ព្រោះតែ​អាថ៌កំបាំង​ទាំងនេះហើយ ទើប​ភ្ញៀវទេសចរ​ចង់​ឡើងលើ​កំពូលភ្នំ​ត្បែងមានជ័យ​

1139

​ដោយ​: សុខុម / ស្ទឹងត្រែង​: ភ្នំ​ត្បែងមានជ័យ​តំបន់​អតីត​ប្រវត្តិសាស្ត្រ​រំលេច​ដោយ​ធម្មជាតិ ស្ថិតក្នុង​ភូមិ​បេង​កោង​ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ ខាងលិច​ឈៀង​ខាងត្បូង ប្រមាណ​ជា​១៥​គីឡូម៉ែត្រ​ពី​ក្រុង​ព្រះវិហារ​។ ក្រៅពី​ភ្នំ​មួយ​នេះ ខេត្តព្រះវិហារ ក៏មាន​ទេសភាព និង​កន្លែង​កម្សាន្ត​ជាច្រើន​ទៀត​សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​។​

​ថ្ងៃនេះ​រស្មី​កម្ពុជា​សូម​បង្ហាញ​ពី​អាថ៌កំបាំង​ភ្នំ​ត្បែងមានជ័យ ស្ថិតក្នុង​ខេត្តព្រះវិហារ​ឱ្យបាន​ជ្រាប​ពីព្រោះថា អ្នក​ធ្លាប់បាន​ទៅដល់​ទីនោះ​ទើប​ដឹង​ពី​កា​ពិត​ជាក់ស្តែង​។

ភ្ញៀវទេសចរ​ធ្វើដំណើរ​ពី​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ ឬក៏​អ្នកក្រុង​ភ្នំពេញ​ក្តី​ចង់​ស្គាល់​ភ្នំ​ត្បែងមានជ័យ គឺ​ទាល់តែ​ធ្វើដំណើរ​ទៅ​ខេត្តព្រះវិហារ​ទើបបាន​ស្គាល់​។ អ្នក​គ្មាន​សំណាង​នឹងមិន​បាន​ស្គាល់​ទីនោះ​ឡើយ​។ ត្បែងមានជ័យ​ជា​ភ្នំ​មួយ​ដែល​គេ​និយាយ​តៗ​គ្នា​ថា ហាក់បីដូចជា​ឋានសួគ៌​និង​មាន​វត្ថុ​ស័ក្តិសិទ្ធិ​អ្នកមាន​បារមី​ចាំ​ថែរក្សា​។​

​ពេលទៅដល់​ក្រុង​ព្រះវិហារ យើង​អាច​ចូល​ទស្សនា និង​ដើរ​កម្សាន្ត​ឆ្លងកាត់​ជាច្រើន​ដំណាក់កាល ឡើង​តាម​កាំជណ្តើរ​ថ្មើរ ជើង​ប្រមាណ​ពី​២​ទៅ​៣​ម៉ោង ទើបបាន​ទៅដល់​កំពូលភ្នំ​។ អ្វីដែល​ពិសេស​នោះ​គឺ​កាំជណ្តើរ​ជាង​១.០០០​កាំ​។​

​ពេលទៅដល់​ជើងភ្នំ​ត្បែងមានជ័យ គេ​ត្រូវ​ធ្វើដំណើរ​ដោយ​ថ្មើរជើង ឆ្លងកាត់​ពីរ​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១ ត្រូវ​ឆ្លងកាត់​ជណ្តើរថ្ម​ជាង​១.០០០​កាំ និង​ដំណាក់កាល​ទី​២ ត្រូវ​ឆ្លងកាត់​ជណ្តើរ​ជាង​២៥០​កាំ​ទៀត​។ ចាប់ពី​ជើងភ្នំ​ទៅដល់​កំពូលភ្នំ មាន​កម្ពស់​ជាង​៤០០​ម៉ែត្រ ឃើញ​មាន​ព្រះវិហារ​សម្រាប់​អុច​ធូប​តាជី​យាយជី​ព្រះសង្ឃ​គង់នៅ​។ មាន​ផ្ទាំង​សិលាចារឹក​ដែល​ដូនតា​បន្សល់ទុក និង​មើលទៅ​ខ្លះ​បាក់បែក​ទៅហើយ​។​
​ក្រៅពីនេះ​យើង​ឃើញ​មាន​ព្រៃឈើ ស្រស់បំព្រង​និង​ឈរ​ពីលើ​កំពូលភ្នំ ឃើញ​ចុងឈើ​ខ្ពស់​ទាប​រៀបស្មើ​យ៉ាង​ស្រស់ស្អាត​។ ផ្ទៃ​ពពក​បន្ទាប រសាត់អណ្តែត​នា​ព្រឹក​ព្រលឹម​នៅ​វ​ដូ​វរ​ងារ​ពិតជា​ចង់​គយគន់ បាន​ទៅហើយ​ចង់ទៅ​ម្តងទៀត​។​

​ទេសភាព​ភ្នំ​ត្បែង បាន​ទាក់ទាញ​អ្នកដំណើរ​ផ្សង​ប្រេង ចូល​ទស្សនា​និង​ផ្តិត​រូបភាព​របស់​ក្រុម​យុវវ័យ​ទុកជា​អនុស្សាវរីយ៍ ឬ​សម្រាប់​អ្នកប្រវត្តិសាស្ត្រ​ចុះ​សិក្សា​ស្រាវជ្រាវ​។​


​កាលពី​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​កន្លងទៅ​ថ្មីៗ​នេះ ភ្នំ​ត្បែងមានជ័យ លើ​ទឹកដី​ខេត្តព្រះវិហារ​មាន​ភ្ញៀវ​ច្រើន​កុះករ ដើរ​ដោយ​ថ្មើរជើង ឡើងលើ​ជណ្តើរ​ជាង​១.០០០​កាំ​។ ឃើញ​មានទឹក​ធ្លាក់ចុះ​ងួ​ត​ត្រជាក់​សព្វ​ប្រាណ​។ អង្គុយ​ក្រោម​ម្លប់ឈើ​ត្រជាក់ ស្រួល​ស្រួប​យក​ខ្យល់​បរិសុទ្ធ​ដូច​បង្កើន​ជីវិត​១០០​ឆ្នាំ​។ សត្វ​បក្សាបក្សី​គ្រប់​ប្រភេទ​បន្ទាបខ្លួន​ហើរ​ចុះឡើង រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​។ មាន​រូងភ្នំ​ជា​កន្លែង​សត្វ​ប្រចៀវ​រស់នៅ​ទឹកធ្លាក់​ជាច្រើន​ដំណាក់កាល​និង​ថ្ម​បី​ដុំ​។ ប្រជាពលរដ្ឋ​ខ្មែរ បាន​ចាត់ទុកថា ភ្នំ​មួយ​នេះ មាន​អាថ៌កំបាំង​ជាច្រើន​ពុំទាន់​ត្រូវបាន​យកមក​លាតត្រដាង​ដល់​មហាជន​នៅឡើយ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០១៦ ក្រសួងបរិស្ថាន​បានដាក់​សំណើរ​តំបន់ភ្នំ​ត្បែងមានជ័យ ទៅ​រាជរដ្ឋាភិបាល និង​បានដាក់​តំបន់ភ្នំ​ត្បែង បញ្ចូល​ជា​បេ​តិ​ភណ្ឌ​ធម្មជាតិ​។ មាន​ផ្ទៃដី​គ្របដណ្តប់​ដោយ​ព្រៃ ជាង​២៥.០០០​ហិកតា លើ​ស្រុក​ចំនួន​៥​គឺ​ស្រុក​កូ​លែ​ន ស្រុក​សង្គម​ថ្មី ស្រុក​ត្បែងមានជ័យ ស្រុករ​វៀង​និង​ក្រុង​ព្រះវិហារ​។ ភ្នំ​ត្បែងមានជ័យ​ជា​អតីត​តំបន់​ប្រវត្តិសាស្ត្រ​ខ្មែរ​៕ ល​