ព្រះពុទ្ធ​ប្បដិមា នៅលើ​ភ្នំ​សំពៅ ត្រូវ​មន្ត្រី​ជំនាញ ផ្អាក​ការសាងសង់​បណ្តោះអាសន្ន​

1622
ចែករម្លែក

ដោយៈ គ្រញូង /
​បាត់ដំបងៈ រូបចម្លាក់​ព្រះ​សិរ នៃ​ព្រះពុទ្ធ​ប្បដិមា នៅលើ​ជញ្ជាំង​ភ្នំ​សំពៅ ក្រោយ​ការពិនិត្យ មន្ត្រី​ជំនាញ បាន​ផ្អាក​ការសាងសង់ ជា​បណ្តោះអាសន្ន ដោយសារ​ថ្ម​ផុយស្រួយ និង​មាន​ស្នាម​ប្រេះ​។​

​លោក គុណ សម្បត្តិ​មុន្នី​រ័ត្ន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្តបាត់ដំបង បាន​ប្រាប់​ឱ្យដឹងថា ក្រុមការងារ​ជំនាញ បាន​ចុះ​ពិន​ត្យ ដល់ទី​តាំង​ដែល​សមាគម ស្នើសុំ​សាងសង់ រូបចម្លាក់​ព្រះ​សិរ​របស់​ព្រះ​ពុទ្ធរូប​ឡើងវិញ បន្ទាប់ពី​មជ្ឍមណ្ឌល បណ្តុះបណ្តាល​វិជ្ជាជីវ​:​សិល្បៈ​សូន្យ​រូប មរតក​អង្គរ ផុត​កិច្ចសន្យា និង​បោះបង់​គម្រោង​ស្ថាបនា សំណាក​ព្រះ​ពុទ្ធរូប ខាងលើ​យូរ​ឆ្នាំ​។ ឆ្លងតាម​ការចុះ​ត្រួតពិនិត្យ​នេះ គណៈកម្មការ​ចម្រុះ បាន​ផ្អាក​ការសាងសង់ ជា​បណ្តោះអាសន្ន ប៉ុន្តែ​យោងតាម​ស្មារតី របស់​គណៈកម្មការ បង្ហាញ​ពី​ជំហរ​ថា ទីតាំង​ចម្លាក់​ព្រះពុទ្ធ​រូបនេះ មិនអាច​បន្ត ការសាងសង់​ទៀត បានឡើយ ដោយសារ​ថ្មភ្នំ កន្លែង​ឆ្លាក់ ជា​ប្រភេទ​ថ្មកំបោរ ហើយ​ជាក់ស្តែង រូបសំណាក ដែល​សាងសង់​បាន​ត្រឹម​កំណាត់​ព្រះ​សិរ នៃ​ព្រះពុទ្ធ​ប្បដិមា​នេះ មាន​ស្នាម​ប្រេះ មិនអាច​ទ្រទ្រង់​ទម្ងន់ តួ​ព្រះពុទ្ធ​ប្បដិមា ទាំងមូល​បានទេ​។​

លោក​ប្រធាន​មន្ទីរ បាន​បន្ថែមថា គម្រោង​សាងសង់ ព្រះពុទ្ធ​រូបនេះ មាន ៣ ប្លង់ រួមមាន​ប្លង់ ព្រះពុទ្ធ​ប្រសូត្រ ត្រាស់ដឹង និង​ប្លង់​ព្រះពុទ្ធ​ចូល​បរិនិព្វាន ដែលមាន​កម្ពស់ ពី​ដី​ប្រមាណ​ជាង ៣០ ម៉ែត្រ ។ គម្រោង​ខាងលើនេះ បានចាប់ផ្តើម នៅ​ឆ្នាំ​២០០៦ ប៉ុន្តែ​ដំណើរការ​សាង់សង់ បាន​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ក៍​ត្រូវផុត​កិច្ចសន្យា និង​បាន​បោះបង់​គម្រោង​ចោល ឱ្យនៅ​ទ្រឹង​តែម្តង​។ ទើបតែ​បច្ចុប្បន្ននេះ សមាគម បាន​ចាប់​ដៃគូ រៀបចំ​សំណើ សាងសង់​ឡើងវិញ ការធ្វើ​សំណើ​ជាថ្មី​នេះ គណៈកម្មការ​វាយតម្លៃ​ថ្នាក់​ខេត្ត មិនទាន់​កំណត់ថា យ៉ាងណា​នោះទេ និង​ត្រូវ​សម្រេច​ពេល​ក្រោយ​។ ការសាងសង់​ព្រះពុទ្ធ​ប្បដិមា​ដ៍​ធំ នៅលើ​ជញ្ជាំង​រមណីយដ្ឋាន ធម្មជាតិ​ភ្នំ​សំពៅ​នេះ ក្នុង​គោលបំណង​ផ្សព្វផ្សាយ ពង្រីក​វិស័យ​ព្រះពុទ្ធសាសនា​ផង និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ អន្តរជាតិ ឱ្យ​ចូលមក​ទស្សនា ក្នុង​ខេត្តបាត់ដំបង ឱ្យបាន​កាន់​ច្រើន​ថែមទៀត​៕v

#