ព្រះមហាក្សត្រ​ប្រកាស​ឱ្យប្រើ​ច្បាប់​ស្តីពី​វិសោធនកម្ម​ស្តីពី​ការគ្រប់គ្រង​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​

603
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តីពី​វិសោធនកម្ម​ស្តីពី​ការគ្រប់គ្រង​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​រដ្ឋសភា​បានអនុម័ត​កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៩ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ ហើយ​ដែល​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វ​គ្រង់​លើ​ទម្រង់​គតិ​ច្បាប់​នេះ​ទាំងស្រុង កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ ព្រមទាំង​ត្រូវបាន​ក្រុម​ប្រឹក​ហ​សាធ​ម្មនុញ្ញ​ប្រកាសថា ស្រប​នឹង​រដ្ឋធម្មនុញ្ញ​កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​ព្រះរាជក្រម​ចុះ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩​។​


ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា (រូបភាពឯកសារ)

​យោងតាម​ព្រះរាជក្រម​នេះ ត្រង់​មាត្រា​១៨​ថ្មី នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ស្តីពី​ការគ្រប់គ្រង​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បាន​ចែងថា ចំនួន​សមាជិក​ក្រុមប្រឹក្សា​និ​មួយ ត្រូវ​កំណត់ដោយ​ផ្អែក​តាម​កត្តា​ប្រជាសាស្ត្រ និង​កត្តា​ភូមិសាស្ត្រ ដូចខាងក្រោមៈ​
​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មាន​ចំនួន​សមាជិក​មិន​លើស​២៧​រូប​។ ក្រុមប្រឹក្សា​ខេត្ត មាន​ចំនួន​សមាជិក​ពី​១៥​រូប ទៅ​២៧​រូប​។ ក្រុមប្រឹក្សា​ក្រុង មាន​ចំនួន​សមាជិក​ពី​១១​រូប ទៅ​២១​រូប​។ ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ មាន​ចំនួន​សមាជិក​ពី​១១​រូប ទៅ​២១​រូប​។

​ចំនួន​ជាក់ស្តែង​នៃ​សមាជិក​ក្រុមប្រឹក្សា​និ​មួយៗ ត្រូវ​កំណត់ដោយ​អនុក្រឹត្យ តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក្នុង​រយៈពេល​យ៉ាងតិច​១២០​ថ្ងៃ មុន​ផុតកំណត់​អាណត្តិ​របស់​ក្រុមប្រឹក្សា​។ ក្នុងករណី​គ្មាន​អនុក្រឹត្យ​ចែង​អំពី​ចំនួន​សមាជិក​ក្រុមប្រឹក្សា​អាណត្តិ​បន្ទាប់​ទេនោះ​ចំនួន​សរុប​របស់​ក្រុមប្រឹក្សា សម្រាប់​ក្រុមប្រឹក្សា​និ​មួយៗ ត្រូវ​យកតាម​ចំនួន​សរុប​ចុងក្រោយ នៃ​ក្រុមប្រឹក្សា​អាណត្តិ​ចាស់​។​

​គួរ​បញ្ជាក់ថា វិសោធនកម្ម​ច្បាប់​នេះ បានធ្វើ​ឡើង​នៅមុន​ការត្រៀម​រៀបចំ​បោះឆ្នោត​លើក​ទី​៣ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ខណ្ឌ​និង​ស្រុក ដែលជា​ការបោះឆ្នោត​អសកល​ដោយមាន សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ក្នុង​មុខតំណែង​ជា អង្គ​បោះឆ្នោត​៕ ល​