ព្រះមហាក្សត្រ​លើកលែងទោស លោក ហុង សុខ​ហួរ ក្រោយលោក​សុំទោស​សម្តេច​តេ​ជោនិង​ទទួលស្គាល់​កំហុសឆ្គងរ​បស់​ខ្លួន​

3171

(​ភ្នំពេញ​)៖ លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ស​មរ​ង្ស៊ី នៅ​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧​នេះ​ត្រូវបាន​ព្រះ​​មហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ព្រះរាជទាន​ការលើកលែងទោស​ឱ្យមាន​សេរីភាព​ឡើងវិញ​ហើយ ក្រោយ​ធ្វើលិខិត​សុំទោស​សម្តេច​តេ​ជោ ហ៊ុន សែន ចំពោះ​កំហុសឆ្គង​របស់ខ្លួន​ក្នុង​ដំណើរការ​បោះបង្គោល​ព្រំ​ដែនកម្ពុជា​-​វៀតណាម​។

​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​២៥​តុលា​នេះ ត្រាស់បង្គាប់ ១-​ត្រូវបាន​លើកលែងទោស​អោយ​ទណ្ឌិត​ឈ្មោះ ហុង សុខ​ហួរ ដែល​ត្រូវបាន​តុលាការ​សំរេច​​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពីបទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញុង​បង្កអោយមាន​ភាពវឹកវ​រ​ដល់​សន្តិ​សុ​​ខ​សង្គម​…​និង​២-​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួលបន្ទុក​អនុវត្ត​ព្រះរាជ​​ក្រឹត្យ​នេះ​ចាប់​ពីថ្ងៃ​ឡាយព្រះហស្ថលេខា​តទៅ​។​

​សូមបញ្ជាក់ថា នៅក្នុង​លិខិត​របស់ លោក ហុង សុខ​ហួរ ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន​កាលពី​ខែកញ្ញា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​មួយរូប ខ្ញុំ​មាន​សេចក្តីប្រាថ្នា​តែ​ម្យ៉ាង ស្របតាម​គោលនយោបាយ​របស់​សម្តេច ដែល​សម្តេច​បាន​ខិតខំ​រហូត​ទទួលបាន​​លទ្ធផល​យ៉ាង​ជោគជ័យ​កន្លងមក គឺ​ធ្វើយ៉ាងណា​ឱ្យមាន​ឯកភាព​ជាតិ ការបង្រួបបង្រួម​ជាតិ ដើម្បី​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ព្រមទាំង​រក្សាបាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេសជិតខាង​។ ការធ្វើ​ដូច្នេះហើយ​នាំឱ្យ​យើង​មាន​ភាពងាយស្រួល​ក្នុងការ​កសាង​ជាតិ​​មាតុភូមិ​ឱ្យបាន​រុងរឿង​»​។​

​លិខិត​សុំទោស​របស់ លោក ហុង សុខ​ហួរ ក៏បាន​បន្ថែមទៀតថា «​ខ្ញុំ​មានការ​សោកស្តាយ ដោយបាន​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ចំពោះ នយោបាយ​របស់ សម្តេច ក្នុង​ដំណើរការ​បោះបង្គោល​ព្រំដែន ដូចជា​យក​ឯកសារ​មិន​ត្រឹមត្រូវ​មកប្រើប្រាស់​ក្នុង​បញ្ហា​ព្រំដែន ជាហេតុ​នាំឱ្យមាន​ការភាន់ច្រឡំ ក្នុង​មតិសាធារណៈ លើ​គោលនយោបាយ​និង​ការអនុវត្ត​កន្លងមក​របស់​រាជរ​ដ្ឋា​ភិ​បាល​។​អាស្រ័យ​ហេតុ​​នេះ ខ្ញុំ​សូម​សម្តេច​តេ​ជោ មេត្តា​ពិចារណា​ដោ​យស​ក្តី​យោគយល់ ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន លើកលែងទោស​ដល់​រូបខ្ញុំ ឱ្យមាន​សេរីភាព​ជួបជុំ​ក្រុមគ្រួសារ និង​បាន​ចេញទៅ​ព្យាបាល​ជំងឺ​ប្រចាំកាយ​នៅ​ប្រទេស​បារាំង​ដោយ​ក្តី​អនុគ្រោះ​»​។​

​លោក ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ពាក់កណ្តាល​ខែសីហា ឆ្នាំ​២០១៥ បន្ទាប់ពី​លោក​បាន​បង្ហោះ​នូវ​ឯកសារ​ក្លែងក្លាយ​មួយ ស្តីពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម នៅលើ​ទំព័រ Facebook របស់លោក សម រង្ស៊ី ហើយ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស រួមមាន​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម បង្ហោះ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់ លោក សម រង្ស៊ី​។​

​លោក ហុង សុខ​ហួរ ត្រូវ​តុលាការ​កាត់ទោស​ដាក់ពន្ធនាគា​រ​៧​ឆ្នាំ កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៦៕​ដោយ​៖MN/​វាសនា