ព្រះបរម​សព​សម្តេច​រាជបុត្រី ​​ព្រះរៀម នរោត្តម បុប្ផាទេវី ​​​នឹងត្រូវ​បូជានៅ​ថ្ងៃទី២៥ វិច្ឆិកា

225
ចែករម្លែក

ដោយៈមុនី​រ័ត្ន/ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បានឲ្យដឹងថា ព្រះសពរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា និងជាសមា​ជិកក្រុមប្រឹក្សាធម្មនុញ្ញ ​នឹងត្រូវបូជានៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមុខវត្ដបទុមវតីរាជវរារាម។ នេះ​បើយោងតាមសេចក្តី​ជូនដំណឹង របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បាន​យាង​សោយ​ព្រះ​ទិវង្គត​ក្នុង​ព្រះជន្ម​ ៧៧​ព្រះវស្សា​ នា​វេលា​ម៉ោង ​១២:៣០ នាទី ​ថ្ងៃ​ទី​១៨ ​ខែ​វិច្ឆិកា ​ឆ្នាំ២០១៩ ក្នុង​មន្ទីរ​ពេទ្យ​ព្រះរាជាណាចក្រ​ថៃ​ ដោយ​ជរាពាធ។ ​

ព្រះ​បរមសព​ នៃសម្តេច​រាជបុត្រី ​ព្រះរៀម នរោត្តម បុប្ផាទេវី ​​បាន​ដង្ហែ​ពី​​​ទីក្រុង​បាង​​កក​​ ប្រទេស​ថៃ​​​​​​មក​ដល់​​កម្ពុជា​តាម​​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​​ កាលពីល្ងាច​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​។​ ព្រះបរមសព​សម្តេច​រាជបុត្រី​ត្រូវ​ដង្ហែពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​តាម​ដង​មហាវិថី​សហព័ន្ធរុស្ស៊ី ឆ្ពោះទៅ​កាន់វត្តបទុមវតី ដើម្បីប្រារព្ធ​ពិធីបុណ្យទក្ខិណានុប្បទានទៅតាម​ព្រះរាជបវេណី។

ព្រះអង្គ​ព្រះ​ប្រសូត​នៅ​ថ្ងៃ​ទី​៨ ​ខែ​មករា​ ឆ្នាំ​១៩៤៣ ​នា​រាជធានី​ភ្នំពេញ ​ទ្រង់​ជា​ព្រះរាជ​បុត្រី​ច្បង​នៃ​ព្រះករុណា ​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ​ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព​ដែន​ដី ​និង​ឯកភាពជាតិ​ខ្មែរ ​ព្រះបរម​រតនកោដ្ឋ ​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ និង​អ្នក​ម្នាង ​ផាត់ កាញ៉ុល នាដការី ​នៃ​របាំ​ព្រះរាជទ្រព្យ។ ព្រះអង្គបានទទួលការសិក្សានៅវិទ្យាល័យ​ព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ ។

សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះ​ករុណា​ជា​អម្ចាស់​ជីវិតលើត្បូង ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត និងត្រូវ​ជាព្រះរៀមបង្កើតនៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។

ព្រះអង្គ មានព្រះបុត្រាបុត្រីចំនួន ៥អង្គ គឺ៖ ១. ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ មុនីកូស្សម៉ា ប្រសូតឆ្នាំ១៩៦០។ ២. ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កល្យាណទេវី ប្រសូតឆ្នាំ១៩៦១។ ៣. អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ចាន់ស៊ីតា ប្រសូតឆ្នាំ១៩៦៥។ ៤. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័ន្តណារិទ្ធ ប្រសូតឆ្នាំ១៩៦៨។ ៥. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វីជ្ជរ៉ាវុឌ្ឍ ប្រសូតឆ្នាំ១៩៧៨។

ព្រះអង្គ បានចូលហាត់របាំចាប់តាំងពីព្រះជន្ម ៥ព្រះវស្សា ទ្រង់​ជា​ព្រះ​រាជន​ត្តា​ជា​ទីគាប់​ព្រះ​រាជ​ហឫ​ទ័យនៃសម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សេរីវឌ្ឍនា ព្រះ​មាតា​សិល្បៈ​ខ្មែរ ហើយតែងតែទទួលបានការទំនុកបម្រុង និង​មើល​ថែ​រក្សា​អំពី​ការហាត់​របាំ​ពីសំណាក់​សាស្រ្តា​ចារ្យ​ចំណាន នៃរជ្ជកាល​ក្សត្រជំនាន់មុនៗ។ ព្រះអង្គ បានក្លាយជានាដការីដ៏​ប៉ិនប្រសប់ក្នុងព្រះជន្ម ១៥ព្រះវស្សា និងបានទទួលងារជា «នាដការឯក» ក្នុងព្រះជន្ម ១៨ព្រះវស្សា។

ព្រះអង្គ ត្រូវបានត្រាស់បង្គាប់ជា នាដការីដំបូងគេបំផុត សម្រាប់សម្តែងនូវ របាំអប្សរា ដែល​ដំឡើង​ដោយ សម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សេរីវឌ្ឍនា សម្រាប់​ទទួល​បដិ​សណ្ឋារកិច្ច នៃដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជារបស់ ឯកឧត្តម Charles de Gaulle ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នៅក្នុងឆ្នាំ ១៩៦៤ និង​ក្រោយ​មក​ទៀត​ដោយ​ទត​ឃើញ​ពី​ភាពល្អឯកនេះហើយ ទើបព្រះអង្គ ត្រូវបានប្រោស​ព្រះរាជទានដង្ហែព្រះវររាជបិតា ព្រះ​បរមរតន​កោដ្ឋ យាងទៅសម្តែងរបាំ​ព្រះរាជទ្រព្យ ក្នុងដំណើរព្រះរាជទសន្សកិច្ចទៅកាន់ក្រៅប្រទេស និងសម្តែងជូន ភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនផងដែរ។

ព្រះអង្គបានទទួលព្រះរាជក្រឹត្យដំឡើងព្រះ​គោរមងារ​ជា «សម្ដេចរាជបុត្រី ព្រះរៀម» នាថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៤ និងទទួលតំណែងជា «ទេពនាថវដ្តីឯក» ពីព្រះរាជក្រឹត្យ ស្ដីពី​ការ​តែតាំង​មត៌ក​មនុស្ស​រស់ នៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៣។ ព្រះអង្គ ជាសាស្ត្រាចារ្យរបាំបុរាណ ក្នុងក្របខ័ណ្ឌក្រសួងអប់រំចន្លោះពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧០។ ក្នុងរបប ប៉ុល ពត ព្រះអង្គ បានភៀសព្រះកាយទៅគង់នៅក្នុង ជំរំជនភៀសខ្លួន ខ្មែរ-ថៃ មួយ​រយៈ​មុន​បន្តទៅគង់រស់នៅប្រទេសបារាំង។ ព្រះអង្គ បានបង្ហាត់បង្រៀនជូន​ប្រជាជនខ្មែរ ដែល រស់​នៅ​ក្នុង​ជំរំ Site B អំពីរបាំព្រះរាជទ្រព្យនេះ ដើម្បីឲ្យប្រជាជនទាំងនោះភ្លេចនូវការ​លំបាក​ពេល​រស់​នៅ​ក្នុង​ជំរំផង និងដើម្បីថែរក្សានូវរបាំព្រះរាជទ្រព្យនេះផង ព្រោះ ទ្រង់ បារម្ភ​ខ្លាច​បាត់​បង់​ពេល​ប្រទេស​ធ្លាក់​ចូល​ក្នុងសង្គ្រាម៕B/Ha