ព្រោះតែ​ស្រវឹង ត្រូវ​តុលាការ​ផ្តន្ទាទោស​និង​បង្គាប់​ឱ្យ​សង​ថ្លៃ​ជើងហោះហើរ​រាប់សែន ដុល្លារ​

185
ចែករម្លែក

បុរស​អ្នកដំណើរ​លើ​ជើងហោះហើរ​មួយ នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ហា​វ៉ៃ (Hawaiian Airlines) ដែល​ចេញដំណើរ​ទៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​បាន​បង្ខំ​ឱ្យ​យន្តហោះ​ត្រឡប់ ទៅ​ក្រុង​ហូ​ណូ​លូ​លូ (Honolulu) កោះ​ហា​វ៉ៃ វិញ ត្រូវបាន​តុលាការ​បង្គាប់​ឱ្យ​សង​ថ្លៃ ជើងហោះហើរ​ទៅ​ក្រុមហ៊ុន​អាកាសចរណ៍ ក្នុង​ចំនួន​ទឹកប្រាក់ ១៧២.០០០ ដុល្លារ​។​

​បុរស​ជនជាតិ​កូរ៉េខាងត្បូង ដែលមាន​ឈ្មោះ ក្យុ​ង ជុល គីម (Kyong Chol Kim) ខាង លើ​នេះ​ក៏ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​កាលពី​ថ្ងៃ​ពុធ ទី​១០ ខែកក្កដា ឱ្យ​ជាប់ពន្ធនាគារ ៦ ខែ​ផងដែរ ពីបទ​វ៉ៃតប់​អ្នកបម្រើ​ការ​លើ​ជើងហោះហើរ​នោះ​កាលពី​ខែកុម្ភៈ នេះ​បើ យោងតាម​សារព័ត៌​មានបាន​ចុះផ្សាយ​កាលពី​ថ្ងៃ​សុក្រ
​សប្តាហ៍​មុន​។

​រដ្ឋអាជ្ញា​និយាយថា បុរស​វ័យ ៤៨ ឆ្នាំ​រូបនេះ​បាន​ផឹកស្រា​វី​ស្គី​អស់​មួយ​ដប​មុនពេល យន្តហោះ​ហោះ​ឡើង ហើយ​បន្ទាប់មក​បាន​ឆាឆៅ​រំខាន​ក្មេង​ម្នាក់​ដែល​អង្គុយ​ជាប់​គាត់​។​

​ដោយសារ​អ្នកបម្រើ​ការ​លើ​យន្តហោះ​ម្នាក់​បាន​ស្ដីឱ្យ​គាត់​ព្រោះតែ​គាត់​បញ្ចេញ អត្តចរិត​មិនល្អ​ស្រាប់តែ​អ្នកដំណើរ​រូបនេះ​ស្ទុះ​ហក់​វ៉ៃ​បុគ្គលិក​រូបនោះ​ទាំង​កម្រោល តែម្តង​។

​ចៃដន្យ​ពេលនោះ​កងកម្លាំងប្រដាប់អាវុធ​អាម៉េរិក​ដែល​ជិះ​លើ​យន្តហោះ​នោះ​ក៏បាន ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនបង្ក ខណៈ​យន្តហោះ​ហោះ​ត្រលប់​ទៅក្រោយ​វិញ​៕ ប្រែ​សម្រួលៈ ខុម