ព្រះមហាក្សត្រ និង​សម្ដេចម៉ែ ផ្ញើ​ព្រះរាជសារ​អបអរសាទរ​សម្ដេច​តេ​ជោ ​

288

(​ភ្នំពេញ​) ៖ សម្តេចព្រះ​មហាក្សត្រី ន​រោ​ត្ដម មុនិនាថ សីហមុនី និង ព្រះករុណា សម្ដេច ព្រះបាទ ន​រោ​ត្ដម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​​ណា​ចក្រ​កម្ពុជា ទ្រង់​បាន​ផ្ញើ​ព្រះរាជសារ​អបអរសាទរ​ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្នុងឱកាស​ដែល​សម្ដេច​ត្រូវ​​បាន​ក្រុមប្រឹក្សា​ទេសចរណ៍​និង​ពាណិជ្ជកម្ម​អឺរ៉ុប ជ្រើសតាំង​ជា «​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិភពលោក សម្រាប់​វិស័យ​ទេសចរណ៍​និង​គោល​​ដៅ​នៃ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​» កាល​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៧​។​
​ ​
​នៅក្នុង​ព្រះរាជសារ ទ្រង់​ទាំង​២​ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូល​ល​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​ដំណឹង​ដ៏​ប្រពៃ​ខាងលើនេះ និង​សូម​កោតសរសើរ​ដ៏​កក់ក្ដៅ ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ដែលមាន​គុណបំណាច់​ដ៏​ថ្លៃថ្លា វីរៈភាព​ដ៏​ឧត្តុង្គឧត្តម​និង​ជា​​អគ្គ​មគ្គុទេសក៍​ដឹកនាំ​ប្រទេស​ដ៏​ឆ្នើម​បំផុត​លើ​គ្រប់​វិស័យ ប្រកបដោយ​គតិបណ្ឌិត និង​សក្ដានុពល នាំមក​នូវ​ជោគជ័យ​ដ៏​ត្រចះត្រចង់ ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សុខសន្ដិភាព ស្ថិរភាព​សង្គម និង​ជាការ​អភិវឌ្ឍន៍​ជាតិ​រីកចម្រើន​ជា​លំដាប់​”​។​
​ ​
​ជាមួយគ្នានេះ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ផ្ញើ​សារលិខិត​ថ្លែង​អំណរ​ព្រះរាជ​គុណ​ជូន​ចំពោះ​ទ្រង់​ទាំង​២​ព្រះអង្គ ដែល​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន និង​ការអបអរសាទរ ប្រសិទ្ធិ​ពរ​បវ​មហាប្រសើរ​ចំពោះ​សម្ដេច​ដែល​ត្រូវបាន​​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប ជ្រើសតាំង​ជា «​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិភពលោក សម្រាប់​វិស័យ​ទេសចរណ៍​និង​គោលដៅ​​នៃ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​» នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ​។​
​ ​
​នៅក្នុង​សារលិខិត​ថ្លែង​អំណរ​ព្រះរាជ​គុណ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “​មហា​កិត្តិយស​ដ៏​អស្ចារ្យ​ដែល​ទូល​​ព្រះ​បង្គំ​ជា​ខ្ញុំ​ទទួលបាន​នាឱកាស​នេះ គឺ​ពិតជា​មិនអាច​កាត់ផ្ដាច់​ពី ព្រះករុណា​ទិ​គុណ បុណ្យ​បារមី នៃ​ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សកា្ក​រៈ ដ៏​ខ្ពង់​ខ្ពស់បំផុត ដែល​ព្រះអង្គ​ស្ដេច​ទ្រង់ បំពេញ​ព្រះរាជ​បូ​ជ​និ​យ​កិច្ច​ប្រកបដោយ​ព្រះ​ទសពិធរាជធម៌​បង្កលក្ខណៈ​​ត្រជាក់ត្រជំ រួមទាំង​ប្រជាពលរដ្ឋ​ព្រះសង្ឃ មន្ដ្រីរាជការ ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ពិសេស​ភរិយា​ដ៏​ឧត្តុង្គឧត្តម​របស់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ដែល​បាន​បូជា​កម្លាំងកាយ ប្រាជ្ញា សារ​តី ដើម្បី​រួច​គ្នា​អភិវឌ្ឍន៍​ពូន​ជ្រំ​សុខសន្ដិភាព ស្ថេរភាព​នយោបាយ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​ស្នេហា​បំផុត​នៃ​យើង​បានឡើយ​”៕​ដោយ​៖​វិបុល​/sn