ព្រះមហាក្សត្រ​អំពាវនាវ​ដល់​ប្រជារាស្ត្រ​ខ្មែរ សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃទី​២៩​កក្កដា​

1420
ចែករម្លែក
  • 127
    Shares

ដោយ​:​ម៉េង​ឆៃ​/​ភ្នំពេញ​: ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជា ណា​ចក្រ កម្ពុជា​បានចេញ​ព្រះរាជសារ ជូន​ជនរួមជាតិ ដោយ​ព្រះអង្គ បាន​អំពាវនាវ​ដល់​ប្រជារាស្ត្រ​ខ្មែរ​ដែល​មាន សិទ្ធិ​បោះឆ្នោត​ទាំងអស់ សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​​ព្រះរាជសារ​​របស់​ព្រះករុណា​ព្រះមហាក្សត្រ បានធ្វើ​ឡើងកាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨​ហើយ​ទើប​ត្រូវបាន ផ្សព្វផ្សាយ កាលពី​រសៀល​ថ្ងៃទី​៥ ខែមិថុនា ។

ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជា ណា​ចក្រ កម្ពុជា​

​ក្នុង​ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​មានបន្ទូលថា​”​ការបោះ ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។ ក្នុងឱកាស​នេះ​ខ្ញុំ​សូម​អំពាវនាវ​ជា​ឱឡារិក​ជូន​ជនរួមជាតិ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់​សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ជ្រើសរើស​អ្នកដឹកនាំ​ប្រទេសជាតិ​ដើម្បី​ការអភិវឌ្ឍ​និង​ការរីកចម្រើន​រុងរឿង​ថ្កើ​ន​ថ្កាន​លើ​គ្រប់​វិស័យ​”​។​

​ព្រះរាជសារ​ដដែល​បន្ត​ថា “​ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គឺជា​ការបោះឆ្នោត​ជាទូទៅ ជាស​កល ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និង​ដោយ​សម្ងាត់ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​។ ដូចនេះ សូមកុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ការគាបសង្កត់ ការគំរាមកំហែង ឬ​សម្លុត​ពី​ជនណាម្នាក់ ឬ​បក្សនយោបាយ​ណាមួយ​ឲ្យ​សោះ​”​។​

​ព្រះករុណា បាន​គូសបញ្ជាក់​ក្នុង​ព្រះរាជសារ​ថា “​ខ្ញុំ​សូម​ជូន​ជនរួមជាតិ​ទាំងអស់ មេត្តា​ប្រើ​សិទ្ធិសេរីភាព​បោះ​ឆ្នោត ទៅតាម​សិត​សម្បជញ្ញៈ​របស់ខ្លួន​ម្នាក់ៗ ដែលមាន​ទំនុកចិត្ត​ទៅលើ​បេក្ខជន​ណា​ម្នាក់ គណបក្ស​នយោ​បបាយ​​ណាមួយ ដោយ​សេរី​”​។​

​សូម​រម្លឹកថា​គ្រប់​នយោបាយ​ទាំង​២០​គណបក្ស​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា​និង​រាជរដ្ឋាភិបាល​ក៏បាន​ប្រកាស​អំពាវនាវ​និង​ធ្វើ​យុទ្ធនាការ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​ជាង ៨​លាន ៣​សែន​នាក់ អញ្ជើញ​ទៅ​បោះឆ្នោត នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ខាងមុខ ដើម្បី​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​អាណត្តិ​ទី​៦ តាម​ឆន្ទៈ​រៀងៗ​ខ្លួន​៕​មន​