ព្រះមហាក្សត្រ​ស្តេចយាង​ចូលរួម​ពិធី​ឡើង​គ្រង​រាជ​របស់​ព្រះ​ចៅ​អធិរាជ​ថ្មី​របស់​ជប៉ុន Naruhito

262
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩​នេះ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ស្ដេចយាង​ចាក​ចេញពី​កម្ពុជា ដើម្បី​ចូលរួម​ពិធី​ឡើង​គ្រង​រាជ​ព្រះ​ចៅ​អធិរាជ​ថ្មី​របស់​ជប៉ុន Naruhito​។​

​អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ រួមមាន សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធ​, សម្ដេច​អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​, សម្ដេច​អគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​រាជវង្សានុវង្ស និង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ជាច្រើនរូប​ទៀត​។ ដោយឡែក​ឯកអគ្គរដ្ឋទូត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ក៏មាន​វត្តមាន​ក្នុងឱកាស​នៃ​ដែរ​។​

​ព្រះ​រាជពិធី​សោយរាជ្យ​សម្បត្តិ​ផ្លូវការ​របស់​ព្រះ​ចៅ​អធិរាជ​ថ្មី​របស់​ជប៉ុន នឹងធ្វើ​ឡើង​តាម​ប្រពៃណី​ជប៉ុន នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩​។​

​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ថ្មី Naruhito បាន​ឡើង​គ្រង រាជសម្បត្តិ Chrysanthemum Throne កាលពី​ថ្ងៃទី​១ ខែឧសភា​កន្លងទៅ បន្ទាប់ពី​ព្រះបិតា​របស់​ទ្រង់ Akihito មាន​ព្រះជន្ម ៨៥​ព្រះវស្សា បាន សម្រេច​ព្រះទ័យ​ដាក់រាជ្យ ដោយសារតែ​បញ្ហា​ព្រះរាជសុខភាព​។

​ព្រះ​ចៅ Akihito គឺជា​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ទី​១២៥ ហើយ​ទ្រង់​បាន​ក្លាយជា​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ដំបូង​គេ​បំផុត ដែល​ដាក់រាជ្យ​ក្នុង​រយៈពេល​ជាង​២០០​ឆ្នាំ​មកនេះ ។ ចំណែកឯ​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ថ្មី Naruhito បានចាប់ផ្ដើម​រជ្ជកាល Reiwa របស់​ព្រះ​អង្គជា​ផ្លូវការ ក្នុងនាម​ជា​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ទី​១២៦ កាលពី​ថ្ងៃទី​៣ ខែឧសភា​៕ ល​