៊ុន​អ៊ិន​ធើ​ណែ​ត​ខ្នាត​យក្ស ហ្គូ​ហ្គ​ល​របស់​អាមេរិក ត្រូវបាន​មហាជន​ព្រួត​វាយ​រហូតដល់​ស្លាប់​យ៉ាង​អាណោចអាធ័ម ហើយ​នេះ​ជា​ករណី​អំពើ ហិង្សា​ចុងក្រោយ ដែល​បង្កឡើង​ព្រោះតែ​សារ​មិន​ពិត​តាម WhatsApp ដែល​ចោទថា​មាន ប្រ​ម៉ាត់​ប្រ​ម៉​ង់​ចាប់​ក្មេង​នៅ​ប្រទេស​ឥណ្ឌា នេះ​បើ​យោងតាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​១៦ ខែកក្កដា​។​

​បុរសរងគ្រោះ​ឈ្មោះ មហាម៉ាត់ អា​ហ្សា​ម (Mohammad Azam) រួមជាមួយ​មិត្តភក្តិ ២ នាក់​ត្រូវបាន​មហាជន​ប្រមាណ ២.០០០ នាក់​ព្រួត​វាយ​នៅ​ស្រុក​ប៊ី​ដា (Bidar) រដ្ឋកា​ណា​តា​កា (Karnataka) ភាគខាងត្បូង​កាលពីពេល​ថ្មីៗ​នេះ​។​

​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស ៣២ នាក់​ទាក់ទិន​នឹង​ការស្លាប់​នេះ ហើយ​នេះ​ជា​ករណី​ចុងក្រោយ បំផុត នៃ​ការសម្លាប់​មនុស្ស​ដោ​យម​ហា​ជន ដែល​បង្កឡើង​ដោយសារ​ពាក្យ​ចចាមអារ៉ាម គ្មាន​មូលដ្ឋាន​ថា​មាន​ប្រ​ម៉ាត់​ប្រ​ម៉​ង់​ចាប់​ក្មេង​។​

​មិត្តភក្តិ​របស់លោក មហាម៉ាត់ អា​ហ្សា​ម រួមទាំង​ជនជាតិ​កាតា ម្នាក់​ផង បាន​រងរបួស​ធ្ងន់ ក្នុងករណី ផ្ទុះ​អំពើហិង្សា​នេះ ដែល​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី WhatsApp សេវា​ផ្ញើ​សារ របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ចុះផ្សាយ​ក្នុង​កាសែត​នានា​របស់​ឥណ្ឌា ដើម្បី​ផ្តល់​គន្លឹះ​សម្រាប់ ទប់ស្កាត់​ការ​រាលដាល​នៃ​ព័ត៌មាន​ក្លែងក្លាយ​លើ platform របស់ខ្លួន​។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ មនុស្ស​រហូតដល់​ទៅ​ជាង ២០ នាក់​ត្រូវបាន មហាជន​សម្លាប់​នៅ​ប្រទេស​ឥណ្ឌា បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់ថា​ប្រ​ម៉ាត់​ប្រ​ម៉​ង់​ចាប់​ក្មេង​។​
​ប៉ូលិស​និយាយថា លោក មហាម៉ាត់ អា​ហ្សា​ម អាយុ ២៧ ឆ្នាំ និង​គ្នីគ្នា​របស់គាត់​បាន​ត្រឡប់ ទៅផ្ទះ​របស់​ពួកគេ​វិញ​នៅ​ទីក្រុង​ហ៊ី​ដេ​រ៉ា​បាដ (Hyderabad) បន្ទាប់ពី​ទៅលេង​មិត្តភក្តិ​ម្នាក់ នៅ​ស្រុក​ប៊ី​ដា ដែល​នៅជាប់​គ្នា​។ ហើយ​នៅតាម​ផ្លូវ ពួកគេ​បាន​ឈប់​ដើម្បី​ចែក​ស្ករ​សូកូឡា ដល់​កុមារ​សិស្សសាលា​។

​មន្ត្រី​ម្នាក់​និយាយថា នៅពេល​កំពុង​ចែក​ស្ករ​គ្រាប់ ស្រាប់តែ​ក្មេង​ម្នាក់​ចាប់ ផ្តើម​ស្រែកយំ​ធ្វើឱ្យ ផ្អើល​ដល់​ចាស់ៗ​ដែល​បាន​ចោទប្រកាន់​បុរស​ទាំងនោះ​ថា​ជា​ប្រ​ម៉ាត់​ប្រ​ម៉​ង់​ចាប់​ក្មេង​ស្របពេល កំពុង​ផ្ទុះ​ព័ត៌មាន​ចចាមអារ៉ាម​អំពី​ការចាប់​ក្មេង​នៅ​តំបន់​នោះ​។​

​ប៉ូលិស​បាន​បន្តថា អ្នក​ទាំង ៣ អាច​បើករថយន្ត​គេចខ្លួន ប៉ុន្តែ​ត្រូវបាន​មនុស្ស​មួយក្រុម​ធំ​ស្ទាក់ វាយ​នៅ​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ខាងមុខ បន្ទាប់ពី​ប្រជាជន​រស់នៅ​មូលដ្ឋាន​ជូនដំណឹង​ដល់​ភូមិ ក្បែរៗ​នោះ​តាម Whatsapp​។​

​រថយន្ត​របស់​ពួកគេ​បាន​ត្រឡប់ក្រោយ​វិញ​បន្ទាប់ពី​បុក​របាំង​ផ្លូវ​ដាក់​ដោយ​មហាជន​ដែល​ពោរពេញ ដោយ​កំហឹង មុនពេល​ត្រូវ​មហាជន​ចាប់ទាញ​ទម្លាក់​ពី​រថយន្ត ហើយ​វាយ​នឹង​ដំបង ព្រមទាំង​ដុំថ្ម​។​
​វីដេអូ​ឃ្លី​ប​មួយ​ដែល​ចាក់ផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​ឥណ្ឌា បង្ហាញ​ពី​ប៉ូលិស​ម្នាក់​អង្វរករ មហាជន​ឱ្យ​ឈប់ នៅពេល​ពួកគេ​ទាត់​ធាត់ និង​វាយ​ជនរងគ្រោះ​ដោយ​ដំបង​។​

​ប៉ូលិស ៣ នាក់​បាន​រងរបួស​ដោ​យ​សារ​ព្យាយាម​ជួយសង្គ្រោះ​ជនរងគ្រោះ​ខណៈ​មហាជន​កំពុង ព្រួត​វាយ​ជិត​មួយ​ម៉ោង​។ ប៉ូលិស​និយាយថា ពួកគេ​បាន​ចាប់ខ្លួន​ជនដៃដល់ ៣២ នាក់ ហើយ​ពេល នេះ​កំពុង​តាម​ប្រមាញ់​អ្នកដៃដល់​ផ្សេងទៀត​។​

​មន្ដ្រី​ស៊ើបអង្កេត​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង ថា អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​រួមមាន​ទាំង​អ្នកគ្រប់គ្រង​ក្រុម WhatsApp មួយ​ស្ថិតនៅ​ពីក្រោយ​សារ ដែល​បង្កឱ្យមាន​ហិង្សា​នេះ​កើតឡើង​ផងដែរ​៕ ប្រែ​សម្រួល​: ខុម​

#