ព្រះមហាក្សត្រ​តែងតាំង​លោក ជួន សុវណ្ណ ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​

1297
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​លោក ជួន សុវណ្ណ ពី​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មកជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ជំនួស​លោក​កៅ ខុន​ដា​រ៉ា ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី​។ ការ​ត្រាស់បង្គាប់​នេះ​បន្ទាប់ពី​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ទូលថ្វាយ​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​៨ ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​។ ព្រះរាជក្រឹត្យ​បានចេញ​នៅ​ថ្ងៃ​តែមួយ​ជាមួយ​លិខិត​ទូលថ្វាយ​។​

​សម្តេច​តេ​ជោ​បានទូល​ថ្វាយ​ព្រះមហាក្សត្រ អំពី​លក្ខណៈសម្បត្តិ និង​សមត្ថភាព​បទពិសោធន៍​និង​អតីតភាព​ការងារ ដែល​កន្លងមក​មាន​ស្នាដៃ​យ៉ាង​ល្អប្រសើរ​ក្នុង​បុព្វហេតុ​បម្រើ​ជាតិ​មាតុភូមិ​របស់លោក​ជួន សុវណ្ណ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​ដាក់​ឲ្យ​ចូល​និវត្ត​។ នេះ​បើ​យោងតាម​លិខិត​របស់​សម្តេច​តេ​ជោ ទូលថ្វាយ​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨​។​

​បើតាម​ព័ត៌មាន​ទទួល​បានតែ​មិនទាន់​ផ្លូវការ​បាន​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ ជំនួយការ​ដឹកនាំ​នាយកដ្ឋាន​នគរបាល​ការពារ និង​អង្គភាព​តម្រួត​បទបញ្ជា អាច​នឹង​ទៅកាន់​តំណែង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជំនួស​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ៕សរន

លោក កៅ ខុនតារា(រូបឯកសារ)
#