ព្រះមហាក្សត្រ ចេញព្រះរាជក្រម ប្រកាសឲ្យប្រើច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩

894
ចែករម្លែក
  • 31
    Shares

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រម ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ប្រកាសឲ្យប្រើច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ (រូបថតៈឯកសារ)

ក្រៅពីប្រកាសឲ្យប្រើច្បាប់ ពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ព្រះមហាក្សត្រ ក៏បានចេញញព្រះរាជក្រម ឲ្យប្រើច្បាប់មួយចំនួនទៀត រួមមានៈ ច្បាប់ស្តីពីការទូទាត់ថវិការបស់រដ្ឋ សម្រាប់ឆ្នាំ២០១៧, និងច្បាប់ស្តីពីការ អនុម័ត យល់ព្រមលើ៖
១. កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិ បាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការចៀសវាង យក ពន្ធត្រួត គ្នា និងការបង្ការកិបកេងបន្លំ ពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល។
២.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិ បាល នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ស្តីពីការចៀសវាងយកពន្ធត្រួតគ្នា និងការបង្ការកិបកេងបន្លំ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងច្បាប់ស្តីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។
នៅក្នុងព្រះរាជក្រម បានបញ្ជាក់ថា ច្បាប់ទាំងអស់នេះ ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់ លើទម្រង់ និងគតិច្បាប់ទាំងស្រុង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសម័យប្រជុំពេញអង្គលើកទី២ នីតិកាលទី៤ ។
សូមរម្លឹកថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រជុំពិភាក្សា និងអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ ដែលរាជរដ្ឋាភិបាល គ្រោងនឹងចំណាយសរុបថវិការដ្ឋ ឬចំណាយសរុបថវិកាជាតិ នៅឆ្នាំ២០១៩ ចំនួន ២៧.១៦៤.៩៩៦ លានរៀល ស្មើប្រមាណជាង ៦.៦៥១ លានដុល្លារអាមេរិក។ ពោលគឺកើន ១១,៤% ធៀបនឹងច្បាប់ថវិកា ឆ្នាំ២០១៨។

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ ឬសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៩ ត្រូវបានបែងចែង ទៅតាមវិស័យសំខាន់ៗ ៤ រួមមាន៖ ១-វិស័យរដ្ឋបាលទូទៅ ២-វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ៣-វិស័យសង្គមកិច្ច និង៤-វិស័យសេដ្ឋកិច្ច។

ខ្លឹមសារសង្ខេបប្រតិបត្តិ ស្តីពីសេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ បានលើកបង្ហាញពីថវិកាថ្នាក់ជាតិ ត្រូវបានបែងចែកទៅតាមវិស័យទាំងបួន រួមមាន ១-វិស័យរដ្ឋបាលទូទៅ៖ គ្រោងចំណាយសរុប ២.៤៦៣.៥៤២ លានរៀល ស្មើប្រមាណជាង ៦០៣ លានដុល្លារអាម៉េរិក។ ២-វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៖ គ្រោងចំណាយសរុបចំនួន ៤.៤២៥.១៥០ លានរៀល ស្មើប្រមាណជាង ១.០៨៣ លានដុល្លារ។ ៣-វិស័យសង្គមកិច្ច៖ គ្រោងនឹងចំណាយចំនួន ៧.២៤៩.៤១៨ លានរៀល ស្មើប្រមាណជាង ១.៧៧៥ លានដុល្លារ។ ៤-វិស័យសេដ្ឋកិច្ច៖ គ្រោងនឹងចំណាយចំនួន ៦.៦២០.៤៥៩ លានរៀល ស្មើប្រមាណជាង ១.៦២១ លានដុល្លារ។

ជាមួយគ្នានោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានប្រកាសផ្សព្វផ្សាយពីទំហំចំណាយថវិកាសរុបរបស់ក្រសួង ចំនួន ១៣ នៅឆ្នាំ២០១៩ ដែលរាជរដ្ឋាភិបាល រៀបចំបែងចែកចំណាយជាអាទិភាព រួមមាន៖ ១-ក្រសួងអប់រំ យុវជន និងកីឡា៖ ចំនួន ៣.៦៦១.៦៧០ លានរៀល ស្មើប្រមាណជាង ៨៩៦ លានដុល្លារ។ ២-ក្រសួងការពារជាតិ៖ ចំនួន ២.៤១៦.៤៣៨ លានរៀល ស្មើប្រមាណជាង ៥៩១ លានដុល្លារ។ ៣-ក្រសួងមហាផ្ទៃ៖ ចំនួន ១.៨៥១.៣៨៦ លានរៀល ស្មើប្រមាណជាង ៤៥៣ លានដុល្លារ។ ៤-ក្រសួងសុខាភិបាល៖ ចំនួន ១.៨២០.៩២៥ លានរៀល ស្មើប្រមាណជាង ៤៤៥ លានដុល្លារ។ ៥-ក្រសួងសាធារណការ និងដឹកជញ្ជូន៖ ចំនួន ២.៩៩៤.៣២៣ លានរៀល ស្មើប្រមាណជាង ៧៣៣ លានដុល្លារ។ ៦-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៖ ចំនួន ១.០០៧.៣៩១ លានរៀល ស្មើប្រមាណជាង ២៤៦ លានដុល្លារ។ ៧-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ចំនួន ៨២៨.៥១៥ លានរៀល ស្មើប្រមាណជាង ២០២ លានដុល្លារ។ ៨-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ ចំនួន ៤៦៦.១២៨ លានរៀល ស្មើប្រមាណជាង ១១៤ លានដុល្លារ។ ៩-ក្រសួងរ៉ែ និងថាមពល៖ ចំនួន ៥១៧.១៩៥ លានរៀល ស្មើប្រមាណជាង ១២៦ លានដុល្លារ។ ១០-ក្រសួងអភិវឌ្ឍន៍ជនបទ៖ ចំនួន ៧៤៩.០៩៦ លានរៀល ស្មើប្រមាណជាង ១៨៣ លានដុល្លារ។ ១១-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ ចំនួន ២០៧.៨៤៦ លានរៀល ស្មើប្រមាណជាង ៥០ លានដុល្លារ។ ១២-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖ ចំនួន ១៩០.៥៩២ លានរៀល ស្មើប្រមាណជាង ៤៦ លានដុល្លារ និង១៣-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ចំនួន ២៥៨.៨៦០ លានរៀល ស្មើប្រមាណជាង ៦៣ លានដុល្លារ។

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ ក៏បានកំណត់ពីការចំណាយរបស់រាជរដ្ឋាភិបាល លើការដំឡើងប្រាក់ខែមន្ត្រីរាជការ ២ដង នៅឆ្នាំ២០១៩ គឺនៅខែមករា និងនៅខែមេសា ផងដែរ៕ ល