ព្រះករុណា​យាង​និវត្តន៍​បន្ទាប់​ពីបំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​

788
ចែករម្លែក
ព្រះករុណាពេលយាងនិវត្តន៍មកដល់(រូបផេកសម្តេចតេជោ)

ដោយៈ​មុនី​រ័ត្ន​,​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ព្រះករុណា​ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យាង​និវត្តន៍​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃទី​៩​ខែមេសា​នេះ​បន្ទាប់​ពី​ព្រះអង្គ​បាន​យាង​ទៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី ៦ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​យាង​ចូលរួម​សម្ពោធ​មហាសាល​ប្រជុំ Nalanda Mahavihara និង​បុណ្យ​រំលឹក​ខួប​លើក​ទី​៤ នៃ​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ​។​
​ទទួល​ព្រះករុណា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​សម្តេច​វិបុល​សេនា​ភក្តី សាយឈុំ ប្រធាន​ព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​និង​មន្ត្រី​ជាន់​ខ្ពស់​ជាតិ​អន្តរជាតិ​ជាច្រើនរូប​ទៀត​។​

​សម្តេច​តេ​ជោ​បានបញ្ជាក់​នៅក្នុង​ផេ​ក​របស់​សម្តេច​នៅ​រសៀល​ថ្ងៃទី​៩​ខែមេសា​ថា​តាមរយៈ​ព្រះរាជដំណើរ​របស់​ព្រះអង្គ គឺ​បាន​ពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន កាន់តែ​ជិត​ស្និ​ទ្ឋ​ល្អប្រសើរ​ថែមទៀត​។​

​គួរ​រំលឹក​ដែរ​ថា​កាលពី​ថ្ងៃទី​៨​ខែមេសា​លោក តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​មួយថ្ងៃ​នៅ​កម្ពុជា​ដែរ​៕​មន​