ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ផ្តល់​គោរមងារ​លោកជំទាវ​សៅ​ទី​ហេង​សំរិន​ជាស​ម្តេច​ធម្ម​វិសុទ្ធ​វង្សា​

151
ចែករម្លែក

ដោយ​:​សុផល​/​ភ្នំពេញ​:​លោកជំទាវ​សៅ​ទី​ហេង​សំរិន​ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​គោរមងារ ជាស​ម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ​ទី​ហេង​សំរិន​។​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹ​ង្កា​រ​គង់​សំអុល​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​បាន​អញ្ជើញ​យក​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​។​សម្តេច​ប្រគល់ជូន​សម្តេច​ធម្ម​វិសុទ្ធ​វង្សា​សៅ​ទី​ហេង​សំរិន​នា​រសៀល​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០២០​នៅ​គេហដ្ឋាន​របស់​សម្តេច​។

​នៅក្នុង​ព្រះរាជក្រឹត្យ​ដែល ព្រះមហាក្សត្រ បាន​ឡាយព្រះហស្ថលេខា​កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​ទ្រង់​បានបញ្ជាក់​ថាស​ម្តេច​ធម្ម​វិសុទ្ធ​វង្សា​សៅ​ទី​ហេង​សំរិន​បាន​គាំទ្រ​តស៊ូ​ក្នុង​ការរំដោះ​ប្រទេសជាតិ​ដោយ​ស្វាមីភ័ក្ដិ តាំងពីដើម​រហូតមក​។ ក្នុងការ​ដឹកនាំ​យ៉ាង​អង់អាច​ក្លាហាន ជា​អ្នកស្នេហាជាតិ ការពារជាតិ​និង​សាសនា​និង​គាំពារ​យ៉ាង​ខ្ជាប់ខ្ជួន​ឥត​ល្អៀង​តាម​មាគ៌ា​នយោបាយ​បង្រួបបង្រួម​ជាតិ​ផ្សះផ្សា​ជាតិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ​ព្រះវររាជបិតា​ជាតិខ្មែរ​”​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​” ដើម្បី​ជាតិ មាតុភូមិ​កម្ពុជា​។​

​សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន ប្រសូត្រ​នៅ​ឆ្នាំ​១៩៣៨​នៅ​ឃុំ​កក់​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ អតីត ខេត្តកំពង់ចាម​។ សម្តេច​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន នៅក្នុង​ខែមីនា​ឆ្នាំ​១៩៥៧​។​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់ បាន​មាន​ព្រះរាជចំណារ​បន្តថា សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន បាន​ដឹកនាំ​កសាង​និង​គោរព​ព្រះពុទ្ធសាសនា​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។


​ក្នុង​ព្រះរាជក្រឹត្យ ព្រះករុណា​ព្រះមហាក្សត្រ ទ្រង់​បានលើកឡើង​បន្ថែមថា សម្តេច​ធម្ម​វិសុទ្ធ​វង្សា បាន​បរិច្ចាគ​កម្លាំងកាយ​ចិត្ត​និង​ទ្រព្យធន​ប្រកបដោយ​សទ្ធា​ជ្រះថ្លា​បរិសុទ្ធ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ជូន​សង្គមជាតិ និង​បាន​ជួយ​កសាង​សមិទ្ធផល​នានា​ជួយឧបត្ថម្ភ​ដល់​ជនក្រីក្រ​គ្មាន​ទី​ពំនឹង​ទាំងឡាយ​ប្រកបដោយ​មហា​សប្បុរសធម៌​មនុស្សធម៌​ដ៏​ឧត្តុង្គឧត្តម​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​និង​បាន​ប្រកាន់ខ្ជាប់​ក្នុង​សេចក្តី​បរិសុទ្ធ​ដ៏​វិសេសវិសាល​ក្នុង​ព្រះធម៌​បូជា​ចំពោះ​ព្រះពុទ្ធសាសនា​។​

​ថ្នាក់ដឹកនាំ​រដ្ឋសភា​សមាជិក​សមាជិកា​រដ្ឋសភា​និង​មន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​និង​តាម​ក្រសួង​ស្ថាប័ន ព្រមទាំង​ប្រជាពលរដ្ឋ​ទូទៅ បាន​ចូលរួម អបអរសាទរ សម្តេច ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន ជា​បន្តបន្ទាប់ នៅក្នុង​ឱកាស​ដែល ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចេញ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០២០ ត្រាស់បង្គាប់ ផ្តល់​គោរមងារ លោកជំទាវ ជា សម្តេច ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន ៕S/​