ព្រះពុទ្ធ​នៅតែ​ទទួល ទោះបី នួន ជា បដិសេធចោល​សាសនា វត្ត​អារាម និង​ព្រះសង្ឃ នៅពេល​គាត់​គ្រប់គ្រង​អំណាច

651
ចែករម្លែក

ដោយៈ សោម ប៊ុនថន អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
ភ្នំពេញៈ​ប្រជាជន​កម្ពុ​ជាជាង​៩៥​ភាគរយ បាន​គោរព ប្រណិប័តន៍ និង​មាន​ជំនឿ​យ៉ាង​មុតមាំ​ទៅលើ​ព្រះពុទ្ធសាសនា​តាំងពីរ​យូ​យារ​ណាស់​មកហើយ ពីព្រោះ​ព្រះពុទ្ធសាសនា​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​សង្គម និង​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរ​ដោយ​ផ្តល់​ជា​កន្លែង​សម្រាប់​បណ្តុះបណ្តាល កន្លែង​អប់រំ ប្រៀនប្រដៅ​ដល់​មនុស្ស​ឲ្យ​វៀរចាក​អំពើអាក្រក់ មក​ប្រព្រឹត្ត​ល្អ និង​ជា​កន្លែង​សម្រាប់​ព្យាបាល​ជំងឺ​ទៀតផង​។ ប៉ុន្តែ​ចាប់តាំងពី​របប​ខ្មែរក្រហម​បាន​ឡើងកាន់​អំណាច ព្រះពុទ្ធសាសនា ត្រូវបាន​បំបាត់ចោល​ទាំងស្រុង​ចេញពី​សង្គម ហើយ​ព្រះសង្ឃ​ប្រមាណ​៦០.០០០​អង្គ (​នៅមុន​ឆ្នាំ​១៩៧៥) និង​ពុទ្ធសាសនិក​ដែលជា​អ្នក​ប្រណិប័តន៍​សាសនា​បានទទួល​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​។​

ព្រះសង្ឃ និង​ពុទ្ធបដិមា​បាក់បែក​នៅ​វត្ត​មួយ ក្រោយពេល​របប​ខ្មែរក្រហម​ដួលរលំ​


​នៅក្នុង​សវនាការ​សួរដេញដោល​ទៅលើ​ភ័ស្តុតាង នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា កាលពី​អំឡុង​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១១ នួន ជា បាន​ឆ្លើយថា «​ការគោរព​ព្រះពុទ្ធសាសនា មិនបាច់​មាន​វត្ត​អារាម​ទេ គឺ​ប្រតិបត្តិ​នៅក្នុង​ចិត្តបាន​ហើយ​។ ព្រះពុទ្ធ​ទ្រង់​ប្រសូត្រ និង​ត្រាស់ដឹង​នៅក្នុង​ព្រៃ​ដោយ​មិនមាន​កុដិ​ទេ​»​។ នួន ជា បាន​បន្ថែមថា «​ខ្លឹមសារ​ពិតប្រាកដ​នៃ​ព្រះពុទ្ធ​សា​សា​នា រួមមានៈ សីលៈ សមាធិ និង បញ្ញា ដែល​កើតឡើង​នៅក្នុង​ចិត្ត គឺ​ជាប់​ជាមួយនឹង​ការរស់នៅ​របស់​ប្រជាជន​ជាប្រចាំ​»​។ នួន ជា បាន​អះអាងថា «​បើទោះបីជា​គ្មាន​ការអុជ​ធូប ថ្វាយបង្គំ​ព្រះ ក៏​ខ្លឹមសារ​ស្ថិតនៅក្នុង​ចិត្ត​របស់ខ្លួន និង​ប្រជាជន​» ដែរ​។ នួន ជា ថែមទាំង​បានធ្វើការ​ចោទប្រកាន់​ប្រជាជន​ដែល​បានលើកឡើង​អំពី​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បំផ្លាញ​ព្រះពុទ្ធសាសនា​ថា «​ប្រជាជន​ទាំងនោះ មិន​យល់​ពី​ខ្លឹមសារ​ពិតប្រាកដ​របស់​ព្រះពុទ្ធសាសនា​»​។​


​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បានអនុម័ត​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៧៥ និង​ប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​១៩៧៦ ត្រង់​ជំពូក​ទី​១៥ មាត្រា​២០ ដែល​លើកឡើង អំពី​សិទ្ធិ​ខាង​ជំនឿ និង សាសនា ក៏បាន​ចែងថា ៖ ប្រជាជន​កម្ពុជា​គ្រប់រូប មាន​សិទ្ធិ​ជឿ​ជំនឿ ឬ​សាសនា​ណា​ក៏បាន ហើយ​ក៏មាន​សិទ្ធិ​មិន​ជឿ​ជំនឿ​អ្វី ឬ​មិន​ជឿ​សាសនា​ណាក៏ដោយ​។ មិន​អនុញ្ញាត​ឲ្យ​សាសនា​ប្រតិកិរិយា ដែល​បំផ្លិចបំផ្លាញ​កម្ពុជា​ប្រជាធិបតេយ្យ និង​ប្រជាជន​កម្ពុជា​ដាច់ខាត​។

រូប​ជួរ​ខាងមុខ​រាប់​ពីស្តាំ ៖ ប៉ុល ពត លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង នួន ជា អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធានសភា​តំណាង​ប្រជាជន នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ រង់ចាំ​ទទួល​គណៈប្រតិភូ​បរទេស នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ពោធិ៍ចិនតុង នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​១៩៧៨


​នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធានសភា​តំណាង​ប្រជាជន ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩) ត្រូវ​ចាប់ខ្លួន និង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​មន្ទីរឃុំឃាំង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០០៧ ពាក់ព័ន្ធ​នឹង​ការ​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាច្រើន​រួមទាំង​ការប្រព្រឹត្ត​មកលើ​ពុទ្ធសាសនិក និង​ការដែល​បណ្តាល​ឲ្យ​ប្រជាជន​កម្ពុ​ជាជាង​ពីរលាន​នាក់​បាត់បង់​ជីវិត​។ នួន ជា ត្រូវបាន​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធ​ធនាគារ​អស់​មួយជីវិត នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​សម្រេច​រួមបញ្ចូល​គ្នា​នូវ​ការផ្តន្ទាទោស​ទាំងពីរ​ក្នុងករណី​សំណុំរឿង​០០២/០១ និង​០០២/០២​។


​នៅក្នុង​សាលក្រម​សំណុំរឿង​០០២/០២ ដែល​កម្រិត​ត្រឹមតែ​សហករណ៍​ត្រាំកក់ អង្គជំនុំជម្រះ​បាន​រកឃើញថា ព្រះពុទ្ធសាសនា​ត្រូវបាន​ហាមឃាត់ និមិត្ត​រូបតំណាង​ឲ្យ​ព្រះពុទ្ធ​ត្រូវបាន​បំផ្លិចបំផ្លាញ ហើយ​វត្ត​អារាម​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ប្រើ​សម្រាប់​គោលបំណង​សាសនា​ទេ​។ អង្គជំនុំជម្រះ​ក៏បាន​រកឃើញថា ព្រះសង្ឃ​ជាង ១០០​អង្គ ត្រូវបាន​ខ្មែរក្រហម​ប្រមូល​ដោយ​ចេតនា ហើយ​បង្ខំ​ឲ្យ​សឹក​។ ព្រះសង្ឃ​ក៏ត្រូវ​បាន​បង្ខំ​ឲ្យ​សឹក​នៅតាម​វត្ត​ផ្សេងៗ​ទៀត​ដែរ​។ ថ្វីត្បិតតែ​ភ័ស្តុតាង​មិន​អនុញ្ញាត​ឲ្យ​អង្គជំនុំជម្រះ​សន្និដ្ឋាន​ឲ្យ​បានច្បាស់លាស់​អំពី​ចំនួន​ព្រះសង្ឃ ដែល​លាចាក​សិក្ខាបទ​សរុប​នៅ​ស្រុក​ត្រាំកក់​ក៏ដោយ ក៏​អង្គជំនុំជម្រះ​យល់ឃើញថា មាន​ភ័ស្តុតាង​អាច​ឲ្យ​ជឿទុកចិត្ត​បាន​ដែល​បង្ហា​ញ​ថា ព្រះសង្ឃ​រាប់រយ​អង្គ​ត្រូវបាន​គេ​ផ្សឹក​នៅតាម​ឃុំ​នានា​។ ចេតនា​រើសអើង​នេះ ត្រូវបាន​បញ្ជាក់​ដោយ​ការហៅ​ព្រះសង្ឃ​ថា​ជា «​តេន​ញ៉ា​» ឬ​ជា «​ឈ្លើង​» សង្គម និង​ការប្រកាស​បដិសេធ​ព្រះពុទ្ធសាសនា ដោយ​ថា ជា​អ​បិ​យ​ជំនឿ​សុទ្ធសាធ និង​ថា ព្រះពុទ្ធ​បដិមា «​គ្រាន់តែ​ជា​ស៊ីម៉ង់ត៍​ប៉ុណ្ណោះ​» ដែល​អង្គជំនុំជម្រះ​យល់ឃើញថា ទង្វើ​ទាំងនេះ​គឺជា​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​មូលហេតុ​សាសនា ហើយ​បាន​ប្រព្រឹត្ត​ទៅលើ​ពុទ្ធសាសនិក​។​


​យោងតាម​កា​រៀបរាប់​របស់​ប្រជាជន ដែល​រួច​រស់​ជីវិត​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩) បទសម្ភាសន៍ ឯកសារ​រាប់ម៉ឺន​ទំព័រ និង​រូបថត​ដែល​នៅ​សេសសល់ បានបញ្ជាក់​យ៉ាងច្បាស់​ថា ខ្មែរក្រហម​បាន​បំផ្លិចបំផ្លាញ គម្ពីរ ក្បួនខ្នាត វាយកម្ទេច​វត្ត​អារាម កុដិ ព្រះវិហារ ផ្សឹក​ព្រះសង្ឃ សម្លាប់​ព្រះសង្ឃ និង​បង្ខំ​ព្រះសង្ឃ​ឲ្យ​យកប្រពន្ធ ដែលជា​ការប្រព្រឹត្ត​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ព្រះពុទ្ធសាសនា​។
​នួន ជា បាន​ស្លាប់​ដោយសារ​ជំងឺ និង​ភាព​ចាស់ជរា ក្នុង​អាយុ​៩៣​ឆ្នាំ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ឬ​មន្ទីរ​ពេ​ទ​រុស្ស៊ី​) នៅវេលា​ល្ងាច​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៩​។ នៅ​ព្រលឹម​ថ្ងៃ​បន្ទាប់ សព​របស់ នួន ជា ត្រូវបាន​ក្រុមគ្រួសារ​ដឹក​តាម​រថយន្ត​ទៅ ធ្វើបុណ្យ​តាម​ព្រះពុទ្ធសាសនា នៅ​វត្ត​ព្រហ្ម​គិរី​មរកត ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី ព្រំដែន​ខ្មែរ​-​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជា ទីកន្លែង​ដែល​គាត់ និង​អតីត​កងកម្លាំង​ខ្មែរក្រហម រស់នៅ​បន្ទាប់ពី​បាន​ផ្តាច់ខ្លួន និង​ធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ដើមឆ្នាំ​១៩៩៩​។


​សព​របស់ នួន ជា គ្រោង​នឹងធ្វើ​នឹង​កម្ក​ល់​ទុក​ធ្វើបុណ្យ​រយៈពេល​ប្រាំពីរ​ថ្ងៃ នឹង​ធ្វើ​ការបូជា​ទៅតាម​ទំនៀមទម្លាប់​ព្រះពុទ្ធ​សា​សា​នា ផ្ទុយទៅនឹង​ពេលដែល​គាត់​នៅ​គ្រប់គ្រង​អំណាច និង​នៅពេល​រស់រានមានជីវិត បាន​បដិសេធចោល​ទាំងស្រុង​ព្រះពុទ្ធសាសនា និង​បន្តុះបង្អាប់​ព្រះសង្ឃ​។ ទោះបីយ៉ាងណា​នៅក្នុង​គម្ពីរ​ធម្មបទ​ក​ថា​ភាគ​ទី​១​នៃ​ព្រះពុទ្ធសាសនា បានចែង​អំពី «​ការ​ចងពៀរ រំងាប់​ដោយ​ការមិន​ចងពៀរ​» ដោយ​ព្រះពុទ្ធ​នៅតែ​ទទួល នួន ជា ជាមួយនឹង​ជីវិតចុងក្រោយ​របស់គាត់​។​


​បើតាម​ព្រះ​តេជគុណ ប៊ុន សា​លូត ព្រះ​មេគុណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​សង្ឃដីកា​ថា ព្រះពុទ្ធ​នៅតែ​ទទួល នួន ជា ប៉ុន្តែ​អំពើ​របស់ នួន ជា ដែល​ធ្លាប់បាន​ប្រព្រឹត្ត​មកលើ​ព្រះពុទ្ធសាសនា និង​ប្រជាជន ហើយ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នោះ នួន ជា មិនអាច​រួចផុត​ពី​បាប​របស់គាត់​បានឡើយ​៕សរន