ព្រោះតែ​នំ​អូន​!

280
ចែករម្លែក

​កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានចេញ​លិខិត​បង្គាប់​ទៅ​លោក អ៊​ង រី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូងខេត្តកោះកុង​ចាត់​ឲ្យ​មក​បម្រើ​ការងារ​នៅ​ក្រសួងយុត្តិធម៌​ជា​បណ្តោះអាសន្ន​។ សាមីខ្លួន ត្រូវមាន​វត្តមាននៅ​ក្រសួងយុត្តិធម៌ រៀងរាល់​ម៉ោង​ធ្វើការ​។​
​ ​
​លិខិត​បង្គាប់​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​យុ​តិ្ត​ធម៌ ដែល​បាន​ដក​លោក អ៊​ង រី ចេញពី​ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​សាលាដំបូង ខេត្តកោះកុង បានធ្វើ​ឡើង ដោយ​យោងតាម​លិខិត ចុះ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ របស់​អយ្យការ​អម​សាលាដំបូង ខេត្តកោះកុង​។​
​ ​
​យ៉ាងណាក៏ដោយ ចំណាត់ការ​របស់​រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌​ខាងលើនេះ បានកើត​ឡើងតែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក អ៊​ង រី ព្រះរាជអាជ្ញារងតុលាការខេត្ត​កោះកុង​បាន​នាំស្រី​ស្នេហ៍​មក​ដេក​នៅផ្ទះ​សំណាក់​មួយ​នៅ​ភ្នំពេញ ហើយ​ត្រូវបាន​ប្រពន្ធ​តាម​ទាន់​ផ្អើលពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម​និង​បណ្តាញសារព័ត៌មាន​ទាំង​បោះពុម្ព​និង​អេឡិចត្រូនិក​។​

​គេ​អាច​ចាំបាន​ថា​ករណី​ថ្មី​ចុងក្រោយ​របស់លោក​ព្រះរាជអាជ្ញារង​តុលាការ​ខេត្តកោះកុង មិន​ខុសពី​អតីតមន្ត្រី​ជាន់ខ្ពស់​មួយចំនួន​កន្លងមក​នោះទេ​។ នោះ​គឺ​កាលពី​ខែឧសភា ឆ្នាំ​២០១៩ លោក សួន បវរ ត្រូវអស់​តំណែង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​ដោយសារតែ​ស្រី​ស្នេហ៍​ហែកកេរ្តិ៍​ដូច​ដើរ​ស្រាត​កាត់​ផ្សារ​។ អតីត​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ លោក ស ថា​វី បាន​អស់តំណែង​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។ អតីត​អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ កាលពី​ខែមីនា ឆ្នាំ​២០១៨​។ ករណី​អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ គឺ​មិន​ត្រឹមតែ​អស់តំណែង​ទេ តែ​ក៏ត្រូវ​ជាប់ពន្ធនាគារ​ថែមទៀត​ដោយសារតែ​ជាប់ចោទ​ក្នុង​សំណុំរឿង​សម្លាប់​ស្ត្រី​កំណាន់​លួចលាក់​នោះ​។​ល​។​និង​។​ល​។​

​ជារួម បើសិនជា​មន្ត្រីជាន់ខ្ពស់ កាន់​តួនាទី​សំខាន់​ស្វែងរក​យុត្តិធម៌​ដល់​សង្គម​គួរតែ​ជាមនុស្ស​ស្អាតស្អំ មិន​ពុករលួយ​។ ពិសេស​សីលធម៌​សង្គមក៏​ល្អ ដើម្បី​ជា​គំរូ​ដល់​​ ​ជ​នានុ​ជន​។ ម្យ៉ាងទៀត បើ​ចង់​មាន​ថ្មី ក៏​គួរតែ​ដោះស្រាយ​ឲ្យ​រួចរាល់​នូវ​ចំណង​ប្រពន្ធ​កូន​។ នោះ​ទើប​ជា​កូនប្រុស ដែលមាន​ការទទួលខុសត្រូវ​។​

​សំណាង​ហើយ ករណី​ព្រះរាជអាជ្ញារងខេត្តកោះកុង ដែល​ប្រពន្ធមិន​ប្តឹងទៅ​តុលាការ ។ក្នុង​ច្បាប់​ឯក​ពន្ធភាព​​ បើសិន​ជាមាន​បណ្តឹង​នោះ​លោក​ព្រះរាជអាជ្ញារង​នឹងត្រូវប្រឈម​នឹង​ផ្លូវច្បាប់​មួយទៀត​។​

​ឧទាហរណ៍​ខាងលើគឺ​កើតឡើង​ពី​នំ​អូន​!៕ ដោយៈ ម៉េង​ឆៃ​/Ha